អ្នកប្រតិដ្ឋ ឬបង្កើតស្ថានភាពអាក្រក់ ពីសុខភាពរបស់លោកនាយករដ្ឋ ហ៊ុន សែន នឹងត្រូវជាប់ចោទ ពីការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ហើយនឹងរងវិធានការយ៉ាងម៉ឺងម៉ាត់ ពីរបបក្រុងភ្នំពេញ។ នេះ បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបានបញ្ជាក់ករណីខាងលើ ពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកក្កដានេះ។
តាមទំព័រហ្វេសប៊ុករបស់លោក មន្ត្រីអ្នកនាំពាក្យបានសរសេរឲ្យដឹងថា៖
«ប្រសិនបើគណនីហ្វេសប៊ុកណាមួយ ប្រតិដ្ឋបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈ ជាហេតុផលធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ ដោយប្រតិដ្ឋស្ថានភាពអាក្រក់ ពីសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពឧក្រិដ្ឋនេះ។»
យ៉ាងណា លោក ផៃ ស៊ីផាន មិនបានបញ្ជាក់ថា តើរបបដឹកនាំរបស់លោក ហ៊ុន សែន យកច្បាប់អ្វីមកអនុវត្តន៍ ក្នុងការដាក់បម្រាម ហាមមិនឲ្យនិយាយ ពីសុខភាពរបស់លោក ហ៊ុន សែន ខណៈកន្លងមក មិនដែលមានរបាយការណ៍ជាផ្លូវការ ដែលបញ្ជាក់ដោយវេជ្ជបណ្ឌិត ថាតើបុរសខ្លាំងកម្ពុជា មានជំងឺអ្វីឲ្យពិតប្រាកដនោះឡើយ។
ក្នុងពេលកន្លងមក គឺលោក ហ៊ុន សែន ខ្លួនឯង ជាអ្នកប្រកាស ទម្លាយពីបញ្ហាសុខភាពរបស់លោក ប្រាប់គេឯងជាសាធារណៈ ហើយកាលពីថ្ងៃទី១០ ខែកក្កដាម្សិលម្ង៉ៃ លោក ហ៊ុន សែន ក៏ទើបនឹងវិលត្រឡប់ ពីការពិនិត្យព្យាបាលជំងឺរបស់លោក ក្នុងប្រទេសសិង្ហបូរី វិញដែរ៕