កម្ពុជា

លក់ម៉ូតូ​ដូរអង្ករ៖ រដ្ឋមន្ត្រី​ព័ត៌មាន​ថា «មានម៉ូតូ» មិនមែនអ្នកក្រ

«មានម៉ូតូ មិនអាចរាប់បញ្ចូល ក្នុងស្ថានភាពក្រីក្របានទេ» នេះ ជាការពន្យល់ឡើង របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង«ឃ្លាំមើល»ព័ត៌មាន ដែលទើបនឹងចេញមុខ មកការពារសំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ។

ការថ្លែងរបស់លោក ហ៊ុន សែន នៅចំពោះក្រុមអ្នកសារព័ត៌មាន ដែលមានន័យដើមថា «បើអ្នករត់ម៉ូតូឌុបត្អូញត្អែរ តើមានរដ្ឋប៉ះប៉ូវឬទេ? លក់ម៉ូតូសិនទៅ ទិញអង្ករស៊ីសិន។» បានបណ្ដាលឲ្យអ្នកសារព័ត៌មានម្នាក់ ត្រូវអាជ្ញាធរក្រុងភ្នំពេញ ចាប់ឃុំខ្លួន និងបញ្ជូនឡើងតុលាការ ចោទពីបទ«ញុះញង់» បន្ទាប់ពីអ្នកសារព័ត៌មានរូបនោះ បានស្រង់សំដីខាងលើ មកបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ខ្លួន។

បើសិនជាអ្នកនាំពាក្យនគរបាលក្រុង បានអះអាងជំនួសលោក ហ៊ុន សែន ថាពាក្យសំដីខាងលើ ជាភាសានិយាយលេងនោះ តែសម្រាប់លោក ខៀវ កាញារីទ្ធ បានពន្យល់ការពារលោក ហ៊ុន សែន ក្នុងថ្ងៃនេះថា សំដីនោះ មិនមែនជាភាសានិយាយលេងទេ តែអ្នកស្រង់សំដីខាងលើ មកផ្សាយ គឺ«មិនទាន់ចេះសរសេរអត្ថបទ ឬ មួយមានគំនិតអាក្រក់» ព្រោះស្រង់សំដី ដោយកាត់សំដីដើម និងកន្ទុយ យមកផ្សាយ ដែលខុសពីបរិបទទាំងមូល។

លោក ខៀវ កាញារីទ្ធ បានសរសេរ នៅលើបណ្ដាញសង្គមថា៖

«ឃើញអ្នកបង្ហោះពាក្យថា “បើអ្នករត់ក្ស័យធន លក់ម៉ូតូចាយសិនទៅ ទុកសង្ហារធ្វើអីទៀត” ដោយសំអាងថា ជាពាក្យរបស់សម្តេចតេជោ។ តាមពិត អ្នកស្រង់សំដីមួយឃ្លានេះ មកផ្សាយ គឺ ឬមួយមិនទាន់ចេះសរសេរអត្ថបទ ឬមួយមានគំនិតអាក្រក់។ ព្រោះគេនាំគ្នា កាត់សំដីដើម សំដីកន្ទុយ ដកតែមួយឃ្លា ពីបរិបទទាំងមូល ដែលជជែកគ្នា។»

បរិបទ«ទាំងមូល» នៃការថ្លែងរបស់លោក ហ៊ុន សែន ដែលបកស្រាយឡើង ដោយរដ្ឋមន្ត្រី នៃក្រសួង«ឃ្លាំមើល»ព័ត៌មាន បានសេចក្ដីថា គឺលោក ហ៊ុន សែន មិនបានចាត់ទុកថា ក្រុមអ្នករត់ម៉ូតូឌុបទាំងនោះ ជាជនក្រីក្រទេ។ លោក ខៀវ កាញារីទ្ធ បានសរសេរថា៖

«សំដីមួយឃ្លានេះ គឺនិយាយពីលក្ខខណ្ឌ ដែលរដ្ឋអាចជួយ អ្នកស្ថិតក្នុងភាពក្រីក្រ តាមប្រព័ន្ធសំណាញ់សន្តិសុខសង្គម ដែលរដ្ឋមានគោលការណ៍ ជួយអ្នកក្រីក្រមួយចំនួន។ តែក្នុងនិយមន័យ “ក្រីក្រ”ដែលបានកំណត់ ក្នុងការងារជំរឿន កន្លងមក មានម៉ូតូ មិនអាចរាប់បញ្ចូល ក្នុងស្ថានភាព”ក្រីក្រ”បានទេ។»

ផ្ទុយទៅវិញ នៅក្នុងបរិបទ«ទាំងមូល» នៃការថ្លែងរបស់លោក ហ៊ុន សែន នៅក្នុងស្ថានភាពរាតត្បាត នៃជំងឺ«Covid-19» នាពេលនេះ គឺលោក ហ៊ុន សែន ចង់ឲ្យអ្នករត់ម៉ូតូឌុបទាំងនោះ ត្រូវប្ដូរមុខរបរ និងមិនត្រូវទាមទារ ឲ្យរដ្ឋ«ត្រូវតែ»រ៉ាប់រង លើពួកគេឡើយ។ នេះ បើតាមសេចក្ដីសន្និដ្ឋាន របស់លោក ខៀវ កាញារីទ្ធ៖

«នេះជាអត្ថន័យ ដែលសម្តេចចង់បញ្ជាក់ ក្នុងពេលដែលលោកក៏បានលើកឡើង ឲ្យបង្វែរមុខរបរ ក្នុងស្ថានភាពកូវីដ១៩ ដោយមិនត្រូវទាមទារឲ្យរដ្ឋ “ត្រូវតែ” រ៉ាប់រងគ្រប់បែបយ៉ាង នោះឡើយ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។