ប្រតិកម្មនឹងការចាប់ចងពលរដ្ឋ ដែលធ្វើឡើង ដោយអាជ្ញាធររបបក្រុងភ្នំពេញ បានធ្លាក់ចុះមកជាបន្តបន្ទាប់ ជាពិសេស ប្រតិកម្មរបស់មន្ត្រីផ្លូវការ របស់អង្គការសហប្រជាជាតិ (UN – អ.ស.ប) ដែលមានជំនាញខាងសិទ្ធិមនុស្ស។
អ្នកស្រី ម៉ារី លោវល័រ (Mary Lowlor) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ជំនាញខាងសិទ្ធិមនុស្សសាកល បានបង្ហោះសារជាបន្តបន្ទាប់ និងចំនួនពីរថ្ងៃជាប់គ្នា ជុំវិញព្រឹត្តិការណ៍ចាប់ចង់មនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយអ្នកស្រីបានប្រើពាក្យថា ក្រុមអាជ្ញាធរ នៃរបបក្រុងភ្នំពេញ កំពុង«លាបពណ៌»សកម្មភាព របស់ក្រុមយុវជន និងពលរដ្ឋ ដែលគ្រាន់តែធ្វើការទាមទារ ដោយសន្តិវិធីប៉ុណ្ណោះ។
នៅលើទំព័រទ្វីសធើរផ្លូវការ កាលពីប៉ុន្មានម៉ោងមុន អ្នកស្រី លោវល័រ បានសរសេរថា៖
«ខ្ញុំមានការព្រួយបារម្ភ ជាពន់ពេក នៅចំពោះព័ត៌មានដែលឲ្យដឹងថា អាជ្ញាធរកម្ពុជាកំពុងលាបពណ៌ ថាជាទង្វើខុសច្បាប់ ទៅលើសកម្មភាពដោយអហិង្សា របស់ក្រុមយុវជនខ្មែរថាវរៈ និងក្រុមសកម្មជនមាតាធម្មជាតិ។ ខ្ញុំក៏បានទទួលរបាយការណ៍មកដែរ អំពីគម្រោងចុះត្រួតពិនិត្យ ទៅលើអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត និងរបាយការណ៍ ដែលចង្អុលបង្ហាញថា ក្រុមអ្នកការពារសិទ្ធិមនុស្ស ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំ នៅឯពន្ធនាគារ។»
ប៉ុន្តែនៅមុននេះបន្តិច អ្នកស្រីបានបញ្ជាក់បន្ថែម អំពីចំនួនមនុស្សជាក់លាក់ ថាមានចំនួន៧នាក់ ដែលត្រូវបានឃាត់ខ្លួន។ អ្នកស្រីបានសរសេរថា៖
«ខ្ញុំបានទទួលដំណឹង គួរឲ្យរន្ធត់ថា ក្រុមសកម្មជនការពារសិទ្ធិមនុស្ស ចំនួន៧នាក់ ត្រូវបានចាប់ឃុំខ្លួន នៅក្នុងប្រទេសកម្ពុជា។ ខ្ញុំបានដឹងទៀតថា សកម្មនារីការពារសិទ្ធិមនុស្ស កញ្ញា អេង ម៉ាឡៃ (ហៅ សូ មេត្តា) ត្រូវបានឃាត់ខ្លួន ភ្លាមៗបន្ទាប់ពីនាង បានចូលជួបមន្ត្រីអង្គការសហប្រជាជាតិ ក្នុងការិយាល័យ ប្រចាំរាជធានីភ្នំពេញ។»
កាលពីថ្ងៃអាទិត្យ អ្នកស្រីបានលើកឡើង អំពីការទទួលរបាយការណ៍ ប្រហាក់ប្រហែលគ្នា និងបានគូសបញ្ជាក់ថា៖
«ការតវ៉ាដោយសន្តិវិធី មិនមែនជាឧក្រិដ្ឋកម្មទេ។»
រាប់ពីដើមខែកញ្ញា មកត្រឹមថ្ងៃអង្គារ (ទី៨ ខែកញ្ញា) នេះ ក្រុមយុវជន៧នាក់ ក្នុងនោះមានព្រះសង្ឃមួយអង្គ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ក្រោមបទញុះញង់ ឲ្យបង្កភាពវឹកវរដល់សន្តិសុខសង្គម។
ពួកគេទាំង៧រូប រួមមាន៖
ចំនួនសកម្មជន ទាំង៧នាក់ខាងលើ នៅមិនទាន់រាប់បញ្ចូល យុវជន គា សុគន្ធ ម្ចាស់បទចម្រៀង «Rap» មួយរូប ដែលត្រូវបានចាប់ខ្លួន ក្នុងខេត្តសៀមរាប កាលពីចុងសប្ដាហ៍មុន និងលោក គង់ សំអាន អតីតសកម្មជនគណបក្សសង្គ្រោះជាតិមួយរូបទៀត ដែលទើបត្រូវបានចាប់ខ្លួន ក្នុងខេត្តត្បូងឃ្មុំ កាលពីថ្ងៃចន្ទ។ ក្នុងថ្ងៃចន្ទនេះដដែល យុវជនម្នាក់ផ្សេង ឈ្មោះ ឡុញ សូម៉ានី ដែលស្និតគណបក្សប្រឆាំង ត្រូវបានក្រុមជនពាល លួចវាយប្រហារ ឲ្យរងរបួសជាទម្ងន់។
សម្រាប់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា អ្នកស្រីស្រី រ៉ូណា ស្មីត (Rhona Smith) បានបង្ហាញ ប្រតិកម្មនឹងការចាប់ចងពលរដ្ឋ ប្រហាក់ប្រហែលនឹងអ្នកស្រី ម៉ារី លោវល័រ ដែរ។ តែអ្នកស្រីបានស្នើ ឲ្យអាជ្ញាធររបបក្រុងភ្នំពេញ ត្រូវធានាសិទ្ធិសេរីភាព របស់ពលរដ្ឋកម្ពុជា ដែលត្រូវបានការពារ ដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជា។
តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ អ្នកស្រី រ៉ូណា ស្មីត បានសរសេរថា៖
«សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ បង្កើតសមាគម និងការជួបជុំដោយសន្តិវិធី ត្រូវបានការពារ ដោយនិយាម និងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជារដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។ ខ្ញុំសូមលើកទឹកចិត្ត ដល់អាជ្ញាធរកម្ពុជា ធានាថាសិទ្ធិទាំងនេះ ត្រូវបានគោរព និងការពារ ហើយបង្កើតបរិយាកាសមួយ ដែលបុគ្គលម្នាក់ៗ អាចអនុវត្តសិទ្ធិទាំងនេះ។»
អ្នកស្រីបន្តថា៖
«ខ្ញុំសូមជំរុញឱ្យបញ្ជូនអ្នក ដែលត្រូវបានចាប់ខ្លួនទាំងនោះ ទៅតុលាការ ហើយត្រូវគោរព ឲ្យបានពេញលេញ នូវសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ របស់ពួកគេ។ ខ្ញុំកំពុងតាមដាន ព្រឹត្តិការណ៍ទាំងនេះ យ៉ាងដិតដល់ នៅក្នុងប្រទេសកម្ពុជា៕»