កម្ពុជា

ស្ថានទូតអាមេរិកថា កឹម សុខា គ្មានកំហុសនិងជាប់ឃុំដោយអយុត្តិធម៌

ស្ថានទូតសហរដ្ឋអាមេរិក បានចេញមុខ មកអះអាងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ ក្នុងគេហដ្ឋានសព្វថ្ងៃ គឺជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមបទចោទប្រកាន់មិនពិត។

ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតប្រទេសមហាអំណាច បានអះអាងយ៉ាងដូច្នេះ កាលពីប៉ុន្មាននាទីមុន ដោយរំឭកមកបញ្ជាក់ថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែហើយ ពោលគឺមានរយៈពេល ៥៣០ ថ្ងៃ នៃការជាប់ឃុំ។

ស្ថានទូតបានបន្តអះអាងថា៖

«មិនមានភស្តុតាងណាមួយ ប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់ [មាន] ការកំណត់ [ដើម្បី]បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។ តើអ្នកកំពុងមើលឃើញរូបភាពរួមទេ?»

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានកងកម្លាំងអាជ្ញាធរ ចូលទៅចាប់ខ្លួន ដល់ក្នុងគេហដ្ឋាន កាលពីយប់ថ្ងៃទី២ ចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ មុននឹងបញ្ជូនខ្លួនលោក ទៅឃុំក្នុងពន្ធនាគារត្រពាំងថ្លុង ជិតព្រំដែនវៀតណាម។

នៅមួយឆ្នាំក្រោយមក មេដឹកនាំប្រឆាំងរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ ផ្ទេរការឃុំខ្លួននេះ មកនៅក្នុងគេហដ្ឋានរបស់លោកវិញ ឯរាជធានីភ្នំពេញ។

មកដល់ពេលនេះ សំណុំរឿងរបស់លោក កឹម សុខា បានអូសបន្លាយពេល ប្រមាណជិត១ឆ្នាំកន្លះហើយ និងកំពុងស្ថិតក្នុងដំណាក់កាល នៃការស៊ើបសួរនៅឡើយ។

នៅក្នុងសារឯកជនមួយ ដែលត្រូវបានបញ្ជូន ទៅឲ្យមន្ត្រីជំនិតរបស់លោក ហើយដែលត្រូវបានបែកធ្លាយកាលពីម្សិលម៉ិញ មកដល់ដៃអ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ជាពិសេសពីសហភាពអ៊ឺរ៉ុប នឹងបង្កភាពងាយស្រួលកាន់តែខ្លាំង សម្រាប់រូបលោក ព្រោះនឹងគ្មាននរណា មកចលនាឲ្យលោក​លើកលែងទោស ឲ្យ«អា កឹម សុខា» និង«អា សម រង្ស៊ី»​បានទៀតដែរ៕  

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។