«ហ៊ុន សែន រង់ចាំដល់ថ្ងៃ៣១កុម្ភៈ ទើបហ៊ានចាក់វ៉ាក់សាំង របស់ចិន» នេះ ជាការចំអកឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង នៅចំពោះផ្លាស់ប្ដូរជំហររបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចថា លោក«ឈប់ចាក់វ៉ាក់សាំង» ដែលជាជំនួយរបស់ប្រទេសចិន ក្រោមហេតុផលថា លោកមានអាយុច្រើនជាង៦០ឆ្នាំ។
លោក ហ៊ុន សែន បានប្រកាសឲ្យដឹង ពីការប្ដូរជំហររបស់លោក តាមរយៈសំណេរផ្ទាល់ដៃ នៅលើបណ្ដាញសង្គម កាលពីល្ងាចថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ បុរសខ្លាំងនៅកម្ពុជា បានសរសេរថា៖
«ខ្ញុំទើបបានទទួលព័ត៍មាន តាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការ ពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះសុីណូហ្វាម (SinoPharm) ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។»
មេដឹកនាំរដ្ឋាភិបាលកម្ពុជា បានបន្តថា៖
«សម្រាប់ខ្ញុំ ដែលមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំង ដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំ ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ។»
ប៉ុន្មាននាទីក្រោយមក លោក សម រង្ស៊ី ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោកនាយករដ្ឋមន្ត្រី បានសរសេរចំអក តបនឹងការប្ដូរជំហរខាងលើ ជាមួយនឹងពាក្យសំដី «ថ្ងៃ៣១កុម្ភៈ» ដែលបុរសខ្លាំងធ្លាប់ប្រើកន្លងមក។
ក្នុងចម្លើយទៅនឹងសំនួរ របស់ប្រិយមិត្តម្នាក់ លោក សម រង្ស៊ី បានសរសេរឡើងថា៖
«ហ៊ុន សែន កំពុងភ័យ ពីព្រោះវ៉ាក់សាំងចិននេះ ប្រទេសនៅទ្វីបអឺរ៉ុប និងនៅទ្វីបអាមេរិកខាងជើង គេមិនទាន់ទទួលស្គាល់ទេ ដោយសារមិនទាន់មាន ការធានាប្រសិទ្ធភាព និងសុវត្ថិភាព របស់វ៉ាក់សាំងនេះ ឲ្យបានគ្រប់គ្រាន់នៅឡើយទេ។ ហ៊ុន សែន រង់ចាំដល់ថ្ងៃ៣១កុម្ភៈ ទើបហ៊ានចាក់វ៉ាក់សាំង របស់ចិននេះ។»
កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៤ ខែកុម្ភៈ លោក ហ៊ុន សែន បានថ្លែងតាមសារសម្លេងមួយ ប្រកាសឲ្យដឹងថា វ៉ាក់សាំង «SinoPharm» ដែលជាជំនួយរបស់ចិន ប្រមាណ ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ នៅថ្ងៃនោះ កម្ពុជានឹងរៀបចំពិធីដ៏ធំដុំ ដើម្បីទទួលវ៉ាក់សាំងទាំងនោះ ដល់ព្រលានយន្ដហោះពោធ៍ចិនតុង ក្រោមវត្តមានរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី-រដ្ឋមន្ត្រីការពារជាតិ និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី។
ក្នុងសារសម្លេងដដែល លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា លោកនឹងរៀបចំពិធីចាក់វ៉ាក់សាំង សម្រាប់រូបលោកដំបូងគេ នៅថ្ងៃទី១០ ខែកុម្ភៈ រួមជាមួយមន្ត្រីគ្រាក់ៗរបស់លោក ជាច្រើននាក់ទៀត៕