វីដេអូ ពីនេះពីនោះ

កណ្ដុរ​ជាប់ខ្លួន​នឹង​«គម្របលូ» ទទួលបាន​ការសង្គ្រោះ​នៅអាល្លឺម៉ង់

មិនមែនជាកណ្ដុររ៉េមី (Rémy) នៅក្នុងភាពយន្ដគំនូរជីវចល «3D» រឿង «Ratatouille» របស់ផលិតកម្ម «Disney» អាមេរិកនោះទេ តែជាសត្វកណ្ដុរប្រមេះមែនទែន ដែលជាប់ខ្លួននឹង«គម្របលូ» កណ្ដាលក្រុង«Bensheim» ភាគខាងត្បូងអាល្លឺម៉ង់។

បើទោះជាកណ្ដុរ ជាអម្បូរសត្វដែលមិនទទួលបាន ការចូលចិត្តពីមនុស្សក៏ដោយ តែកណ្ដុរមួយក្បាលនេះ ត្រូវបានក្រុមអ្នកសង្គ្រោះអាល្លឺម៉ង់ ដែលមានចំនួនរហូតដល់ទៅ៨នាក់ ជួយរំដោះខ្លួនវាចេញពីគម្របលូ និងព្រលែងឲ្យវាត្រឡប់ទៅរស់នៅ តាមធម្មជាតិរបស់វាវិញ។

រឿងហេតុបានកើតឡើង តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ តែផ្នែកជួយសង្គ្រោះសត្វ ក្នុងប្រទេសអាល្លឺម៉ង់ ហៅ «Berufstierrettung Rhein Neckar» បានចែករំលែករូបថត និងវីដេអូ អំពីហេតុការណ៍នេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ពោលគឺមួយថ្ងៃក្រោយមក។

បើតាមទស្សនាវដ្ដីអាល្លឺម៉ង់ «Bild» បានឲ្យដឹងថា ដំបូងឡើយគឺលោក «Michael Sehr» ជំនាញខាងជួយសង្គ្រោះសត្វក្នុងក្រុងនោះ ជាអ្នកបានឃើញកណ្ដុរមួយក្បាលនេះ នៅជាប់ខ្លួនកណ្ដាលថ្នល់។ លោកបានសាកល្បងជួយវា តែបានសម្រេចចិត្តនៅទីបំផុត ហៅអ្នកជួយសង្គ្រោះរបស់រដ្ឋ ឲ្យជួយធ្វើអន្តរាគមន៍។ លោកបានថ្លែងឡើងថា៖

«យើងមិនត្រូវបែងចែក ឬរើសអើងអ្វីទេ។ សត្វទាំងអស់មានសិទ្ធិស្មើគ្នា នៅចំពោះមុខច្បាប់។»

បន្ទាប់មកក្រុមអ្នកជួយសង្គ្រោះអាជីព ចំនួន៨នាក់ បានស្ម័គ្រចិត្តមកដល់កន្លែងកើតហេតុ និងបានលើកគម្របលូនេះឡើង ដើម្បីរំដោះកណ្ដុរមួយក្បាលនេះ បានរួចរស់ជីវិតទៅហោង៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។

Tags: Animal