កម្ពុជា

អ.ស.ប នៅកម្ពុជា ប្រាប់​កុំឱ្យ​រើសអើង​អ្នកជំងឺ​«Covid-19»

នៅចំពោះការហក់ឡើង នៃការរីករាលដាល នៃអ្នកជំងឺ«Covid-19» នៅក្នុងប្រទេស​កម្ពុជា ការិយាល័យទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំ​នៅរាជធានីភ្នំពេញ បានបង្ហោះសារមួយបញ្ជាក់ថា មិនត្រូវបញ្ឆេះ​​ឲ្យមានការរើសអើង​ក្នុងសង្គម ជុំវិញជំងឺ«Covid-19»នេះឡើយ។

សាររបស់ការិយាល័យ តំណាងអង្គការសហប្រជាជាតិ ធ្វើឡើងនៅលើបណ្ដាញសង្គម (ទាំងហ្វេសប៊ុក និងទ្វីសធើរ) ដោយមានន័យ​ជាអាទិ៍ថា៖

«ការមាក់ងាយ​ក្នុងសង្គម ក្នុងបរិបទសុខភាព គឺជាការផ្សារភ្ជាប់​ទំនាក់ទំនងអវិជ្ជមាន រវាងមនុស្សម្នាក់ ឬក្រុមមនុស្ស ដែលមានចរិតលក្ខណៈមួយចំនួន ទៅនឹងជំងឺ​ជាក់លាក់​មួយ។ បញ្ហានេះ អាចនាំឱ្យមានការរើសអើង និងអាចជះឥទ្ធិពលមិនល្អ ដល់អ្នក​ដែល​មានជំងឺ អ្នកថែទាំ គ្រួសារ មិត្តភក្តិ និងសហគមន៍របស់ពួកគេ។»

ការិយាល័យទទួលបន្ទុក«សិទ្ធិមនុស្ស» របស់អង្គការ​ពិភពលោក​មួយនេះ បានបន្តថា៖

«សូមកុំបញ្ឆេះ ឲ្យមានការមាក់ងាយ​ក្នុងសង្គម ជុំវិញជំងឺ កូវីដ-១៩ នេះឲ្យសោះ។ យើងរួបរួមគ្នា យើងកាន់តែរឹងមាំ។»

(English version below) – SOCIAL STIGMA ASSOCIATED WITH COVID-19 ការមាក់ងាយក្នុងសង្គមក្នុងបរិបទសុខភាព…

Posted by United Nations Human Rights in Cambodia on Wednesday, March 18, 2020


មកទល់នឹងម៉ោងនេះ ប្រទេសកម្ពុជា បានបញ្ចេញតួលេខផ្លូវការ អះអាងថា អ្នកឆ្លង​មេរោគ «Covid-19» បានកើនឡើង រហូតដល់៣៧នាក់ ពីក្នុងចំណោម​បណ្ដាជន ​ជាង១១០០នាក់ ដែលទទួលបាន​ការធ្វើតេស្ដិ៍។

យ៉ាងណា អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានសំដែងក្ដីបារម្ភថា ចំនួនអ្នកឆ្លងមេរោគដ៏ចង្រៃ អាចមានចំនួនលើសនេះ ៣ដង បើគ្រាន់តែគណនាថា គ្រួសារមួយ​នៃអ្នកជំងឺម្នាក់ មានសមាជិកយ៉ាងហោច ៣នាក់ ដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ៕

រហូតម៉ោង​ ១០:៣០យប់ ថ្ងៃទី​ ១៨​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID19-19 សរុបទាំងអស់ចំនួន​ ៣៧ករណី​,​…

Posted by នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC on Wednesday, March 18, 2020
ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។