កម្ពុជា

ព្រះរាជា​តែងតាំង​អតីត​ប្រធានបក្ស​រាជានិយម ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ

លោក កែវ ពុទ្ធរស្មី ដែលជាអនុជថ្លៃនៃព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានព្រះអង្គត្រាស់បង្គាប់តែងតាំង ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងអាណត្តិថ្មី។ នេះ បើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលត្រូវបាន​ឡាយព្រះហស្ថលេខា នៅថ្ងៃទី៩ ខែឧសភា និងត្រូវបានផ្សព្វផ្សាយ នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ។

ការត្រាស់បង្គាប់នេះ ធ្វើឡើងក្នុងក្របខណ្ឌសមាជិកទាំងបីរូប នៅក្នុងក្រុមប្រឹក្សាធម្មនុញ្ញ ដែលរដ្ឋធម្មនុញ្ញចែងថា ត្រូវទទួលបានការតែងតាំង ពីព្រះមហាក្សត្រ (ខណៈ៦រូបផ្សេងទៀត ត្រូវបានតែងតាំងពីរដ្ឋសភា និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម)។

ក្នុងអណត្តិកន្លងមក សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងបីរូប (អង្គ) ដែលតែងតាំងឡើង ដោយព្រះមហាក្សត្រ រួមមាន ព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ (តែងតាំងនៅឆ្នាំ២០១០) – ព្រះអង្គម្ចាស់ នរោត្ដម ច័ក្រពង្ស (តែងតាំងនៅឆ្នាំ២០១៣) និងព្រះអង្គម្ចាស់ក្សត្រី នរោត្ដម បុប្ផាទេវី (តែងតាំងនៅឆ្នាំ២០១៦)។

បើយោងតាមអាណត្តិ ដែលមានរយៈពេល៩ឆ្នាំ នៃការកាន់តំណែងរបស់ខ្លួន លោក កែវ ពុទ្ធរស្មី នឹងត្រូវមកជំនួសព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ ដែលត្រូវបញ្ចប់តំណែងតាម​អណត្តិ ជា​សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ តាំងពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។

ក្រៅពីជាសមាជិកព្រះញាតិវង្ស លោក កែវ ពុទ្ធរស្មី ធ្លាប់កាន់តំណែងជា ប្រធានគណបក្ស​​ហ្វុនស៊ីនប៉ិច រវាងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ និងធ្លាប់ជាឧបនាយរដ្ឋមន្ដ្រី ក្នុងរដ្ឋាភិបាល​​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងអំឡុងពេលនោះផង។ សព្វថ្ងៃ ឥស្សរជនអាយុ៦៦ឆ្នាំរូបនេះ ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

កាលពីអំឡុងខែមេសា ឆ្នាំ២០១៨ លោក កែវ ពុទ្ធរស្មី បានទទួលគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០១៨ ដែលហៅជាភាសាអង់គ្លេស «The Order of the Rising Sun, Gold and Silver Star» ពីរដ្ឋាភិបាលជប៉ុន ដែលជាការទទួលស្គាល់ នូវការរួមចំណែករបស់លោក ដែលធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព កម្ពុជា-ជប៉ុន៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។