លោក សម រង្ស៊ី បានបង្ហាញ ពីលទ្ធភាព«៣យ៉ាង ដែលជួយការពារប្រទេស ស្ថិតនៅតំបន់អាស៊ីភាគអាគ្នេយ៍ ដូចប្រទេសកម្ពុជា» ពីការរាតត្បាតនៃជំងឺ«Covid-19»។
មកដល់ថ្ងៃនេះ របបក្រុងភ្នំពេញបានបញ្ចេញ «តួលេខផ្លូវការ» ថាកម្ពុជាមានករណីឆ្លងជំងឺ «Covid-19» នៅត្រឹម ១២២នាក់ ដែលជាតួលេខរកឃើញ តាំងពីច្រើនសប្ដាហ៍មុន។ ក្រសួងសុខាភិបាលកម្ពុជា បានអះអាងថា អ្នកជំងឺដែលបានជាសះស្បើយ មានចំនួនកើនឡើង ដល់១២០នាក់។
សម្រាប់លោក សម រង្ស៊ី បានលើកឡើង ពីមូលហេតុ ៣យ៉ាង ដើម្បីសាកល្បងពន្យល់ថា ការរាតត្បាតជំងឺកូវីត-១៩ មានភាពធ្ងន់ធ្ងរ តែចំពោះប្រទេសមួយចំនួន ប្រៀបធៀបទៅនឹង ប្រទេសមួយចំនួនទៀត។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរ ពីមូលហេតុទាំងនោះ នៅក្នុងបទវិភាគខ្លីមួយ ដែលលោកបង្ហោះ នៅលើបណ្ដាញសង្គម ដូចការដកស្រង់ទាំងស្រុង ខាងក្រោម៖
១- កំដៅធាតុអាកាស
មេរោគកូវីត-១៩ លូតលាស់ និងផ្សព្វផ្សាយយ៉ាងងាយ ក្នុងសីតុណ្ហភាព ពី ១០ ទៅ ១៥ អង្សារ C។ នៅតំបន់យើង សីតុណ្ហភាពខ្ពស់ជាងនេះ គឺ ២០ ទៅ ៤០ អង្សារ C។ មេរោគកូរ៉ូណាវីរុស វានឹងស្លាប់ទាល់តែចាប់ពី ៦០-៧០ អង្សារ C ឡើងទៅ។ ក្រោមនេះ វាមិនទាន់ស្លាប់ទេ តែកំដៅកម្រិតនេះ មិនសូវអំណោយផល ឲ្យវាទេ។
២- ជំងឺកូវីត-១៩ រាតត្បាតយ៉ាងងាយស្រួល ចំពោះមនុស្សចាស់ មនុស្សប្រុស និងមនុស្សធាត់
នៅតំបន់យើង ជាពិសេស នៅប្រទេសកម្ពុជា ពលរដ្ឋភាគច្រើន ជាមនុស្សក្មេង មនុស្សស្រី និងមនុស្សស្គម។ យ៉ាងដូច្នេះហើយ បានជាកម្មការិនី នៅតាមរោងចក្រ មិនសូវរងគ្រោះប៉ុន្មានទេ។
៣- ប្រទេសណា ដែលធ្លាប់ប្រឈម នឹងជំងឺគ្រុនចាញ់ ហាក់ដូចជាមានភាពសុាំ (immunity) ខ្លះ ចំពោះជំងឺកូវីត-១៩
សូមមើលផែនទី ភ្ជាប់មកជាមួយនេះ ដែលបង្ហាញថា ប្រទេសដែលអត្រាអ្នកស្លាប់ ខ្ពស់ជាងគេ (ចាប់ពី ២០០ នាក់ឡើងទៅ លើពលរដ្ឋ ១ លាននាក់) គឺស្ថិតនៅទ្វីបអឺរ៉ុបខាងលិច និងទ្វីបអាមេរិកខាងជើង ដែលមិនស្គាល់ ជំងឺគ្រុនចាញ់សោះ៕