ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានចែករំលែកតៗគ្នា នូវរូបភាពមួយសន្លឹកខាងលើនេះ ហើយបាននាំគ្នា ធ្វើអត្ថាធិប្បាយចម្រុះគ្នា និង«មានន័យច្រើនយ៉ាង»។
រូបនោះ បង្ហាញឲ្យឃើញលោក ហ៊ុន សែន ដែលទៅដល់ផ្ទាល់ក្នុងកន្លែងកើតហេតុ នៃការបាក់រលំអគារចិន ក្នុងខេត្តព្រះសីហនុ កំពុងអង្គុយនៅលើកៅអីមួយ ដែលមានកំពស់ខ្ពស់ជាងគេ ខណៈលោក វង្ស ពិសេន អគ្គមេបញ្ជាការកងខេមរភូមិន្ទ អង្គុយក្នុងកៅអី រាងទាបជាងបន្តិច។
តែអ្វីសំខាន់ជាងគេ គឺលោក យន្ដ មីន ដែលអង្គុយចោងហោង នៅផ្ទាល់ដី បន្ទន់ជង្គង់ ដែលដូចជារកកន្លែងអង្គុយមិនបាន នៅទីនោះ។ មិនត្រឹមតែប៉ុណ្ណឹង នៅចំពោះមុខលោក ហ៊ុន សែន លោក«អតីត»អភិបាលខេត្តព្រះសីហនុ បានយកដៃទាំងពី ដាក់ប្រណមមកមុខ។
គេមិនយល់ថា ក្នុងឋានៈលោក ជាអភិបាលខេត្តមួយទាំងមូល តើលោក យន្ដ មីន ចង់ប្រើប្រាស់កាយវិការមួយនេះ ដើម្បីអង្វរករអ្វីមួយ ពីបុរសខ្លាំងកម្ពុជា ដែលកាន់អំណាចចាស់វស្សាជាងគេ នៅទ្វីបអាស៊ី ឬគ្រាន់ជាការជជែក រយៈពេលខ្លីមួយនោះទេ?
លោក យន្ដ មីន ត្រូវបានលោក ហ៊ុន សែន ផ្លាស់ចេញពីខេត្តព្រះសីហនុ មកបម្រើការ នៅទីស្ដីការក្រសួងមហាផ្ទៃវិញ កាលពីថ្ងៃចន្ទទី២៤ ខែមិថុនា ឆ្នាំ២០១៩។ លោក ហ៊ុន សែន បានពន្យល់ពីការសម្រេចរបស់លោកថា គឺលោកស្របតាមការស្នើសុំលាលែង របស់លោក យន្ដ មីន ខ្លួនលោក ដែលត្រូវបានវាយតម្លៃថា ដើម្បីបង្ហាញ «ពីការទទួលខុសត្រូវរបស់អាជ្ញាធរ» នៅចំពោះមុខប្រជាពលរដ្ឋ។
ឮសូរថា ឥឡូវក្លាយជា វីរបុរស ទៀត? ខ្ញុំសូមបន្ថែមបន្តិច «វីរបុរសឱបពង» !
Posted by Cambodia My love on Tuesday, June 25, 2019
បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម បានយករូបភាពមកធ្វើអត្ថាធិប្បាយ បង្ហាញថា នេះហើយជាចរិត«អ្នកធំ»នៅប្រទេសកម្ពុជា ដែលគ្មានសមត្ថភាពពិតប្រាកដ តែបានឡើងបុណ្យស័ក្ដិ តាមរយៈបក្សពួក និងទុកឲ្យមនុស្សម្នាក់ សម្រេចជោគវាសនាខ្លួន តាមទំនើងចិត្ត។
លុតក្រាប ឱនឱបពង លាងកំហុសបានហើយ ។
Posted by ឈាម ខ្មែរ on Sunday, June 23, 2019
ធ្ងន់ធ្ងរជាងគេ លោក ប៉ា ងួងទៀង នាយកមជ្ឈមណ្ឌលដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានសរសេរអមនឹងរូបភាពនេះថា៖
«កាយវិការនៃការខ្លាចរបស់មន្រ្តី ក្រោមអំណាចមេដឹកនាំផ្តាច់ការ គឺបាត់ទាំងស្រុងសេចក្តីថ្លៃថ្នូរជាមន្ត្រី ភាពជាសហការី និងរបៀបធ្វើការ មានច្បាប់ទម្លាប់៕»
កាយវិការនៃការខ្លាចរបស់មន្រ្តីក្រោមអំណាចមេដឹកនាំផ្តាច់ការ គឺបាត់ទាំងស្រុងសេចក្តីថ្លៃថ្នូរជាមន្ត្រី ភាពជាសហការី និង របៀបធ្វើការមានច្បាប់ទន្លាប់។
Posted by Teang Pa on Monday, June 24, 2019