ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ចំនួន៤ ដែលប្រទេសទួរគី បានចុះកិច្ចព្រមព្រៀង«សម្ងាត់»ជាមួយ ដើម្បីធ្វើការចាប់ពង្រត់សកម្មជនប្រឆាំង ដែលរត់គេចខ្លួន នៅក្រៅប្រទេស។ នេះ បើតាមរបាយការណ៍រួមមួយ របស់អ្នករាយការណ៍បួននាក់ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានដកស្រង់ យកមកចុះផ្សាយ ដោយសារព័ត៌មានទួរគី ឈ្មោះ «Alarabiya.Net»។
របាយការណ៍ចុះថ្ងៃខែ តាំងពីដើមខែឧសភា និងដែលត្រូវបានបែកធ្លាយ នៅប៉ុន្មានថ្ងៃនេះ បានសរសេរឲ្យដឹងថា កិច្ចព្រមព្រៀង«សម្ងាត់»នោះ ត្រូវបានប្រទេសទួរគី ធ្វើជាមួយប្រទេស អាល់ហ្សែប៊ៃហ្សង់ អាល់បានី កម្ពុជា និងប្រទេសហ្គាបុង ដែលសុទ្ធសឹងជា«ប្រទេស ដែលអង្គការសហប្រជាជាតិ តែងទទួលរបាយការណ៍ញឹកញាប់ អំពីការរំលោភសិទ្ធិមនុស្ស»។
កិច្ចព្រមព្រៀងសម្ងាត់នោះ សរសេរឡើង ក្រោមលេស«កិច្ចសហប្រតិបត្តិការ ស្ដីពីសន្តិសុខ» ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលទួរគី មានអំណាច ក្នុងការចាប់ពង្រត់ ឬបញ្ចូនខ្លួនក្រុមប្រឆាំង ដោយការចាប់បង្ខំ ពីក្នុងប្រទេស«រួមគំនិត» មកកាន់ប្រទេសទួរគី។
អ្នកជំនាញទាំងបួននាក់ បានអះអាងថា ដោយមានការបើកដៃ ពីបណ្ដារដ្ឋខាងលើ រដ្ឋាភិបាលទួរគីបានចាប់បញ្ជូនខ្លួន ទាំងបង្ខំ នូវបណ្ដាជនជំទាស់ ប្រមាណជាង១០០នាក់ ក្នុងនោះ ៤០នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង។ ភាគច្រើន ពីក្នុងចំណោមនោះ ត្រូវបានចាប់ពង្រត់ នៅតាមដងផ្លូវ និងនៅក្នុងលំនៅដ្ឋាន របស់ពួកគេ។
របាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្រៅពីប្រទេសទាំង៤ខាងលើ ប្រទេសទួរគី នៅតាមប្រមាញ់ពលរដ្ឋខ្លួន នៅក្នុងប្រទេសជាច្រើនផ្សេងទៀត ដូចជានៅក្នុង ប្រទេសអាហ្វហ្គានីស្ដង់ កូសូវូ កាហ្សាក់ស្ដង់ លីបង់ និងប្រទេសប៉ាគីស្ដង់ជាដើម។
របាយការណ៍បានស្រង់សំដីសាក្សី មករៀបរាប់ថា សកម្មជនជំទាស់ ដែលមានវាសនា ត្រូវបានចាប់ពង្រត់ បានរងនូវការធ្វើទារុណកម្ម ដូចជាបង្អត់អាហារ ចាប់ជ្រមុជទឹក ចាប់ឆក់ខ្សែភ្លើង ឬការវាយទាត់ធាត់ ដើម្បីទទួលបានការសារភាព ដោយបង្ខំ។ ការសារភាពរបស់ជនរងគ្រោះ ទោះពិត ឬមិនពិតក្ដី នឹងក្លាយជាបន្ទុក ដើម្បីចោទប្រកាន់ខ្លួនគេវិញ នៅក្នុងតុលាការទួរគី។
មិនអាចស្វែងរកប្រតិកម្ម ពីមន្ត្រីរដ្ឋាភិបាលកម្ពុជា ក្នុងពេលភ្លាមៗបានទេ។ តែសម្រាប់ប្រទេសទួរគីវិញ បានច្រានចោល ការរៀបរាប់ខាងលើ ដែលខ្លួនចាត់ទុកថា ធ្វើឡើង ដោយ«គ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ»៕