វីដេអូ ពីនេះពីនោះ

យុវតីជំទង់«ជាប់គូទ»ក្នុងទោងកូនក្មេង ពេលថត​បង្ហោះ​ក្នុង«TikTok»

យុវតីអង់គ្លេស​អាយុ១៤ឆ្នាំម្នាក់ បាន«ជាប់គូទ»​នៅក្នុងប្រឡោះទោង ដែលគេធ្វើដើម្បីសុវត្ថិភាពកូនក្មេង នៅក្នុងទីធ្លាកម្សាន្ដ​មួយ​កន្លែង​នៅក្បែរផ្ទះ។ កញ្ញា «Layani Maclean» ដែលជាតារាល្បី​​នៅក្នុងបណ្ដាញចែកចាយវីដេអូ «TikTok» ត្រូវរង់ចាំអស់ជាងមួយម៉ោង ទម្រាំក្រុមអ្នកជួយសង្គ្រោះ ជួយយកនាងចេញពីប្រឡោះនោះ ដោយមានជំនួយពី… ទឹកសាប៊ូលាងចាន។

រឿងរ៉ាវកើតឡើង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០នេះ ក្នុងក្រុង«Faringdon» (Oxfordshire) ចំងាយប្រមាណ​ជាង​១០០គីឡូម៉ែត្រ ភាគខាងលិចរាជធានីឡុងដ៍ បន្ទាប់ពីកញ្ញាវ័យក្មេង ព្យាយាមប្រើទោង​ជិះបង្វិលខ្លួន ដើម្បីថតបង្ហោះក្នុងគណនី​«TikTok»​របស់នាង។

ដំបូងឡើយ ម្ដាយរបស់យុវតីជំទង់ អ្នកស្រី​«Charlie» បានព្យាយាមជួយ​កូនស្រីរបស់ខ្លួនដែរ តែអ្នកស្រីទាល់តម្រិះ ទើបសម្រេចចិត្ត​ហៅក្រុមអ្នកជួយសង្គ្រោះ ឲ្យធ្វើអន្តរាគមន៍។ អ្នកស្រីត្រូវបានសារព័ត៌មាន «Daily Mail» ស្រង់សំដីមកចុះផ្សាយថា៖

«ខ្ញុំដឹងរឿងវា”ជាប់គូទ”នេះ តាមអ្នកជិតខាងម្នាក់។ ដំបូង ខ្ញុំស្ដាប់ទៅគួរឲ្យផ្ទុះសំណើច។ តែនៅពេលមកដល់ និងបានឃើញផ្ទាល់ ទើបដឹងថា រឿងរ៉ាវដូចជាធ្ងន់ធ្ងរគួរសម។»

បន្ទាប់ពីបានរួចគូទពីប្រឡោះទោង កញ្ញា «Layani Maclean» បានសន្យាទាំងសប្បាយចិត្តថា នាងនឹងធ្វើនំ ដើម្បីអញ្ជើញក្រុម​អ្នកជួយសង្គ្រោះទាំងនេះ មកពិសារជុំគ្នា នៅពេលក្រោយ៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: TikTokUK