កម្ពុជា

ជនសង្ស័យ​ចាប់ជំរិត ធ្លាប់បង្ហោះរូបនិងសារថា​បានធ្វើការក្នុងផ្ទះ ហ៊ុន សែន

«បេសកកម្ម នៅក្នុងភូមិគ្រឹះសម្ដេច វិមានឯករាជ្យ» នេះជាសាររបស់លោក អ៊ិម សុវណ្ណារិទ្ធ ជនសង្ស័យ​ចាប់ជំរិត មួយរូប ដែល​ត្រូវបានសម្លាប់ ក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធមួយ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ សារនោះ ត្រូវបានយុវជន​អាយុ២១ឆ្នាំរូបនេះ បង្ហោះពីរដង​ក្នុងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ (នៅត្រង់នេះ​និងទីនេះ) ដោយ​អមមកជាមួយ នូវរូបថតចំនួនពីរសន្លឹកផង ដែលថតនៅ​ជុំវិញ​វិមាន​ឯករាជ្យ (រាជធានីភ្នំពេញ) ដែលមានគេហដ្ឋាន​របស់លោក ហ៊ុន សែន ស្ថិតនៅ។

ក្នុងរូបថតទាំងពីរ ក៏គេឃើញយុវជន អ៊ឹម សុវណ្ណារិទ្ធ ពាក់ផ្លាកសម្គាល់នៅលើខ្លួន បង្ហាញថាខ្លួន ជាមន្ត្រីកងអង្គរក្ស ដែលបង្កើត​ឡើង ដើម្បីការពារលោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោក។

ប៉ុន្តែស្នងការដ្ឋាន​បុគ្គលិក-បណ្ដុះបណ្ដាល​ នៃ​បញ្ជការដ្ឋាន​អង្គរក្ស​ បានបដិសេធថា លោក អ៊ឹម សុវណ្ណារិទ្ធិ ​មិនមែន​ជាមន្ត្រី​កងអង្គរក្ស​នោះទេ។ លិខិតបដិសេធរបស់ស្ថាប័នខាងលើ បាន​បញ្ជាក់​ថា ឈ្មោះ​នេះ​បាន​ប្រើប្រាស់​បណ្ណ​សម្គាល់​ខ្លួន​ក្លែងក្លាយ។

នៅក្នុងហេតុការណ៍ប្លន់ប្រដាប់អាវុធ ដើម្បីចាប់ជំរិត ​ក្នុង​បុរី​អង្គរ​ភ្នំពេញ ខណ្ឌ​សែនសុខ ជនសង្ស័យខាងលើ និង​ជនសង្ស័យបីនាក់ទៀត ត្រូវបានកម្លាំង​កងរាជអាវុធហត្ថ​បាញ់​សម្លាប់​នៅ​ហ្នឹង​កន្លែង ដោយ​ចោទ​ប្រកាន់​ថា ពួកគេ​ទាំងបួន​បាន​បាញ់​ត​ដៃ​ ជាមួយ​សមត្ថកិច្ច។

ក្រៅពីរូបថតខាងលើ ហ្វេសប៊ុករបស់លោក អ៊ឹម សុវណ្ណារិទ្ធ នៅបានបង្ហោះ​រូប​ថត​ជា​ច្រើន ដែល​បង្ហាញ​ពីទ្រព្យ​សម្បត្តិ ឡាន​ទំនើបៗ និង​ភាព​ហ៊ឺហា ព្រម​ទាំង​តួនាទី​ និងសម្លៀកបំពាក់​ជា​កង​អង្គរក្ស​ ក្នុងឋានៈជា​វរសេនីយ៍ត្រី។ រូបថត​មួយ​ចំនួន​ទៀត​ បង្ហាញ​ឃើញយុវជន​វ័យក្មេង បាន​ទៅ​ដល់ និង​ថតរូប​របៀប​សិស្ស​ជា​មួយ​គ្រូ​បង្វឹក ​នៅ​មណ្ឌល​ហ្វឹកហ្វឺន​អង្គរក្ស​ នៅ​ភ្នំ​ស្រង់ និង​នៅ​ក្រាំង​ចេក​ខេត្ត​កំពង់ស្ពឺ​ជា​ដើម។

សម្រាប់លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន បានចាត់ទុកថា សម្លៀកបំពាក់របស់លោក អ៊ឹម សុវណ្ណារិទ្ធ ទំនងជាត្រូវបានកាត់ពាក់ និងស្លៀកពាក់ដោយខ្លួនឯង។ លោកឧត្ដមសេនីយ៍ ត្រូវបានស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក មកបញ្ជាក់ទៀតថា ជនសង្ស័យចាប់ជំរិត ខាងលើមិនមានឈ្មោះ នៅក្នុងបញ្ជាការដ្ឋានអង្គរក្សរបស់លោកនោះទេ។

យ៉ាងណា អាជ្ញាធររបបក្រុងភ្នំពេញ មិនបានអះអាងពីការស៊ើបអង្កេត ដើម្បីស្វែងរកថា តើជនសង្ស័យមាន​ជាប់​ពាក់ព័ន្ធ ជាមួយនរណាខ្លួះ ហើយថា តើការបង្កើតបណ្ណសម្គាល់ខ្លួនក្លែងក្លាយរបស់ជនសង្ស័យ មានការរួមគំនិត​ពីជនណាផ្សេង​នោះឡើយ៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។