តបនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឲ្យមេធាវីលោកប្ដឹងរឹបអូសទ្រព្យសម្បត្តិបណ្ដាមន្ត្រីប្រឆាំងកាលពីព្រឹកម៉ិញនេះ មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានថ្លែងខ្លាំងៗព្រមានឡើងថា ក្រុមលោកនឹងរឹបអូសទ្រព្យសម្បត្តិ របស់ក្រុមគ្រួសារត្រកូល ហ៊ុន វិញ នៅពេលណាបុរសខ្លាំងកម្ពុជា អស់អំណាច ឬធ្លាក់ចេញពីតំណែង។
កាលពីព្រឹកថ្ងៃអង្គារទី១២ ខែមិនា ឆ្នាំ២០១៩នេះ នៅក្នុងពិធីស្វែងរកការគាំទ្រ ពីក្រុមកម្មករ-កម្មការិនី ដែលប្រព្រឹត្តិទៅនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង លោកនាយករដ្ឋមន្ត្រីបានប្រាប់ ឲ្យក្រុមមេធាវីរបស់លោក សិក្សាត្រៀមដាក់ពាក្យបណ្ដឹង ប្ដឹងក្រុមមន្ត្រីគណបក្សប្រឆាំង ដែលលោក ហ៊ុន សែន អះអាងថា បានជេរប្រមាថអាយុជីវិតលោក តាមរយៈបណ្ដាញសង្គម។
លោក ហ៊ុន សែន អះអាងថា ពាក្យបណ្ដឹងនោះ គឺដើម្បីឲ្យតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិ របស់មន្ត្រីទាំងនោះ ដែលមាននៅក្នុងប្រទេស ដើម្បីយកទៅចែកឲ្យកុមារកំព្រា។
តបនឹងការគម្រាមរបស់បុរសខ្លាំងកម្ពុជា មេដឹកនាំប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី ក្នុងយប់ថ្ងៃអង្គារដដែលនេះ តបទៅវិញថា៖
«ខ្ញុំអត់ខ្វល់ទេ [ចំពោះការប្រើប្រព័ន្ធតុលាការ ដើម្បីរឹបអូសទ្រព្យសម្បត្តិមន្ត្រីប្រឆាំង]។ អ្វីដែលខ្ញុំខ្វល់នោះ គឺ ហ៊ុន សែន ហ្នឹង គាត់ប្រើតុលាការទៅរឹបអូសដីធ្លីប្រជារាស្ត្រ ទ្រព្យសម្បត្តិប្រជារាស្ត្រ ដីធ្លីផ្ទះសម្បែងប្រជារាស្ត្រ គ្រប់ខេត្តក្រុងទាំងអស់។»
លោក សម រង្ស៊ី បានព្រមានដោយប្រយោល តបទៅលោក ហ៊ុន សែន វិញថា៖
«គ្រាន់តែខ្ញុំសុំជម្រាបប្រជារាស្ត្រ ពេល ហ៊ុន សែន ចុះចេញពីតំណែង ខ្ញុំនឹងរឹបអូសទ្រព្យសម្បត្តិ ហ៊ុន សែន និងក្រុមគ្រួសារ ហ៊ុន សែន រាប់ពាន់លានដុល្លារ។ យើងនឹងរឹបអូសវិញ យកមកសងបំណុលជំនួសប្រជារាស្ត្រ ពីព្រោះប្រជារាស្ត្រខ្មែរ កសិករគ្រប់មជ្ឈដ្ឋានទាំងអស់ គឺជំពាក់គេវ័ណ្ឌក ដោយសារ ហ៊ុន សែន ធ្វើឲ្យក្រ ហ៊ុន សែន លួចដីលួចមុខរបរ ហ៊ុន សែន កាប់ព្រៃឈើ ធ្វើឲ្យប្រជារាស្ត្រពិបាករស់នៅ ទៅខ្ចីលុយគេ (…)។»
«ហ៊ុន សែន ធ្វើឲ្យក្រ។ អញ្ចឹងប្រជារាស្ត្រជំពាក់លុយគេវ័ណ្ឌក ដោយសារ ហ៊ុន សែន។ អញ្ចឹងថ្ងៃណា ហ៊ុន សែន បាត់បង់តំណែង អស់អំណាច យើងនឹងរឹបអូសទ្រព្យសម្បត្តិក្រុមគ្រួសារ ហ៊ុន សែន យកមកចែកប្រជារាស្ត្រ យកមកសងបំណុលជំនួសប្រជារាស្ត្រ។»៕