ខ្មែរនៅបរទេស

ស្ថានទូតកម្ពុជា​នៅថៃ​ប្រាប់ពលរដ្ឋខ្មែរ ពី​«ឥទ្ធិពលខ្យល់កខ្វក់»

ឥទ្ធិពលខ្យល់កខ្វក់ «PM2.5» នៅថៃ អាចបង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ ប្រសិនជាគេដកដង្ហើមយកខ្យល់នេះ ចូលទៅក្នុងសួត។ ស្ថានទូតកម្ពុជាក្នុងរាជធានីបាងកក បានប្រាប់ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសថៃ ឲ្យប្រុងប្រយ័ត្នចំពោះវត្តមានខ្យល់ប្រភេទនេះ នៅក្នុងបរិយាកាស និងត្រូវពាក់ម៉ាសការពារប្រភេទ «N95»។

សេចក្ដីជូនដំណឹងមួយ របស់ស្ថានទូតកម្ពុជា ដែលចេញផ្សាយកាលពីម្សិលម៉ិញ បានបញ្ជាក់ថា ខ្យល់កខ្វក់ខាងលើ មាននៅក្នុងបរិយាកាស ក្នុងរាជធានី បាងកក និងនៅក្នុងខេត្តមួយចំនួន ដូចជាខេត្តសាមុទ្រប្រាកាន សមុទ្រសាខន នន្ទបុរី និងខេត្តសាខនប៉ាធុម។

ស្ថានទូតកម្ពុជា បានពន្យល់ថា៖

«ភាគល្អិតនៃធូលីមានទំហំតូចជាង២.៥មីក្រូម៉ែត្រ ហើយត្រូវចាត់ទុកថា មានគ្រោះថ្នាក់បំផុត ដោយសារទំហំដ៏តូចរបស់វា អាចចូលជ្រៅទៅក្នុងសួត និងប៉ះពាល់សរីរាង្គផ្សេងៗ។»

«ទាក់ទងបញ្ហានេះ រាជរដ្ឋាភិបាលថៃ បានប្រកាសឲ្យសាលារៀន និងគ្រឹះស្ថានអប់រំមួយចំនួន បិទដំណើរការជាបណ្ដោះអាសន្ន ក្នុងគោលបំណងការពារសុវត្ថិភាព សុខភាពរបស់សិស្សនិស្សិតទាំងអស់។»

«ឥទ្ធិពលខ្យល់កខ្វក់»

ខ្យល់​កខ្វក់ ដែលត្រូវបានដកដង្ហើមចូលទៅក្នុងខ្លួន អាចបង្កឲ្យមានជំងឺ ឈឺ​បេះដូង រលាក​ផ្លូវ​ដង្ហើម មហារីក​សួត ​ដែលសុទ្ធ​សឹង​ជា​ជំងឺ​​ ដែល​ប៉ះពាល់​ដោយ​ផ្ទាល់ ​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម។​

សារធាតុ​ពុល​​ដែល​មាន​នៅ​ក្នុង​ខ្យល់កខ្វក់​ អាច​បង្ក​ឲ្យមានអាការរោគ​ធ្ងន់​ ឬ​ស្រាល។ ជំងឺស្រាលៗ មានលក្ខណៈជាជំងឺ​រំខាន ដូចយ៉ាង ក្អក​ ពិបាក​ដកដង្ហើម រលាក​ច្រមុះជាដើម ខណៈជំងឺធ្ងន់ៗ​វិញ ​អាចជាជំងឺដែលធ្វើឲ្យប៉ះពាល់ដល់ជីវិត ដូចជា​ជំងឺ​រលាក​ទងសួត​​រ៉ាំរ៉ៃ ឬជំងឺហឺតជាដើម៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។