សម្រាប់លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការថ្មីថ្មោង របស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា ករណី«សម្រាមអណ្ដែត»នៅរាជធានីភ្នំពេញ គឺពលរដ្ឋជាអ្នកខុស ដោយសារតែពលរដ្ឋម្ចាស់សម្រាមទាំងនោះ មិនបានខ្ចប់វេចសម្រាម ដាក់ក្នុងស្បោងសម្រាម និងធុងសម្រាម ឲ្យបានត្រឹមត្រូវ។
សម្រាមអណ្ដែត បានរាយប៉ាយជាមួយនឹងទឹកភ្លៀងជន់ នៅតាមដងផ្លូវនានា ក្នុងរាជធានីភ្នំពេញ។ ទិដ្ឋភាពនេះ កើតឡើងបន្ទាប់ពីកម្មករក្រុមហ៊ុនស៊ីនទ្រី ផ្ទុះការតវ៉ា មុខក្រុមហ៊ុន ហើយធ្វើកូដកម្ម មិនព្រមចេញប្រមូល និងដឹកសំរាម តាំងពីច្រើនថ្ងៃមក។
ការអណ្ដែតរាយប៉ាយ នៃសម្រាម បានបង្កឲ្យមានការរិះគន់ មិនតិចទេ ពីសំណាក់ពលរដ្ឋអ្នករស់នៅក្នុងរាជធានី ជុំវិញសមត្ថភាព នៃការដោះស្រាយវិបត្តិសម្រាម ពីសំណាក់អាជ្ញាធរ។
ចំពោះលោក សួន សេរីរដ្ឋា ដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជារដ្ឋលេខាធិការថ្មីថ្មោង នៃក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលស្គាល់ថា ការប្រមូលសម្រាម វាជាកាតព្វកិច្ច របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង។
តែលោកបានបន្ទោស ទៅលើការវេចខ្ចប់សម្រាម ទុកដាក់សម្រាមក្នុងថង់ (ថង់សម្រាមត្រឹមត្រូវ) និងដាក់ចូលធុងសម្រាម ដែលលោកហៅថា ជា«កាតព្វកិច្ច»របស់ម្ចាស់សម្រាម។
លោក សេរីរដ្ឋា ដែលធ្លាប់រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន មិនសំចៃមាត់ បានចោទសួរជាសំនួរចំនួនពីរ នៅលើបណ្ដាញសង្គម ដើម្បីបញ្ចៀស (ឬសម្រាល) ការទទួលខុសត្រូវ របស់អាជ្ញាធរ។ ខាងក្រោមនេះ ជាសំនួរទី១៖
«តើម្ចាស់ផ្ទះ ម្ចាស់ហាង អ្នកលក់ដូរគ្រប់គ្នាហ្នឹង មានប្រើថង់សម្រាមត្រឹមត្រូវវេចខ្ចប់ និងមានប្រើធុងសម្រាម ដាក់សម្រាមកាកសំណល់ ដែលខ្លួនស៊ីសល់ហ្នឹង បានត្រឹមត្រូវហើយឬនៅ ?»
បន្ទាប់មក រដ្ឋលេខាធិការដែលទើបឡើងតំណែងថ្មី បានបន្តចោទសួរ ដោយប្រៀបធៀបករណីនេះ ទៅនឹងករណីបង្គន់តាមផ្ទះពលរដ្ឋ នៅពេលដែលរដ្ឋជុសជុល លូបង្ហូចេញមិនទាន់។ លោកសរសេរថា ៖
«បើមានករណីលូបង្ហូរបង្គន់សាធារណៈវាខូច រដ្ឋជួសជុលមិនទាន់ ធ្វើឲ្យបង្គន់ក្នុងផ្ទះខ្លួនវាស្ទះដែរនោះ តើនៅតែជុះ ដាក់ពេញផ្ទះរបស់ខ្លួន ដែរឬទេ ? (SIC)»