កម្ពុជា

អាមេរិក​ព្រមាន​ក្រុងភ្នំពេញ​ក្នុងជំហរ​ងាកទៅ​ចិន ដូច«ខ្មែរក្រហម»​បានធ្វើ

ការស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម «គួរតែជាការព្រមានដ៍ខ្លាំងមួយ ដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេង​ប្រជាជន» ខណៈ «យើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហម​បានពឹងផ្អែកយ៉ាង​ងប់ងល់ ទៅលើមហាអំណាចធំមួយ»។

ខាងលើនេះ ជាដំណកស្រង់ឃ្លាសំខាន់ចំនួនពីរ ចេញពីសេចក្ដីថ្លែងការណ៍មួយ របស់ស្ថានទូតសហរដ្ឋអាមេរិក ដែលដាក់ចំណងជើងថា «សេចក្តីថ្លែងការណ៍ចំពោះទិវាជ័យជម្នះ លើរបបប្រល័យពូជសាសន៍ ៧ មករា» និងដែលចេញផ្សាយ កាលពីយប់ម្សិលម៉ិញ។

សេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយក្រោយថ្ងៃរំឭកខួប ទិវា៧មករា រហូតដល់ទៅជិតមួយខែ បានសរសេរ​ជាដំបូងឡើងថា «នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទីក្រុងភ្នំពេញត្រូវបានរំដោះចេញ ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរ ទៅរកអនាគតមួយដែលភ្លឺស្វាង និងប្រកបដោយក្តីសង្ឃឹម»។

ប៉ុន្តែស្ថានទូតអាមេរិក មិនបានយកឱកាសនេះ ដើម្បីលើកពីគុណបំណាច់នៃការវាយឈ្លានពានចូលកម្ពុជា ដើម្បី«រំដោះប្រជាជនខ្មែរ» ពីក្រញ៉ាំដៃបនខ្មែរក្រហម ដោយកងទ័ពវៀតណាម ដូចដែលរដ្ឋាភិបាលក្រុងភ្នំពេញ តែងរំលឹកធ្វើជារៀងរាល់ឆ្នាំនោះឡើយ។ ស្ថានទូតបានសរសេរថា៖

«នៅខួបលើកទី៤០ នៃខែមករា ជាប្រវត្តិសាស្ត្រនេះ ស្ថានទូតអាមេរិក សូមឧទ្ទិសដល់ជីវិតប្រជាជនកម្ពុជា ជាង២លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបខ្មែរក្រហម និងប្រជាជនដែលរស់រានមានជីវិតពីរបបនេះ ប្រមាណ៥លាននាក់ ដែលទទួលរងការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត។»

ស្ថានទូតនៃប្រទេសមហាអំណាច បានបន្តថា៖

«នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានដាក់ទោស លើអតីតមេដឹកនាំជាន់ខ្ពស់ ខ្មែរក្រហម ចំនួនពីរូបគឺ នួន ជា និង ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ អនុសញ្ញាទីក្រុងហ្យឺណែវ ឆ្នាំ១៩៤៩។ សាលក្រមដាក់ទោសរបស់តុលាការនេះ មានការទទួលស្គាល់ជាលើកដំបូងថា ឧក្រិដ្ឋកម្មនៃរបប​ខ្មែរក្រហម គឺជាអំពើប្រល័យពូជសាសន៍ ដូចដែលបានកំណត់និយមន័យ នៅក្រោមច្បាប់អន្តរជាតិ។»

«សាលក្រមនេះ គួរតែនាំមកនូវក្តីសង្ឃឹម ដល់អ្នកដែលស្វែងរកការពិត នឹងអ្នកទទួលខុសត្រូវនៅកម្ពុជា និងក្នុងប្រទេសដ៍ទៃទៀត ដែលកំពុងខិតខំផ្សះផ្សា ជាមួយនឹងអំពើយង់ឃ្នងពីអតីតកាល។»

បន្ទាប់មក សេចក្ដីថ្លែងការណ៍បានបញ្ចេញសារខ្លាំងៗ ដោយមិនចេញឈ្មោះ និងដោយមិនចំមុខ ទៅកាន់រដ្ឋាភិបាលរបបក្រុងភ្នំពេញ ដែលតែងរងការរិះគន់ ចំពោះការរំលោភសិទ្ធិមនុស្ស ការវាយបង្ក្រាប ទៅលើសម្លេងប្រឆាំង ដោយគ្មានត្រាប្រណី និងចំពោះជំហរ​ងាកទៅរកចិន​កុម្មុយនីស្ដិ៍។ ស្ថានទូតបានបញ្ចេញសារនោះថា៖

«វាក៍គួរតែជាការព្រមានដ៍ខ្លាំងមួយ ដល់រដ្ឋាភិបាល នឹងក្រុមអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ ឬបំបាត់សម្លេងប្រជាជន ដែលថាយុត្តិធម៌ អាចឈ្នះបាន នៅពេលដែលយើងទាំងអស់រួមគ្នា ស្វែងរកតម្លាភាព ការពិត និង ការទទួលខុសត្រូវ។ វាគឺជារឿងដ៏សំខាន់ណាស់ដែលយើងត្រូវចងចំាដែរថា ក្រុមខ្មែរក្រហមបានពឹងផ្អែកយ៉ាងងប់ងល់ ទៅលើមហាអំណាចធំមួយ ដែលមានផលប្រយោជន៍ខុស ពីផលប្រយោជន៍របស់ ប្រជាជនកម្ពុជា។»

ហើយបានបញ្ចប់​ជាមួយឃ្លាដូច្នេះ៖

«យើងសូមអំពាវនាវ ឲ្យប្រទេសកម្ពុជាប្រកាន់ខ្ជាប់ នូវនយោបាយការបរទេសឯករាជ្យ អធិបតេយ្យភាព និងប្រកបដោយតុល្យភាព ដែលរក្សាបាន នូវអនាគតរបស់ប្រទេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។