មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទៅកាន់អង្គការសហប្រជាជាតិ (អ.ស.ប) និងសហគមន៍អន្តរជាតិ ឲ្យធ្វើការទប់ស្កាត់បទបញ្ជាមួយ ពីក្នុងចំណោមបទបញ្ជាចំនួនពីរ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានឲ្យដឹង រយៈសារបែកធ្លាយមួយ ថានឹង«សម្លាប់ក្រុមប្រឆាំង»ក្នុងប្រទេសឲ្យអស់។
លោក សម រង្ស៊ី បានហៅបទបញ្ជានោះរបស់លោក ហ៊ុន សែន ថាជា«ផែនការឧក្រិដ្ឋ» ដែលមានលក្ខណៈជាការសម្លាប់រង្គាល និងដែលមិនធ្លាប់មាន រាប់ចាប់តាំងពីរបបខ្មែរក្រហម បានរំលំរលាយទៅ។
នៅក្នុងសេចក្ដីអំពាវនាវ សរសេរជាភាសាអង់គ្លេសរបស់មេដឹកនាំប្រឆាំង ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបានកាលពីប៉ុន្មាននាទីមុន បានអះអាងថា បទបញ្ជារបស់លោក ហ៊ុន សែន ដែលបញ្ជាឲ្យ«សម្លាប់ក្រុមប្រឆាំង»ឲ្យអស់ នៅក្នុងសារបែកធ្លាយនោះ គឺជាការអះអាងមួយទៀត បញ្ជាក់ពីគោលនយោបាយរបស់លោក ហ៊ុន សែន ដែលធ្លាប់ប្រកាសកន្លងមក ឲ្យកម្ទេចរាល់អ្នករិះគន់១០០ ឬ២០០នាក់ចោល។
លោក សម រង្ស៊ី បានសរសេរថា៖
«ការប្រកាស [របស់លោក ហ៊ុន សែន] នោះមានន័យស្មើនឹងបទបញ្ជាឲ្យសម្លាប់។ គោលបំណងរបស់លោក ហ៊ុន សែន ក្នុងការប្រើប្រាស់វិធានការមនុស្សឃាត ដើម្បីកម្ទេចសម្លេងរិះគន់ ធ្លាប់ត្រូវបានបង្ហាញឲ្យដឹង ជាសាធារណៈច្រើនដងរួចមកហើយ នៅក្នុងពេលកន្លងមក។»
«គណបក្សសង្គ្រោះជាតិ ត្រូវបានគាំទ្រដោយប្រជាជនកម្ពុជារាប់លាននាក់ ហើយគណបក្សនេះទទួលបានសម្លេងគាំទ្រ ជិតពាក់កណ្ដាលប្រទេស នៅក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ និងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧។»
ក្នុងសារជាលក្ខណៈឯកជន ជាង១២នាទី ដែលលោកបានបញ្ជូន ទៅកាន់មនុស្សជំនិតៗរបស់លោក តាមរយៈប្រព័ន្ធបញ្ជូនសារមួយ លោក ហ៊ុន សែន បានពន្យល់នៅក្នុងបញ្ជានោះថា ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប គឺជា«ឱកាស»សម្រាប់របបដឹកនាំរបស់លោក ក្នុងការ«លត់ពួកអានៅខាងក្នុង» ដោយ«មិនអាចឲ្យពួកអាក្រុមនេះរស់ទេ»។
សម្លេងលោកនាយករដ្ឋមន្ត្រី ត្រូវបានឮ នៅក្នុងសារឯកជននោះថា៖
«មួយផ្នែកទៀត គឺរឹតពួកអាប្រឆាំង ឲ្យវារលំរលាយកាន់តែឆាប់ ព្រោះគ្មាននរណា (សហគមន៍អន្តរជាតិ) នឹងត្រូវមកប្រដៅយើងបានទៀតទេ ព្រោះអ្នកឯងបានធ្វើចំពោះខ្ញុំយ៉ាងដូច្នេះហើយ។ ដូច្នេះ ជាឱកាសដើម្បីយើងលត់ ពួកអានៅខាងក្នុង ផ្ដាច់ខ្សែសង្វាក់របស់វាឲ្យអស់។ ឥឡូវវាកំពុងដើរតាមប្រជុំនៅតាមហាង នៅតាមស្អីនានា ដែលខ្ញុំសុំយកឱកាសនេះ ខ្ញុំនឹងបញ្ជូនបញ្ហានេះ សម្រាប់អភិបាលខេត្ត សម្រាប់ការណែនាំនានា ទៅតាមគ្រប់កន្លែងផងដែរ ព្រោះយើង មិនអាចឲ្យពួកអាក្រុមនេះរស់ទេ។»
ការលើកឡើងខាងលើ ត្រូវបានលោក សម រង្ស៊ី ចាត់ទុកថា ជាគម្រោងរបស់លោក ហ៊ុន សែន ដែលជាអតីតមេទាហានខ្មែរក្រហមមួយរូប ក្នុងការបន្តសម្លាប់រង្គាល ទៅលើប្រជាជនកម្ពុជា។ ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេរថា៖
«នៅក្នុងបរិបទនេះ បទបញ្ជាឲ្យកម្ទេចគណបក្សប្រឆាំង បង្កក្ដីបារម្មណ៍ដ៏ខ្លាំងក្លា អំពីការសម្លាប់រង្គាលទៅលើប្រជាជនកម្ពុជា ដែលមិនធ្លាប់ឃើញ រាប់ចាប់តាំងពីរបបខ្មែរក្រហមនោះមក។»
លោក សម រង្ស៊ី បានបន្តថា ផ្ទុយពីតួនាទីរបស់រដ្ឋាភិបាល ដែលត្រូវការពារសុវត្ថិភាព របស់ពលរដ្ឋរបស់ខ្លួន ទង្វើរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក បែរជាបង្កគ្រោះថ្នាក់ចំពោះប្រជាពលរដ្ឋ ហើយដែលធ្វើឲ្យរដ្ឋាភិបាលមួយនេះ កាន់តែបាត់បង់ នូវ«ភាពស្របច្បាប់»ក្នុងការដឹកនាំប្រទេស។
លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា៖
«អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវធ្វើប្រតិកម្ម ដើម្បីការពារប្រជាជនកម្ពុជារាប់លាននាក់ ដែលកំពុងរងការគម្រាមកំហែង ដោយរបបផ្ដាច់ការមួយនេះ»៕