កម្ពុជា

កម្ពុជារាំង​ខ្ទប់​១៧គេហទំព័រ​មិន​ឲ្យ​ដំណើរការ​ មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត

មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត គេហទំព័ររបស់ស្ថាប័នសារព័ត៌មានឯករាជ្យ រាប់ទាំងគេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ (MONOROOM.info) រួមនឹងគេហទំព័​របស់គណបក្សប្រឆាំង សរុបចំនួន១៧ស្ថាប័ន​ ត្រូវបានរាំងខ្ទប់ មិនឲ្យដំណើរការ នៅក្នុងប្រទេសកម្ពុជា។ ការរាំងខ្ទប់ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃសៅរិ៍ទី២៨ ខែកក្កដានេះ រហូតដល់ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ដែលជាថ្ងៃបោះឆ្នោតជាតិ ឆ្នាំ២០១៨។

ស្ថាប័នផ្សព្វផ្សាយ ដែលជាម្ចាស់គេហទំព័ររងគ្រោះ ព្រោះការសម្រេច របស់រដ្ឋាភិបាលក្រុងភ្នំពេញ ត្រូវបានគេស្គាល់ថា ជាស្ថាប័នសារព័ត៌មាន​ឯករាជ្យ ទាំងក្នុងនិងក្រៅស្រុក ដែលតែងផ្ដល់ព័ត៌មានសុក្រិត និងស៊ីជម្រៅ ដូចយ៉ាង វិទ្យុសម្លេង​សហរដ្ឋអាមេរិក (khmer.voanews.com) វិទ្យុសម្លេងអាស៊ីសេរី (rfa.org/khmer) វិទ្យុសម្លេងប្រជាធិបតេយ្យ (vodhotnews.com) វិទ្យុវាយោ (vayofm.com) វិទ្យុសម្លេងព្រះសង្ឃ​ឯករាជ្យ (imnsj.org) និង​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ (monoroom.info) ជាដើម។ នេះ បើតាមបញ្ជីមួយច្បាប់ ដែលទស្សនាវដ្​មនោរម្យ.អាំងហ្វូ ទើបនឹង​ទទួល​បាន ក្នុងថ្ងៃនេះ។

បញ្ជីនោះ បញ្ចប់ត្រឹម១៥ស្ថាប័ន តែគេហទំព័ររបស់សារព័ត៌មាន ខេមបូឌៀដេល្លី (cambodiadaily.com) និង​សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ (postkhmer.com) ក៏ត្រូវបានរាយការណ៍មកដែរ ថាបានរងការរាំងខ្ទប់ ដូចគ្នា។

រីឯគេហទំព័រ និងខ្សែភ្ជាប់ផ្សេងទៀត ដែលរងការរាំងខ្ទប់ នៅក្នុងបញ្ជីដដែលនោះ មួយចំនួនជារបស់គណបក្សប្រឆាំង ឬសារព័ត៌មានគាំទ្រ​គណបក្សប្រឆាំង និងមួយចំនួនទៀត គ្រាន់តែជាគណនី ឬជាទំព័រមួយ នៅលើគេហទំព័រធំៗ ដូចយ៉ាង «Stuble.info» «Vithyu.com» និង «Pinterest.com» ប៉ុណ្ណោះ។

រដ្ឋាភិបាលចង់គ្រប់គ្រង់សារព័ត៌មាន!

អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន លោក ផុស សុវណ្ណ ត្រូវបានវិទ្យុសម្លេង​សហរដ្ឋអាមេរិក (VOA) ស្រង់សំដីមកចុះផ្សាយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលពិតជាបានបញ្ជា ទៅក្រុមហ៊ុន​ផ្ដល់​សេវាអ៊ីនធឺណិត ឲ្យរាំងខ្ទប់ការចូលមើល របស់អ្នក​ប្រើប្រាស់សេវារបស់ខ្លួន។

ដោយបញ្ជៀស មិនបញ្ជាក់ពីមាត្រាណាមួយនៃច្បាប់ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាលធ្វើដូច្នេះនោះ លោក ផុស សុវណ្ណ គ្រាន់តែអះអាងថា ខ្លឹមសារព័ត៌មាន ដែលត្រូវបានចេញផ្សាយ ដោយប្រព័ន្ធផ្សព្វផ្សាយខាងលើ «ប៉ះពាល់ទៅដល់​ការរារាំង ដូចដែលមានចែងក្នុងច្បាប់បោះឆ្នោត»។ លោកថា៖

«ច្បាប់កម្ពុជាយើង យើងឱ្យថ្ងៃពីរហ្នឹង ថ្ងៃ ស ហ្នឹង គឺយើងមិនឱ្យផ្សាយអ្វីទេណាប្អូន ដោយសារនៅពេលកន្លងទៅ អង្គភាពប៉ុន្មានហ្នឹង ដូចមានភាគច្រើន យើងវាអត់គ្រប់គ្រងអត់បាន និយាយត្រង់»។

មុន​និង​ក្នុង​​ថ្ងៃ​បោះឆ្នោត

នៅលើបណ្ដាញសង្គម លោក គល់ បញ្ហា នាយកអង្គការខុមហ្វ្រែល (Comfrel) ដែលមានជំនាញខាងការបោះឆ្នោត បានប្រតិកម្ម​ចំពោះ​ការរាំងខ្ទប់​គេហទំព័រ ទាំងជាង១០ខាងលើ ដូច្នេះថា៖

«បន្ថែមលើបញ្ហាកំពុងមាន, ការបោះឆ្នោត និងលទ្ធផលឆ្នោត អាចប៉ះពាល់ ខ្វះតម្លាភាព និងសុចរិតភាព ព្រោះ​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងគេហទំព័ររបស់ពួកគេ ត្រូវបានបិទ»។

ការរាំងខ្ទប់ដំណើរការ របស់គេហទំព័រផ្សព្វផ្សាយ ទាំង១៧ ជាយុទ្ធនាការមួយទៀត របស់រដ្ឋាភិបាលលោក ហ៊ុន សែន នៅក្នុងចំណោម​យុទ្ធនាការជាបន្តបន្ទាប់ នៃការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ កាលពីអំឡុងខែសីហា ចូល​មកខែកញ្ញា ឆ្នាំ២០១៧ វិទ្យុឯកជនក្នុងស្រុក ជាង៣០ស្ថាប័ន បានរងការបង្ខំឲ្យបិទទ្វា ដោយសារវិទ្យុទាំងនោះ លក់ម៉ោង​ផ្សព្វផ្សាយរបស់ខ្លួន ទៅឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋ​អាមេរិក។ បន្ទាប់មក នៅក្នុង​យុទ្ធនាការ​ផ្សេងទៀត ដែលរដ្ឋាភិបាលអះអាងថា ជាការត្រួតពិនិត្យ ផ្នែកពន្ធដារនោះ សារព័ត៌មាន ខេមបូដា ដេលី (The Cambodia Daily) និងវិទ្យុអាស៊ីសេរី ក៏ត្រូវបង្ខំចិត្តបិទទ្វា និងចាកចេញ ពីប្រទេសកម្ពុជាដូចគ្នាដែរ។

ប្រទេសកម្ពុជា ឈរនៅលេខរៀង ទី១៤២ ពីក្នុងចំណោម ១៨០ប្រទេស នៅក្នុងបញ្ជីចំណាត់ថ្នាក់ ស្ដីពីសិទ្ធិសេរីភាព​សារព័ត៌មាន ឆ្នាំ២០១៨ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលជាលេខរៀងមួយ ដ៏អាក្រក់។ ចំណាត់ថ្នាក់នេះ បានធ្លាក់ចុះ១០លេខ បើប្រៀបនឹងចំណាត់ថ្នាក់ឆ្នាំកន្លងទៅ ដែលកម្ពុជាទទួលបាន។

ជាមួយនឹងចំណាត់ថ្នាក់ថ្មីនេះ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយដ៏ច្រើនលើសលប់ នៅក្នុងប្រទេសកម្ពុជា សុទ្ធសឹងជាកម្មសិទ្ធ របស់ក្រុមសាច់ញាតិ និងមនុស្សជំនិតរបស់លោក ហ៊ុន សែន ខណៈប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ ដែលមានចំនួនសេសសល់ ដ៏តិចតួចនោះ តែងរងការបង្ក្រាប ដោយគ្មានមេត្តាសោះឡើយ ពី​សំណាក់​របបដឹកនាំរបស់លោក៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។