វីដេអូ ពីនេះពីនោះ

សារព័ត៌មាន​អ៊ឺរ៉ុប​ផ្សាយ​វីដេអូ​ទាហានខ្មែរ​ពីរនាក់ ជិះម៉ូតូ​ធ្លាក់ក្នុង​«ចរន្ដទឹក»

វីដេអូទាហានខ្មែរទាំងពីរនាក់ ដែលធ្លាក់ចូលក្នុង«ចរន្ដទឹក» ត្រូវបានសារព័ត៌មានអង់គ្លេស «Daily Mail» ផ្សាយដំបូងគេ មុននឹងត្រូវសារព័ត៌មានផ្សេងទៀត ដកស្រង់យកទៅផ្សាយបន្ត។ ប៉ុន្តែពួកគេ ទំនងជាមិនស្គាល់ ពីទីតាំងពិតប្រាកដ នៃហេតុការណ៍ដែលទាហានខ្មែរទាំងពីររូប បានជួបគ្រោះថ្នាក់ រហូតបាត់បង់ជីវិតទេ ដោយផ្សព្វផ្សាយថា រឿងរ៉ាវនោះ បានកើតឡើង នៅខេត្តសៀមរាបទៅវិញ។

អាជ្ញាធរមូលដ្ឋានកម្ពុជា ត្រូវបានសារព័ត៌មានក្នុងស្រុក ដកស្រង់សំដី យកមកចុះផ្សាយថា រឿងរ៉ាវបានកើតឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៩ នៅខណៈពេលដែលទាហានទាំងពីរនាក់ ឈ្មោះ សុខ សុវណ្ណឌី និងឈ្មោះ ភីនី ដាលិ ដែលមានជំងឺ បានជិះម៉ូតូចេញទៅពិនិត្យសុខភាព។

លុះធ្វើដំណើរឆ្លងកាត់ នៅចំណុចស្ពានអូរមា ក្នុងភូមិសាស្ត្រអូរអាឡៃ ក្នុងស្រុកសៀមបាង ខេត្តស្ទឹងត្រែង ក្បែរព្រំដែនកម្ពុជា-ឡាវ ដែលទឹកកំពុងហូរខ្លាំង ស្ពានដែលកំពុងផុយស្រួយស្រាប់ ក៏បានបាក់ ហើយពួកគេទាំងពីរនាក់ ក៏បានធ្លាក់ចូលទៅក្នុងចរន្ដទឹក ដ៏ខ្មួលខ្មាញ់។

វីដេអូជួនហេតុការណ៍ នៃការធ្លាក់ទៅក្នុង«ចរន្ដទឹក» ត្រូវបានថតទាន់ ដោយក្មេងស្រីម្នាក់ ដោយដំបូងឡើយ នាងគ្រាន់តែចង់ថត ពីទឹកហូរដែលមានលក្ខណៈ ដ៏ខ្មួញខ្មាញ់មួយនេះប៉ុណ្ណោះ។

យ៉ាងណា សារព័ត៌មានអង់គ្លេស បានបញ្ជាក់ត្រឹមត្រូវ អំពីឈ្មោះរបស់ទាហានទាំងពីររូប ហើយថាពួកគេបានបាត់ខ្លួន តាំងពីថ្ងៃនោះមក។

ប៉ុន្តែសាកសពរបស់ទាហានទាំងពីរ ត្រូវបានគេរកឃើញ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ពោលគឺមួយថ្ងៃក្រោយមក ត្រង់ចំណុចមួយ ដែលមានចំងាយប្រមាណ ជា១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ សាកសពត្រូវបាន​អាជ្ញាធរ​បញ្ជូនរួចរាល់ ទៅឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ នៅឯស្រុកកំណើត របស់ពួកគេ (ក្នុងខេត្តកំពត និងខេត្តព្រះសីហនុ)៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។