កម្ពុជា

សម រង្ស៊ី ផ្ញើរ​សារ​«ឲ្យ ហ៊ុន សែន ដោះលែង កឹម សុខា មុន​មន្ត្រី​ទាំង​១១៨»

មេដឹកនាំប្រឆាំងរបស់កម្ពុជា លោក សម រង្ស៊ី ដែលកំពុងស្ថិត​​ក្នុងប្រទេសបារាំង បានផ្ញើរសារមួយ នៅមុននេះបន្តិច ជូនទៅនាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា លោក ហ៊ុន សែន ដើម្បីស្នើឲ្យធ្វើការដោះលែង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឲ្យមានសេរីភាពពេញលេញ។

លោក សម រង្ស៊ី ដែលហៅខ្លួនលោក​​ជាប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោក ដើម្បីសរសេរសារនោះ ដូចការដកស្រង់ទាំងស្រុងខាងក្រោមថា៖

ក្នុងនាមមន្ត្រីគណបក្សសង្គ្រោះជាតិ ទាំង ១១៨ រូប ដែលតុលាការកំពូល បានដកហូតសិទ្ធិធ្វើសកម្មភាពនយោបាយ តាំងពីថ្ងៃ ១៦ វិច្ឆិកា ២០១៧ មក ខ្ញុំសូមប្រាប់ទៅលោក ហ៊ុន សែន ថាមិនចាំបាច់គិតគូរ ពីពួកយើងទេ ពីព្រោះពួកយើងមិនត្រូវការ ឲ្យគេផ្តល់សិទ្ធិធ្វើសកម្មភាពនយោបាយ ឲ្យពួកយើងវិញទេ ដរាបណាលោក កឹម សុខា ដែលជាប្រធានគណបក្សសង្គ្រោះជាតិ មិនទាន់បានទទួល សេរីភាពពេញលេញ​នៅឡើយទេ ហើយដរាបណា​អាជ្ញាធរ ទីក្រុងភ្នំពេញ មិនទាន់បានទម្លាក់ចោល នូវរាល់ការចោទប្រកាន់ មកលើលោកប្រធាន កឹម សុខា។

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំស្គាល់ច្បាស់ មន្ត្រីគណបក្សសង្គ្រោះជាតិទាំង ១១៨ រូបនោះ ពីព្រោះអ្នកទាំងនោះបានទទួលតំណែងរបស់ខ្លួន នៅពេលដែលខ្ញុំកាន់តំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ។

កាលពីថ្ងៃចន្ទ ទី៣ ខែធ្នូ ឆ្នាំ២០១៨  ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយ ហុចដៃសម្រួលទៅដល់មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូល ព្យួរសិទ្ធិធ្វើនយោបាយ ក៏ដូចជាទៅដល់ ប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួន អាចធ្វើសកម្មភាពនយោបាយ ឬសកម្មភាព​ក្នុង​ស្ថាប័ន​ខ្លួន​ធម្មតា​ឡើងវិញ។

ក្នុងថ្ងៃដដែលនោះ រដ្ឋសភាឯកបក្សកម្ពុជា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានមួយដែរ លើកឡើងពីគម្រោង ធ្វើ​វិសោធនកម្មជាថ្មីទៀត ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដើម្បីអ្វីមួយ ដែលស្ថាប័នជាតិមួយនេះ អះអាងថា ជាការបើកលទ្ធភាព ឲ្យមន្ត្រីបក្សប្រឆាំងទាំង១១៨នាក់ អាចវិលទៅធ្វើនយោបាយវិញបាន។ មន្ត្រីទាំងនោះ ត្រូវបានតុលាការកំពូលកម្ពុជា ចេញសាលក្រម ហាមឃាត់ធ្វើនយោបាយ ក្នុងរយៈពេល៥ឆ្នាំ ស្របគ្នានឹងសាលក្រមរំលាយគណបក្សសង្គ្រោះជាតិ ដែលធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ការទាមទារខាងលើនេះ មិនមែនទើបនឹងត្រូវបានលោក សម រង្ស៊ី ធ្វើជាលើកទីមួយទេ។ កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ពោលគឺប៉ុន្មានថ្ងៃ ក្រោយសេចក្ដីប្រកាសរបស់រដ្ឋាភិបាលលោក ហ៊ុន សែន អតីតប្រធានគណបក្សប្រឆាំងរូបនេះ ក៏បានថ្លែងតាមប្រព័ន្ធផ្សព្វផ្សាយ ទាមទារការដោះលែងលោក កឹម សុខា ដូចគ្នាដែរ ដោយបូកបន្ថែមនឹងការទាមទារ នូវលក្ខខណ្ឌចំនួន៤ចំណុចផ្សេងទៀត៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។