កម្ពុជា

សុខ ឥសាន ថា​​ក្រុមប្រឆាំង​កំពុង​ក្លាយជា​អ្នកទាយ​ នៅក្រោយ​«វង់ល្បែង»

យុទ្ធសាស្ត្រជាច្រើនរបស់ក្រុមប្រឆាំង នៅកម្ពុជា បានទទួលបរាជ័យ«យ៉ាង​អាម៉ាស» និងជាបន្តបន្ទាប់ ដែលធ្វើឲ្យក្រុមនេះ ក្លាយជា«អ្នកទាយ»នៅពីក្រោយ«វង់ល្បែង»វិញម្ដង។ នេះ បើតាមការលើកឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ដោយហៅយុទ្ធសាស្ត្រទាំងនោះ ថាជា«ឧបាយកលរាក់កំផែល»។

នៅលើប្រព័ន្ធតេឡ្រេក្រាម នៅថ្ងៃទី២៨ ខែកក្កដានេះ មន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើការប្រៀបធៀបថា ក្រុមប្រឆាំងនៅកម្ពុជា បានក្លាយខ្លួនជាអ្នក«អង្គុយទាយ» ហើយថែមទាំងអង្គុយទាយ នៅពីក្រោយ«វង់ល្បែង»ទៀត ដោយហេតុថា ពួកគេបានលេងល្បែងចាញ់ រហូតបោសគូថរួចហើយនោះ។

លោក សុខ ឥសាន បានរំឭកមកបញ្ជាក់ តាំងពីយុទ្ធសាស្ត្រដំបូងៗ របស់គណបក្សប្រឆាំង ដូចយ៉ាងការប្រើយុទ្ធនាការ «ម្រាមដៃស្អាត» និង«នៅផ្ទះឈ្នះឯង» ដោយនឹកស្មានថា នឹងគ្មានប្រជាជន ទៅបោះឆ្នោតនោះជាដើម។ លោកថា៖

«ផ្ទុយទៅវិញ ប្រជាជនកម្ពុជាជាង ៨៣%ទៅបោះឆ្នោត។»

លោកបានស្រង់សំដី«ឃោសនា» របស់ក្រុមប្រឆាំង មកបញ្ជាក់បន្តថា គ្មានប្រទេសណា ទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៨ នោះទេ។

«ផ្ទុយទៅវិញ អន្តរជាតិ រួមទាំងមេដឹកនាំ ប្រទេសមហាអំណាច មួយចំនួនផង បាន​ប្រកាសទទួលស្គាល់ និងផ្តល់កិត្តិយស ដល់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ ជាពិសេសទទួលស្គាល់ និងផ្តល់កិត្តិយស ជូនសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកម្ពុជា។»

អ្នកនាំពាក្យបានរៀបរាប់ ពីយុទ្ធសាស្ត្រផ្សេងទៀត របស់ក្រុមប្រឆាំង ដូចយ៉ាង«ការប្រឌិតរឿង» ដើម្បីបំបែកបំបាក់ផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសផ្ទៃក្នុងថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាតែម្តង ញុះញង់បំផុសបំផុលថា លោក ស ខេង ប៉ុនប៉ងផ្តួលរំលំលោក ហ៊ុន សែន បំផុសចង់ឲ្យលោក ឌី វិជ្ជា ចង់គំនុំនិងសងសឹក ជាមួយឪពុកក្មេករបស់លោក (លោក ហ៊ុន សែន) ជាដើម។ លោកបន្តថា៖

«តែឧបាយកលបំបែកបំបាក់នេះ ត្រូវទទួលបរាជ័យទៀត។»

សម្រាប់លោក សុខ ឥសាន បានគិតថា នៅរយៈពេលចុងក្រោយនេះ ក្រុមគណបក្សប្រឆាំង ថែមទាំងញុះញង់ ប្រជាជននិងកងទ័ព ឲ្យងើបបះបោរ ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ហើយស្វាគមន៍លោក សម រង្ស៊ី ដែលលោកចាត់ទុកថា ជាមេឧទ្ទាមក្រៅច្បាប់ ដើម្បីវិលចូលក្នុងស្រុក។ លោកបញ្ជាក់ថា៖

«តែឧបាយកលរាក់កំផែលនេះ អត់ប្រសិទ្ធភាព និងត្រូវបរាជ័យយ៉ាងអាម៉ាស់ និងធ្ងន់ធ្ងរទៀត៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។