មេដឹកនាំប្រឆាំង មិនបានតំអក់យូរឡើយ ក្នុងការធ្វើប្រតិកម្ម តបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជុំវិញការបបួលលោក ឲ្យមកស្បថជាថ្មីទៀត ក្នុងសំនុំរឿងមរណភាពរបស់លោក ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ។ លោក សម រង្ស៊ី បានចាត់ទុកការបបួលគេឯងស្បថ ម្ដងហើយម្ដងទៀត ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ថាជា«ភាសាកូនក្មេង» នៃមនុស្សដែលគ្មានការទទួលខុសត្រូវ។
កាលពីព្រឹកថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានថ្លែងនៅចំពោះនិស្សិតច្រើនពាន់នាក់ ប្រកាសបបួលលោក សម រង្ស៊ី ឲ្យមកស្បថដាក់ជីវិតខ្លួនឯង រួមនឹងក្រុមគ្រួសារ និងសាច់ញាតិផង ដើម្បីជំទាស់នឹងការលើកឡើង របស់មេដឹកនាំប្រឆាំង ដែលអះអាងថា លោក ហ៊ុន សែន បានសម្លាប់លោក ហុង ឡងឌី ដើម្បីបំបិតសំនុំរឿងជាច្រើន ហើយថាក្នុងពេលនេះ លោក ឌី វិជ្ជា ដែលកូនប្រុសបង្កើតរបស់លោក ហុក ឡង់ឌី និងជាកូនប្រសាររបស់លោក ហ៊ុន សែន កំពុងរៀបចំផែនការសងសឹក ដោយសហការជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ហ៊ុន សែន បានថ្លែងឡើង ដោយប្រើពាក្យខ្លាំងៗថា៖
«ខ្ញុំករុណាខ្ញុំមិនចង់ប្រើពាក្យអសុរស ណាមួយទេ ក៏ប៉ុន្តែវាព្រហើនពេក។ ឥឡូវនេះ វាដល់កម្រិត វាបង្ហោះ វាថាខ្ញុំសម្លាប់ ហុក ឡង់ឌី។ ឥឡូវកូន ហុក ឡង់ឌី ដែលជាកូនប្រសាររបស់ខ្ញុំនេះ កំពុងតែរកវិធីសងសឹក ជាមួយនឹងខ្ញុំករុណាខ្ញុំ ដោយសហការជាមួយ ស ខេង។»
«ឥឡូវហ្អែងហ៊ានស្បថឲ្យរន្ទះបាញ់ឬទេ អាឆ្កែមួយក្បាល? ពួកហ្អែងអត់ហ៊ានស្បថទេ ព្រោះពួកហ្អែងនិយាយខុស។ (…) បើហ្អែងហ៊ានស្បថ អញក៏ហ៊ានស្បថ ដាក់ជីវិត ដាក់ក្រុមគ្រួសាររបស់អញទាំងមូល។ (…) អញ្ចឹង បើរឿងហ្នឹងវាពិតមែន ហ្អែងហ៊ានស្បថ ឲ្យងាប់ទាំងពូជរបស់ពួកហ្អែងឬទេ?»
ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានចេញមកការពារសំដីរបស់លោក ដែលរៀបរាប់ថា មរណភាពរបស់លោក ហុក ឡងឌី ជាទង្វើមនុស្សឃាត ដែលរៀបចំទុកជាមុន។ មេដឹកនាំប្រឆាំង បានពន្យល់ពីករណីនេះ តាមរយៈបទសម្ភាស ទៅឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក និងបានចាត់ទុកថា ការបបួលគេឯងស្បថ ជា«ភាសាកូនក្មេង» មិនសមត្រូវចេញពីមាត់ របស់មេដឹកនាំម្នាក់នោះទេ។
លោក សម រង្ស៊ី បានថ្លែងថា៖
«ភាសាហ្នឹង ជាភាសាកូនក្មេង នៃមនុស្សដែលមិនទទួលខុសត្រូវ។ ឥឡូវហ្នឹង ចង់មកស្បថអីទៀតហើយ។ ចង់ដឹងការពិត ធ្វើការស៊ើបអង្កេតទៅ ហៅអ្នកជំនាញអន្តរជាតិ អ្នកជំនាញឯករាជ្យ ឲ្យមកស៊ើបអង្កេតទៅ។ អ្នកណាសម្លាប់ ហុក ឡងឌី អ្នកណាធ្វើឲ្យឧទ្ធម្ភាគចក្រ ហុក ឡងឌី ផ្ទុះ? ហើយមុនហ្នឹង នរណាសម្លាប់ ជា វិជ្ជា នរណាសម្លាប់ ឈុត វុទ្ធី នរណាសម្លាប់ កែម ឡី? ម៉េចក៏ចាំបាច់ទៅស្បថ ថាមិនមែនខ្ញុំទេ ឲ្យគេស៊ើបអង្កេតទៅ៕»
០២ មិថុនា ២០១៩ / 02 June 2019 – Hun Sen behind Hok Lundy’s death (*) ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី…
Publiée par Sam Rainsy sur Dimanche 2 juin 2019