ចាងហ្វាងការផ្សាយ របស់សារព័ត៌មាន «Angkor Today» លោក «Shen Kaidong» ត្រូវបានរដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង សម្រេចបណ្ដេញចេញពីកម្ពុជា និងហាមឃាត់វិលចូលកម្ពុជាជាថ្មី បន្ទាប់ពីអ្នកកាសែតរូបនេះ បានចុះផ្សាយអត្ថបទ ជាភាសាចិន ដែលមានខ្លឹមសារជាខេមរភាសាថា «កម្ពុជាលក់វ៉ាក់សាំង ដែលជាជំនួយរបស់ចិន ក្នុងតម្លៃ១២០ដុល្លារ»។
សេចក្ដីប្រកាសរបស់រដ្ឋមន្ត្រីមហាផ្ទៃ ដែលចុះហត្ថលេខាក្នុងថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែកុម្ភៈ បានសរសេរឲ្យដឹងថា៖
«បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសឈ្មោះ Shen Kaidong ភេទប្រុស ជនជាតិចិន សញ្ជាតិចិន កើតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធបទប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសដើមវិញ និងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជាជាថ្មី។»
លោក «Shen Kaidong» បានសរសេរនៅលើទំព័រ «Angkor Today» នៃបណ្ដាញ «Webchat» ថា «កម្ពុជាបានយកវ៉ាក់សាំង កូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ប្រទេសចិន មកលក់ក្នុងតម្លៃថ្លៃ»។
សំណេររបស់លោក «Shen Kaidong» ត្រូវបានអ្នកស្រី ឱ វ៉ាន់ឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ប្រកាសច្រានចោល ដោយចាត់ទុកសេចក្ដីរាយការណ៍ខាងលើថា ជា«Fake News» និងជា«រឿងផ្ដេសផ្ដាសបំផុត»។
លោក «Shen Kaidong» អាយុ៥២ឆ្នាំ ដែលបានចូលមកកម្ពុជា កាលពីជាង១០ឆ្នាំមុន ត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៤ ខែកុម្ភៈម្សិលមិញ។ លោកបានរងការចោទប្រកាន់ថា បានផ្សាយព័ត៌មានបំភ្លៃការពិត មានចេតនាទុច្ចរិត ធ្វើឲ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពចលាចលនៅក្នុងសង្គម ដែលអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
គ្មានសាលក្រមសម្រេចពីតុលាការ ដែលបង្ហាញថា អ្នកសារព័ត៌មានខាងលើ បានប្រព្រឹត្តិកំហុស ដូចការចោទប្រកាន់ ហើយរបបក្រុងភ្នំពេញ ក៏មិនបានបើកផ្លូវឲ្យបុរសរងការបណ្ដេញចេញរូបនេះ អាចធ្វើការប្ដឹងឧទ្ធរណ៍ ទៅលើការសម្រេចរបស់លោក ស ខេង នោះដែរ។
ទន្ទឹមនឹងសេចក្ដីប្រកាសរបស់លោក ស ខេង ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាបណ្ណ កាសែតអនឡាញ «Angkor Today» ដែលជាស្ថាប័នរបស់លោក «Shen Kaidong» ដូចគ្នា។ ពីមុនកាសែតនេះ មានឈ្មោះថា «Angkor Times ហើយមានម្ចាស់អាជ្ញាបណ្ណជាជនជាតិខ្មែរ ឈ្មោះ អ៊ុង គង្គា។
លោក «Shen Kaidong» ជាអ្នកកាសែតបរទេសទី១ហើយ ដែលត្រូវបានបណ្តេញចេញពីកម្ពុជា ក្រោមបទចោទប្រកាន់ ថាបានផ្សាយព័ត៌មានមិនពិត។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយ មានសារជាភាសាចិនមួយ ត្រូវបានផ្ញើរនៅតាមទូរស័ព្ទដៃ និងសារមួយចំនួនទៀត ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម អះអាងអំពីការលក់វ៉ាក់សាំងចិន ក្នុងតម្លៃ១២០ដុល្លារ ឬ៤៥០ដុល្លារ (រូបផ្ដិតពីអេក្រង់ខាងក្រោម)។
នៅចំពោះព័ត៌មានទាំងនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជាបានចេញមុខ ប្រកាសប្រាប់បណ្ដាជនចិននៅកម្ពុជា ថាគ្មានការដាក់លក់វ៉ាក់សាំង នៅតាមទីផ្សារទេ និងអះអាងថា វ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិន ត្រូវបានរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងបានយ៉ាងល្អ៕