កម្ពុជា

សម រង្ស៊ី៖ មូលហេតុ២​ដែល ហ៊ុន សែន ដាក់​កម្ពុជា​ជា«អាណានិគម​របស់​ចិន»

មេដឹកនាំប្រឆាំងនៅកម្ពុជា លោក សម រង្ស៊ី បានលើកពីមូលហេតុចំនួនពីរ ដើម្បីអ្វីមួយ ដែលលោកអះអាងថា បាននាំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់កម្ពុជា ឲ្យក្លាយជា«អាណានិគម​របស់​ចិន»។

ការអះអាងរបស់ប្រធានស្ដីទីគណបក្សប្រឆាំង ធ្វើឡើងនៅលើបណ្ដាញសង្គម កាលពីមុននេះ បន្ទាប់ពីការចេញផ្សាយ របស់សារព័ត៌មានដ៏ល្បីរបស់អាមេរិក ជុំវិញ​«កិច្ចព្រមព្រៀងសម្ងាត់»​មួយ រវាងក្រុងភ្នំពេញ និងក្រុងប៉េកាំង ក្នុងការអនុញ្ញាតឲ្យចិន ប្រើមូលដ្ឋានយោធាជើងទឹកកម្ពុជា នៅខេត្តព្រះសីហនុ ក្នុងរយៈពេល៣០ឆ្នាំ។

ប៉ុន្តែការចេញផ្សាយនោះ ត្រូវបានលោកនាយករដ្ឋមន្ត្រីខ្លួនឯង ចេញមុខបដិសេធ ដោយហៅព័ត៌មាននោះ ថាជាការប្រឌិតដ៏អាក្រក់បំផុត ប្រឆាំងកម្ពុជា។

សម្រាប់លោក សម រង្ស៊ី បានលើកឡើងផ្ទុយទៅវិញថា តាមពិតទៅ លោក ហ៊ុន សែន កំពុង«សប្បាយចិត្ត» ក្នុងការដាក់កម្ពុជា ឲ្យក្លាយជា«អាណានិគម​របស់​ចិន»។ លោកចោទសួរថា «ហេតុអ្វី?» មុននឹងឆ្លើយដោយខ្លួនលោក នូវមូលហេតុចំនួនពីរ ដូចការដកស្រង់ទាំងស្រុង ខាងក្រោមនេះ៖

«១- ហ៊ុន សែន ខ្ចីលុយពីចិនច្រើនពេក (រាប់ពាន់លានដុល្លារ) យកមកប្រព្រឹត្តអំពើពុករលួយ ហើយគាត់គ្មានអ្វី សងទៅចិនវិញ ក្រៅពីប្រគល់ទឹកដីកម្ពុជា ឲ្យទៅម្ចាស់បំណុល។»

«២- ហ៊ុន សែន ដឹងខ្លួនថា ប្រជារាស្ត្រខ្មែរ មានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ត្រៀមងើបឈរ ប្រឆាំងរបបផ្តាច់ការសព្វថ្ងៃ ហើយ ហ៊ុន សែន ត្រូវការឲ្យមានវត្តមានកម្លាំងចិនកាន់តែច្រើន ដើម្បីការពារអំណាចគាត់ ដោយត្រៀមបង្ក្រាបកម្លាំងខ្មែរស្នេហាជាតិ ដែលទាមទារលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ ដោយផ្តួលរំលំរបប ហ៊ុន សែន សព្វថ្ងៃ។»

គូបដិបក្ខនយោបាយ របស់លោក ហ៊ុន សែន បានបន្តធ្វើសេចក្ដីសន្និដ្ឋានថា បុរសខ្លាំងកម្ពុជា បាន«ជ្រុលក្បាលក្រពើទៅហើយ» និង«មិនអាចដកខ្លួន ចេញពីកណ្តាប់ដៃចិនបានទេ» ហើយចិន «ក៏ជ្រុលក្បាលក្រពើ» ដូចគ្នាដែរ។ លោក សម រង្ស៊ី បន្តថា ចិននឹងមិនព្រមដកខ្លួន ចេញពីកម្ពុជាបានទេ ដរាបណាលោក ហ៊ុន សែន នៅតែកាន់អំណាច។

មេដឹកនាំប្រឆាំង បានសរសេរថា៖

«អ្វីដែលចិនចង់បានជាងគេ ពីកម្ពុជា គឺមូលដ្ឋានយោធា (សម្រាប់កងទ័ពជើងទឹក និងជើងអាកាសរបស់ចិន) នៅខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីគំរាមកំហែង ឬឈ្លានពានប្រទេសជិតខាង តទៅទៀត។»

«ដើម្បីឲ្យចិន ដកមូលដ្ឋានយោធារបស់ខ្លួន ចេញពីប្រទេសកម្ពុជា ឬក៏បញ្ឈប់ការសាងសង់មូលដ្ឋានទាំងនោះ ហើយដើម្បីឲ្យកម្ពុជា ប្រកាន់ខ្ជាប់ នូវអព្យាក្រិតភាពរបស់ខ្លួន តាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ ១៩៩១ ប្រជារាស្ត្រខ្មែរនិងសហគមន៍អន្តរជាតិ ត្រូវតែដក ហ៊ុន សែន ចេញពីតំណែង ជាបន្ទាន់៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។