មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្មនៅថ្ងៃនេះ ចំពោះការគម្រាមប្រើកាំភ្លើងយន្ដ ចេញពីលេណដ្ឋាន បាញ់រូបលោក ប្រសិនជាលោកវិលចូលប្រទេសវិញ តាមព្រំដែនគោក។ ប្រធានស្ដីទីគណបក្សប្រឆាំង បានហៅចំណាត់ការរបស់លោក ហ៊ុន សែន មួយនេះ ថាជាការគម្រាម ដល់ស្ថិរភាពតំបន់ទាំងមូលតែម្ដង។
កាលពីថ្ងៃចន្ទទី២៥ ខែមិនា ឆ្នាំ២០១៩សប្ដាហ៍មុន នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតបញ្ចប់ការសិក្សា នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងត្រៀមប្រើ«កាំភ្លើងយន្ដ» ដែលមានដាក់ក្នុងលេណដ្ឋាន នៅតាមព្រំដែនគោក ដើម្បីរង់ចាំស្វាគមន៍លោក សម រង្ស៊ី ដែលប្រកាសម្ដងហើយម្ដងទៀត ពីការធ្វើមាតុភូមិនិវត្តន៍របស់លោក និងក្រុមមន្ត្រីស្និតជាមួយលោក។
មេដឹកនាំកម្ពុជា បានថ្លែងនៅពេលនោះថា៖
«ហើយបើមកតាមទល់ដែន អាហ្នឹងល្អមើលតើ! អញអត់ដឹងទេ! អញអត់ដឹងទេតាមទល់ដែន! ឯងត្រូវដឹង ទល់ដែនគេធ្វើម៉េច? គេដាក់ត្រង់សេ[លេណដ្ឋាន] ហើយគេមានកំាំភ្លើងយន្តនៅហ្នឹង គ្រាន់តែបច្ចុប្បន្នយើងហាមប្រើមីនប្រឆាំងមនុស្ស តែប៉ុណ្ណឹងទេ។ ប៉ុន្តែ អ្ហែងត្រូវដឹង បើមកតាមទល់ដែន រឿងធំហើយ។»
លោក ហ៊ុន សែន បានបន្តចោទសួរថា បើគូបដិបក្ខនយោបាយមួយនេះ ត្រឡប់មកប្រទេសវិញតាមព្រំដែនគោក តើតាមព្រំដែនប្រទេសណា? លោកឆ្លើយដោយខ្លួនលោកថា ព្រោះមេដឹកនាំប្រឆាំងមិនត្រូវគ្នានឹង វៀតណាម និងឡាវទេ ខណៈប្រទេសថៃ «គេមិនល្ងង់ឡើយ»។
នៅថ្ងៃពុធទី៣ ខែមេសា ឆ្នាំ២០១៩នេះ លោក សម រង្ស៊ី បានឆ្លើយតបវិញ ដោយហៅការគម្រាមនោះ ថាជាគម្រោងទុកជាមុន ក្នុងការសម្លាប់រង្គាល ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្ថិរភាពទាំងក្នុងប្រទេសកម្ពុជា និងទាំងនៅក្នុងតំបន់ទាំងមូល។
ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេរជាភាសាអងគ្លេស នៅលើទំព័រទ្វីសធើររបស់លោកថា៖
«ការលើកឡើងរបស់លោក ហ៊ុន សែន នេះនឹងបង្កើតលទ្ធភាព នៃគម្រោងសម្លាប់រង្គាលទុកជាមុនមួយ នៅតាមព្រំដែនថៃ – កម្ពុជា ដោយហេតុថា សម រង្ស៊ី នឹងត្រូវបានអមដំណើរ ដោយអ្នកគាំទ្រក្នុងស្រុក និងបរទេសរាប់រយនាក់ នៅពេលមកដល់ប្រទេសកម្ពុជា។»
លោក សម រង្ស៊ី ថ្លែងទៀតថា៖
«ការសម្លាប់រង្គាល នៅនឹងព្រំដែនកម្ពុជា – ថៃ នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែសម្រាប់ស្ថិរភាពផ្ទៃក្នុង របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ស្ថេរភាពក្នុងតំបន់ នៅក្នុងតំបន់អាស៊ាន ដោយហេតុថា ប្រទេសជាច្រើនច្បាស់ជាលូកដៃ ចូលក្នុងបញ្ហានេះ៕»