សង្គ្រាមប៉ាកកាបានផ្ទុះឡើង រវាងមេដឹកនាំពីររូប ដែលបណ្ដាលពីការអះអាងដដែលៗមួយ ដែលត្រូវបានភាគីម្ខាង ចាត់ទុកថាជា«ភាសាជម្រេញ»។
បើតាមលោក ព្រាប កុល នាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា «ភាសាជម្រេញ»នោះ មានខ្លឹមសារជាអាទិ៍ ឬខ្លឹមសារប្រហាក់ប្រហែលដូច្នេះ «ហេតុអ្វីប្រទេសឡាវ គ្មានប្រជាធិបតេយ្យ ប៉ុន្តែសហភាពអឺរ៉ុបមិនដក ឬព្យួរគោលនយោបាយអនុគ្រោះពន្ធ (EBA)»។
ក្នុងពេលកន្លងមក ភាសាមួយឃ្លាខាងលើ ឬឃ្លាប្រហាក់ប្រហែលរបៀបនេះ មិនមែនធ្លាយចេញ ពីមាត់មនុស្សតែម្នាក់ទេ។ ប៉ុន្តែនៅថ្ងៃនេះ លោក សុខ ទូច ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា ត្រូវបានលោក ព្រាប កុល ចុចចំឈ្មោះ ឲ្យឡើងមកច្រៀងអាយ៉ៃឆ្លងឆ្លើយជាមួយលោក។ មេដឹកនាំអង្គការតម្លាភាពកម្ពុជា បានសរសេរនៅក្នុងសារបង្ហោះរបស់លោកថា៖
«សូមផ្ញើចម្លើយទៅ បណ្ឌិត សុខ ទូច ដែលតែងតែលើកជាសំណួរឡើងដដែលៗថា ហេតុអ្វីប្រទេសឡាវ គ្មានប្រជាធិបតេយ្យ ប៉ុន្តែសហភាពអឺរ៉ុបមិនដក ឬព្យួរគោលនយោបាយអនុគ្រោះពន្ធ (EBA)?»
ហើយលោក ព្រាប កុល បានឆ្លើយថា៖
«គឺមកពីប្រទេសឡាវ គ្មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងរដ្ឋធម្មនុញ ដែលតម្រូវឱ្យប្រទេសឡាវប្រកាន់យករបបប្រជាធិបតេយ្យ។ ម្យ៉ាងទៀត នៅប្រទេសឡាវក៏មិនសូវល្បីល្បាញខ្លាំង ពីរឿងរំលោភសិទ្ធិមនុស្ស និងរំលោភដីធី្លពី សំណាក់អ្នកមានអំណាចទៅលើប្រជាជនដែរ។»
មន្ត្រីអង្គការសង្គមស៊ីវិល បានបង្ហើយចម្លើយរបស់លោក ដោយបញ្ជាក់ថា លោក«ជ្រេញនោះជ្រេញ» អំពីសំដីរបស់លោក សុខ ទូច។ លោកថា៖
«ខ្ញុំឮលោកបណ្ឌិតលើកហេតុផល និងសំណួរបែបនេះមកនិយាយ តាមសារព័ត៌មានម្តងជាពីរដង ថាខ្ញុំជ្រេញនោះជ្រេញ។»
នៅចំពោះការលើកឡើងចំឈ្មោះខាងលើ លោក សុខ ទូច មិនអាចនៅស្ងៀមបានទេ។ ប្រធានរាជ្យបណ្ឌិតសភាកម្ពុជា បានថតយកសាររបស់លោក ព្រាប កុល មកបង្ហោះតបវិញ នៅលើគណនីហ្វេសប៊ុករបស់លោក ដោយសរសេរអមថា៖
«សូមឱ្យអ្នកវិភាគឯករាជ្យ និង NGO ទាំងអស់ មុននឹងនិយាយ ឬវិភាគ សូមសំអាងលើឯកសារយោង។ ខ្ញុំ ក្នុងនាមអ្នកវិទ្យាសាស្ត្រ (Academic) គឺសំអាងលើឯកសារនេះ ទើបហ៊ានវិភាគ។»
ឯកសារដែលលោក សុខ ទូច យកមកបង្ហោះនោះ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ នៅត្រង់ភាគទី១ ផ្នែកទី១ និងមាត្រា១ ដែលមានចែងពី«ការរៀបចំក្នុងដំណាក់កាលអន្តរកាល»។ លោក សុខ ទូច ក៏ដូចជាមន្ត្រីរដ្ឋាភិបាលដទៃទៀត តែងចាត់ទុកកិច្ចព្រមព្រៀងនេះ ថាបានស្លាប់បាត់ (ឬថា ត្រូវបានដកស្រង់ យកទៅដាក់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា) រួចជាស្រេចហើយ។
តែអាយ៉ៃឆ្លងឆ្លើយ មិនទាន់សាររោងនៅឡើយទេ ព្រោះមុននេះបន្តិច លោក ព្រាប កុល បានពន្យល់តបវិញ ថាពិតជាមានអំណះអំណាងច្បាស់លាស់ តាមរយៈរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះហើយ។ មេដឹកនាំអង្គការសង្គមស៊ីវិល បានសរសេរថា៖
ចំពោះអ្នកឃ្លាំមើលពីក្រៅឆាកវិញ បានមើលឃើញថា ការបង្ហោះឯកសាររបស់លោក សុខ ទូច ទំនងមានបំណងចង់ពង្រឹងទឡ្ហីករណ៍ ដែលរូបលោករួមនឹងមន្ត្រីរដ្ឋាភិបាលផង តែងនិយាយថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានស្លាប់បាត់ហើយ។ ទាស់ត្រង់ថា មាត្រា១ ដែលចែងក្នុងភាគទី១ ផ្នែកទី១ នៃកិច្ចព្រមព្រៀងនោះ បញ្ជាក់ពីអាជ្ញាយុកាល នៃដំណាក់កាលអន្តរកាល តែមិនមែនបញ្ជាក់ពីអាជ្ញាយុកាល នៃកិច្ចព្រមព្រៀងទាំងមូលទេ។
ដូចលោក ព្រហ្ម គិត អ្នកឃ្លាំមើលបញ្ហានយោបាយ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖
«នៅត្រង់ចំណុចនេះ គេនិយាយពីអាជ្ញាយុកាល (ឬពេលវេលា) នៃដំណាក់កាលអន្តរកាល មិនមែនចែងថា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវបញ្ចប់ក្រោយដំណាក់កាលអន្តរកាលទេ។ ចូរបណ្ឌិតទាំងឡាយ ទៅរៀនភាសាខ្មែរ បារាំង ឬអង់គ្លេស ឲ្យបានច្បាស់ និងកុំរៀនដឹងរឿង តែចេះតែភាសារ៉ុស្ស៊ី ភាសាចិន ឬភាសាវៀតណាមនោះ៕»