កម្ពុជា

រដ្ឋមន្ត្រីព័ត៌មាន​លត់​មន្ត្រី«ចង់ធ្វើធំ» ដែល​មិនមក​ធ្វើការ​ទាន់ពេល

ចុះមន្ត្រី«ចង់ធ្វើធំ»ទាំងនោះ ទៅណាអស់ ទើបរដ្ឋមន្ត្រីមួយទាំងមូល មិនអាចចូលការិយាល័យ ដើម្បីធ្វើការងារបាន? នេះជាអ្វី ដែលទើបនឹងកើតឡើង ក្នុងព្រឹកថ្ងៃសុក្រ ទី០៦ ខែមិនានេះ ក្នុងក្រសួង(ឃ្លាំមើល)ព័ត៌មានកម្ពុជា ដែលមានមន្ត្រីថ្នាក់អន្ទ្រើសៗ រហូតដល់ជាង១៥0នាក់ (រាប់ពីរដ្ឋមន្ត្រី រហូតប្រធាននាយកដ្ឋាន ដោយមិនទាន់រាប់ ពីទីប្រឹក្សាជាង២០០នាក់ ផងទេ)។

គឺលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ខ្លួនលោក ដែលជាអ្នកទម្លាយរឿងរ៉ាវ មន្ត្រីខុទ្ទកាល័យ នៅក្រសួងរបស់លោក ដែលចង់បានតែតំណែងធំ ដើម្បីបើកប្រាក់បៀវត្សរ៍ តែមិនមកធ្វើការ ឲ្យទាន់ពេលវេលា។

លោករដ្ឋមន្ត្រីបានបង្ហោះសារ បន្ទោសមន្ត្រីក្រោមបង្គាប់ នៅលើបណ្ដាលសង្គម ដោយប្រើភាសាមិនចំ ជាដំបូងដូច្នេះថា៖

«ឃើញ ឯ.ឧ. លី វ៉ាន់ហុង បង្ហោះអាកាសយានដ្ឋាន សុវណ្ណភូមិ របស់ថៃស្ងាត់ជ្រងំ ទើបម៉ោង ៨​ ព្រឹកជាងហើយ ខុទ្ទកាល័យក្រសួងព័ត៌មានស្ងាត់ជ្រងំ កុំអោយចាញ់ថៃ សូម្បីតែរដ្ឋមន្ត្រីក៏អត់ទ្វារបើក ចូលធ្វើការដែរ។»

បន្ទាប់មក លោក កាញារីទ្ធ បានលត់មន្ត្រី ឬក្រុមមន្ត្រីទទួលខុសត្រូវ ដែលមកធ្វើការ យ៉ាងរយីករយាកនោះថា៖

«ចង់ធ្វើធំ តែមិនចេះទទួលខុសត្រូវ។ បាត់ប្រាក់ខែ តែ៥កាក់ ស្រែកបែកហ្វេសប៊ុក។ បាត់ម៉ោងធ្វើការ អញមិនដឹង!»

យ៉ាងណា លោករដ្ឋមន្ត្រីមិនបានពន្លេចឈ្មោះ របស់មន្ត្រីដែល«ចង់ធ្វើ់ធំ» តែមកធ្វើការយឺតពេលនោះ ថាជានរណាទេ។

គួរបញ្ជាក់ដែរថា ខុទ្ទកាល័យក្រសួងព័ត៌មាន មានលោក ឈុំ សុជាតិ ជានាយក ខណៈលោក លី វ៉ាន់ហុង មានតួនាទី និងឋានៈជាប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ​។ តំណែងរបស់លោក លី វ៉ាន់ហុង ត្រូវបានតែងតាំង កាលពីដើមខែមករា ឆ្នាំ២០១៩ ដោយព្រះមហាក្សត្រ ដោយមាន«ការទូលថ្វាយ» ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការបង្ហោះសារ របស់លោករដ្ឋមន្ត្រី ទទួលបានប្រតិកម្មមកវិញ យ៉ាងសន្ធឹកសន្ធាប់ ពីបណ្ដាប្រិយមិត្តរបស់លោក។ បណ្ដាម្ចាស់គណនី​ហ្វេសប៊ុក​មួយចំនួន បានសរសេរទទួលកំហុស បើទោះជា គេមិនដឹងពិតប្រាកដថា តើភារកិច្ច​នៃកិច្ចការ​ បើកទ្វារការិយាល័យ នៅក្រសួងព័ត៌មាន គឺជាការទទួលខុសត្រូវ របស់ពួកគេក៏ដោយ។ អ្នកខ្លះទៀត បានសរសេរថា ការយឺតយ៉ាវ​អាចបណ្ដាល មកពីការស្ទះចរាចរណ៍៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។