ស្ថានទូតសហរដ្ឋអាមេរិកពិតជាមានសិទ្ធិ ក្នុងកិច្ចអន្តរាគមន៍លូកដៃ ចូលករណីលោក កឹម សុខា ដោយសារ«ហេតុផលពីរយ៉ាង»។ នេះ បើតាមការអះអាងរបស់អ្នកនាំពាក្យស្ថានទូត នៃប្រទេសមហាអំណាច ប្រចាំក្នុងរាជធានីភ្នំពេញ ដើម្បីប្រតិកម្មតបទៅសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយ កាលពីចុងសប្ដាហ៍កន្លងមក។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី ក្នុងថ្ងៃអាទិត្យទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីអ្នកនាំពាក្យស្ថានទូត លោក អារិន ឆ្វាតចេស (Arend Zwartjes) បានលើកយក «ហេតុផលពីរយ៉ាង»នោះ មកពន្យល់ថា៖
«ទី១ សហរដ្ឋអាមេរិកជាហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយមានភារកិច្ចទទួលខុសត្រូវ លើកិច្ចព្រមព្រៀងនេះ នឹងចង់ឃើញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានគោរព នៅក្នុងប្រទេសកម្ពុជា។ សេចក្ដីប្រកាសបញ្ជាក់ថា ប៉ុន្តែជាអកុសល រដ្ឋាភិបាលកម្ពុជា មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ដូចមានចែង នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ដើម្បីការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។»
«ទី២ កម្ពុជាបានទាញសហរដ្ឋអាមេរិក ឱ្យមកពាក់ព័ន្ធផ្ទាល់តែម្ដង ក្នុងរឿងលោក កឹម សុខា។ សេចក្ដីប្រកាសបន្តថា ការឃុំខ្លួនលោក កឹម សុខា និងចោទប្រកាន់ ពីបទផ្សំគំនិតជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះ គឺជាការចោទប្រកាន់មិនពិត និងមិនទំនងទាល់តែសោះ។ ដូច្នេះ រដ្ឋាភិបាលកម្ពុជាបានទាញអាមេរិក ឱ្យមកចូលដោយផ្ទាល់ ក្នុងរឿងនេះ។»
កាលពីថ្ងៃសុក្រ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថានទូតសហរដ្ឋអាមេរិក បានអះអាងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ ក្នុងគេហដ្ឋានសព្វថ្ងៃ គឺជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមបទចោទប្រកាន់មិនពិត។
សំណេរនៃទំព័រហ្វេសប៊ុករបស់ស្ថានទូត បានរំឭកថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែហើយ ពោលគឺមានរយៈពេល ៥៣០ថ្ងៃ នៃការជាប់ឃុំ។ ស្ថានទូតបន្តអះអាងថា៖
«មិនមានភស្តុតាងណាមួយ ប្រឆាំងនឹងគាត់ឡើយ ហើយក៏មិនទាន់ [មាន]ការកំណត់ [ដើម្បី]បើកសវនាការកាត់ទោសគាត់ដែរ។ គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។ តើអ្នកកំពុងមើលឃើញ រូបភាពរួម[ដូច្នេះឬ]ទេ?»
ស្អែកឡើង គឺនៅថ្ងៃសៅរ៍ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃរបបក្រុងភ្នំពេញ បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រតិកម្មនឹងការលើកឡើងនោះ ដោយចាត់ទុកទង្វើរបស់ស្ថានទូត នៃប្រទេសមហាអំណាច ថាមានលក្ខណៈ«មិនការទូត» និងបានជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជា។
សម្រាប់របបដឹកនាំ របស់លោក ហ៊ុន សែន ការបង្ហោះរបស់ស្ថានទូតអាមេរិក គឺជា«សារអត្ថាធិប្បាយតែមួយជ្រុង លើសំណុំរឿងលោក កឹម សុខា» ហើយស្ថានទូតអាមេរិក ត្រូវបានទាមទារឲ្យ«បញ្ឈប់ជាបន្ទាន់ នូវសកម្មភាពដែលមានហេតុផលនយោបាយ និងគ្មានការទូតនេះ»៕