មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា ការចាប់ពង្រត់សកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ គឺជាការសងគុណ ពីលោក ហ៊ុន សែន ទៅលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចន្ទអស្ចារ្យ (Prayut Chan-O-Cha)។
លោក សម រង្ស៊ី បានលើកឡើងដូច្នេះ តាមបណ្ដាញសង្គម នៅក្នុងសារមួយរបស់លោក ដើម្បីសំដែងសាមគ្គីភាព ជាមួយក្រុមអ្នកប្រជាធិបតេយ្យ នៅប្រទេសថៃ ដែលមេដឹកនាំប្រឆាំង អះអាងថា ពួកគេកំពុងតវ៉ា ពីការបាត់ខ្លួនលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិសរសេរឡើងថា៖
«ការចាប់ខ្លួននេះ ដែលធ្វើឡើងនៅកណ្តាលថ្ងៃត្រង់ (Editor’s Note: បើតាមរបាយការណ៍ជាច្រើន បានអះអាងថា ហេតុការណ៍កើតឡើង នៅម៉ោង១៧ល្ងាច) គឺជាអំពើភេរវកម្ម រៀបចំដោយរដ្ឋអំណាច ដែលជាជំនាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដែលបានធ្វើឲ្យអ្នកប្រជាធិបតេយ្យខ្មែរច្រើនរូប បាត់បង់ជីវិត។»
គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានរៀបរាប់បន្តថា៖
«ការចាប់ខ្លួនដោយលួចលាក់ អ្នកប្រឆាំងថៃ ឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ នេះ គឺជាការសងគុណ ពីលោក ហ៊ុន សែន ទៅលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចន្ទអស្ចារ្យ ដែលបានហាមឃាត់រូបខ្ញុំ ក្នុងឋានៈខ្ញុំ ជាមេគណបក្សប្រឆាំងតែមួយគត់ ដែលមានសេរីភាព មិនឲ្យខ្ញុំវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ ដោយឆ្លងកាត់ប្រទេសថៃ ដូចខ្ញុំបានគ្រោង កាលពីថ្ងៃ ០៩ វិច្ឆិកា ២០១៩។»
តាំងពីពាក់កណ្តាលខែកក្កដាមក នៅក្នុងប្រទេសថៃ រលកបាតុកម្មជាច្រើន ដែលដឹកនាំដោយនិស្សិត បានផ្ទុះឡើងស្ទើររាល់ថ្ងៃ។ រូបថតរបស់សកម្មជននយោបាយថៃ លោក វ៉ាន់ឆាឡឺម ត្រូវបានក្រុមបាតុករ កាន់បង្ហាញ ដើម្បីធ្វើជានិមិត្តរូប នៃការតវ៉ាទាមទារ របស់ពួកគេ។
ក្នុងលិខិតមួយចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ របស់ស្ថានតំណាងកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងប្រាប់អង្គការពិភពលោកនេះថា គ្មានតំរុយអំពីការចាប់ពង្រត់សកម្មជនថៃខាងលើ នៅរាជធានីភ្នំពេញទេ។ លិខិតនោះ បានរៀបរាប់ថា ទិដ្ឋាការរបស់លោក វ៉ានឆាឡឺម សាតស័ក្តិសិទ្ធ ដែលរស់នៅភៀសខ្លួន នៅកម្ពុជានោះ បានផុតសុពលភាព តាំងពីជិត៣ឆ្នាំមុន។
លិខិតដដែលបានបន្តថា៖
«ចាប់ពីពេលនោះមក គ្មានការស្នើសុំ [ទិដ្ឋាការ] បន្តទៀត ត្រូវបានគេធ្វើឡើង សម្រាប់បន្តការស្នាក់នៅបណ្ដោះអាសន្នបន្ថែមទៀត របស់រូបគេ នៅក្នុងប្រទេសកម្ពុជានោះឡើយ។ ក្រៅពីព័ត៌មាន ពីប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរពាក់ព័ន្ធ របស់កម្ពុជាមិនបានដឹង ឬមានតម្រុយ អំពីការចាប់ពង្រាត់លោក វ៉ាន់ឆាឡឺម នោះទេ។»
ក្រៅពីទាមទារ ឲ្យស្វែងរកយុត្តិធម៌ សម្រាប់លោក វ៉ាន់ឆាឡឺម ក្រុមបាតុករថៃថែមទាំងបានទាមទារ ឲ្យនាយករដ្ឋមន្ត្រីថៃ លោក ប្រយុទ្ធ ចន្ទអស្ចារ្យ ចុះចេញពីតំណែង និងឲ្យមានការបញ្ចប់ ការក្តោបក្តាប់អំណាច របស់ពួកយោធា នៅក្នុងនយោបាយថៃថៃមទៀត។
ការទាមទារខាងលើ របស់ក្រុមបាតុករថៃ ទំនងជាត្រូវលោក សម រង្ស៊ី ទាញភ្ជាប់នៅក្នុងសារនយោបាយរបស់លោក ជាបន្តថា៖
«អ្នកប្រជាធិបតេយ្យខ្មែរ និងអ្នកប្រជាធិបតេយ្យថៃ ត្រូវតែរួមកម្លាំងគ្នា ដើម្បីធ្វើឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅប្រទេសកម្ពុជា និងនៅប្រទេសថៃ ដូចជានៅក្នុងតំបន់អាស៊ាន (ASEAN) ទាំងមូល ដែលត្រូវគោរពសិទ្ធិមនុស្ស ឲ្យបានត្រឹមត្រូវ៕»