កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ មានលក្ខណៈមិនខុសគ្នាទេ។

លោក សម រង្ស៊ី បានលើកឡើងដូច្នេះ នៅក្នុងអត្ថបទវែកញែកមួយ ដែលចេញផ្សាយកាលពីម្សិលម៉ិញ ក្នុងទំព័ររបស់សារព័ត៌មាន «Libération» ដ៏ធំរបស់បារាំង ដោយបញ្ជាក់បន្ថែមថា បើសហគមន៍អន្តរជាតិចាត់វិធានការ ប្រឆាំងលោក ម៉ាឌូរ៉ូ គេក៏ត្រូវចាត់វិធានការដូចគ្នា ប្រឆាំងលោក ហ៊ុន សែន ដែរ។

អត្ថបទនោះ​បានលើកឡើង ពីការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី នៃប្រទេស​វេណេស៊ុយអេឡា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ដែលផ្ដល់ជ័យជំនះប្រមាណជា ៦៧,៨%សម្លេងទៅឲ្យលោក នីកូឡា ម៉ាឌូរ៉ូ ថាមានប្រលាក់ដិតដាម ដោយភាពមិនប្រក្រតីជាច្រើន ជាពិសេសការហាមឃាត់បេក្ខជន មកពីគណបក្សប្រឆាំង​សំខាន់ៗ​មួយចំនួន មិនឲ្យឈរឈ្មោះ។

រីឯការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្ត្រកម្ពុជា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលផ្ដល់ជ័យជំនះ និងអសនៈក្នុងរដ្ឋសភា១០០% ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ក៏ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា «ខុសច្បាប់» ដូចគ្នា រាប់ចាប់តាំងពីការរំលាយគណបក្សប្រឆាំងដ៏សំខាន់ជាងគេ យ៉ាងទាន់ហន់ និងតាមទំនើងចិត្ត ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈប្រធានគណបក្សនេះ លោក កឹម សុខា ត្រូវបានចាប់ឃុំក្នុងពន្ធនាគារ។

ប្រធានស្ដីទីគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានសរសេរបន្តថា មកដល់ថ្ងៃនេះ បណ្ដាប្រទេសប្រជាធិបតេយ្យមិនតិចជាង២០ ក្នុងពិភពលោកបានបដិសេធភាពស្របច្បាប់ នៃរបបដឹកនាំរបស់លោក នីកូឡា ម៉ាឌូរ៉ូ ហើយបានងាកទៅទទួលស្គាល់មេដឹកនាំប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaido) ជាប្រធានាធិបតីស្តីទីទៅវិញ។

ខណៈសម្រាប់ប្រទេសកម្ពុជា នៅថ្ងៃនេះដដែល សហគមន៍អន្តរជាតិ ដែលមានច្រើនជាង៤០ប្រទេស បានបរិហារភាពខុសច្បាប់ នៃការបោះឆ្នោតជាតិ ខែកក្កដាឆ្នាំ២០១៨ នៅក្នុងអង្គប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ និងបានលើកឡើងថា កម្ពុជាកំពុងរំកិលខ្លួន ចូលទៅក្នុងរបបផ្ដាច់ការ។

លោក សម រង្ស៊ី បានលើកឡើងពីជញ្ជីង ដែលហាក់មានទម្ងន់មិនស្មើគ្នា រវាងចំណាត់ការសម្រាប់ប្រទេសវេណេស៊ុយអេឡា និងប្រទេសកម្ពុជា។ លោកសរសេរថា៖

«ផ្ទុយទៅវិញ គ្មានប្រទេសលោកខាងលិចណាមួយ បានប្រកាសពីភាពខុសច្បាប់ នៃរបបដឹកនាំរបស់លោក ហ៊ុន សែន ដូចដែលពួកគេបានធ្វើ សម្រាប់របបដឹកនាំរបស់លោក ម៉ាឌូរ៉ូ នោះឡើយ។ បើនិយាយពីមូលដ្ឋានសំខាន់ៗ សម្រាប់ធ្វើការវិន្និច្ឆ័យវិញ ករណីរបស់លោក ហ៊ុន សែន មានលក្ខណៈរឹងមាំ និងច្បាស់លាស់​ជាងករណីរបស់លោក ម៉ាឌូរ៉ូ ឆ្ងាយណាស់។»

«ច្បាស់ណាស់ហើយថា បុរសខ្លាំងនៃប្រទេសទាំងពីរ បានបន្តក្រាញអំណាច តាម​រយៈ​យន្ដការមួយ ដែលយើងអាចចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយដូចគ្នា។ ប៉ុន្តែករណីពិសេសរបស់ប្រទេសកម្ពុជា ការបោះឆ្នោតក្លែងក្លាយ កាលពីឆ្នាំកន្លងទៅ បានរំលោភទៅលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ នោះថែមទៀត (…)។»

មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា បានដាក់ការទទួលខុសត្រូវ ទៅលើសហគមន៍អន្តរជាតិ ដែលត្រូវតែចាត់វិធានការ ប្រឆាំងលោក ហ៊ុន សែន ដូចពួកគេបានចាត់វិធានការ ប្រឆាំងលោក នីកូឡា ម៉ាឌូរ៉ូ ដូច្នេះដែរ។ លោកសរសេរថា៖

«វាជាមុខមាត់របស់សហគមន៍អន្តរជាតិ និងជាពិសេស របស់សហគមន៍ប្រជាជាតិប្រជាធិបតេយ្យទាំងអស់ ក្នុងការចាត់វិធានការប្រឆាំងលោក ហ៊ុន សែន ឲ្យដូចលោក នីកូឡា ម៉ាឌូរ៉ូ ដូច្នេះដែរ ដើម្បីព្យាយាមនាំប្រទេសកម្ពុជា និងវេណេស៊ុយអេឡា ឲ្យត្រឡប់មកដើរ នៅលើគន្លងប្រជាធិបតេយ្យវិញ»៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។