កម្ពុជា

សុខ ឥសាន ថាក្រុមប្រឆាំង«ជិតងាប់»​ព្រោះ សម រង្ស៊ី មិនហ៊ាន​ចូលស្រុក

សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះថា ក្រុមប្រឆាំងកំពុងបែកបាក់ និងជ្រួលច្របល់ ដោយសារមេបក្សពួកគេ គឺលោក សម រង្ស៊ី បានប្រកាសមិនចូលស្រុកតាមសន្យា និងការភ្នាល់គ្នានោះ។

បើទោះជាលោក ហ៊ុន សែន ប្រធានគណបក្សបានព្រមាន មិនឲ្យនិយាយពីលោក សម រង្ស៊ី ទៀតក្ដី តែមន្ត្រីអ្នកពាក្យរបស់គណបក្សកាន់អំណាច នៅតែលើកមកនិយាយពីមេដឹកនាំ​ប្រឆាំង ដោយគ្រាន់តែលោកសុខ ឥសាន មិនបញ្ចេញឈ្មោះប៉ុណ្ណោះ។

ថ្លែងនៅតាមប្រព័ន្ធផ្ញើរសារតេឡេក្រាម លោក សុខ ឥសាន បានហៅក្រុមប្រឆាំង ជា«ពួកឧទ្ទាមក្រៅច្បាប់ ដែលកំពុងភៀសខ្លួននៅឯនាយសមុទ្រ» ថាកំពុងបែកបាក់គ្នា យ៉ាងស្រួចស្រាវ និងកំពុងជ្រួលច្របល់​យ៉ាងខ្លាំង ដោយសារអ្នកខ្លះចង់ទៅទទួល«លោក ប្រធានកំសាក» តែ«ទណ្ឌិតប្រធានមិនហ៊ានចូលស្រុក»។

អ្នកនាំពាក្យបានសរសេរថា៖

«អ្នកខ្លះកំពុងត្រៀមខ្លួន ដាក់ពាក្យសុំទទួលបាន នីតិសម្បទាធ្វើនយោបាយឡើងវិញ អ្នកខ្លះកំពុងអត់លុយហូបបាយនៅបរទេស ចង់វិលចូលស្រុកវិញ តែនៅអល់អែកក្នុងចិត្ត អ្នកខ្លះនៅដើររៃអង្គាសលុយកាក់ ឲ្យបានគ្រប់៣០ម៉ឺនដុល្លារ​តាមផែនការ ខ្លះទៅដើរញុះញង់ប្រជាជន​និងកងទ័ព ឲ្យបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា តែរង់ចាំមិនឃើញអ្នកណាងើបឡើងសោះ។»

លោក សុខ ឥសាន បានវាយតម្លៃថា ក្រុមប្រឆាំងកំពុងត្រដរខ្យល់ «ឈានទៅងាប់តៃហោង» តែលោក សម រង្ស៊ី បែរជាមកប្រឌិតរឿង ចង់ឲ្យដៃគូប្រកួតរបស់លោកស្លាប់ទៅវិញ។ លោកសរសេរថា៖

«លោកប្រធាន (សម រង្ស៊ី) នៅតែស្រែកថាខ្លាំងៗ រហូតដល់ដល់បែកបាក់គ្នាខ្ទេចខ្ទីអស់គ្មានសល់ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស រហូតមកដល់ធ្វើជាគ្រូទាយប្រឌិតរឿងចង់ឲ្យដៃគូប្រកួត ស្លាប់។ តែគួរឲ្យចង់ឲ្យអស់សំណើចណាស់ ពួកឧទ្ទាមក្រៅច្បាប់ កំពុងត្រដរខ្យល់ ឈានទៅងាប់តៃហោង នាពេលឆាប់ៗខាងមុខនេះហើយ នៅតែក្រអឺតក្រទមទៀត ដើម្បីបិទបាំងការបរាជ័យរបស់ខ្លួន។»

លោក សម រង្ស៊ី បានប្រកាសភ្នាល់ជាមួយលោក ហ៊ុន សែន កាលពីយប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថាបើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង ដូច​ការអះអាង​របស់​លោក​ទេ មេដឹកនាំប្រឆាំងនឹង​ត្រឡប់មក​ប្រទេស​កម្ពុជា ដើម្បី​ប្រគល់​ខ្លួន​ឲ្យ​លោក ហ៊ុន សែន ចាប់​។

តែកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី បានពន្យល់ថា  ការភ្នាល់គ្នានោះ ត្រូវបានចាត់ទុកជា​«មោឃៈ» ដោយលោកទម្លាក់កំហុស ទៅលើលោក ហ៊ុន សែន ថាបានប្ដូរលក្ខខណ្ឌ​ជាឯកតោភាគី តាមតែទំនើងចិត្ត៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។