កម្ពុជា

សម រង្ស៊ី៖ ហ៊ុន សែន ចង់«បង្វែរ​អារម្មណ៍​មហាជន ហើយបង្កើតលេស»

មេដឹកនាំប្រឆាំង បានប្រតិកម្មតបទៅលោក ហ៊ុន សែន វិញ ដោយហៅនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ថាជា«មេដឹកនាំមិនទទួលខុសត្រូវ» ដែលប៉ុនប៉ង «បង្វែរ​អារម្មណ៍​មហាជន» និងត្រូវការ«លេស» ដើម្បីបង្ក្រាបគូប្រកួតរបស់ខ្លួន។

លោក សម រង្ស៊ី បានឆ្លើយតបភ្លាមៗ នៅលើបណ្ដាញសង្គម បន្ទាប់ពីលោក ហ៊ុន សែន បានរំលឹកកាលពីព្រឹកម៉ិញថា «ប្រពន្ធកូន»របស់លោក រងការចោទប្រកាន់ដ៏ឈឺចាប់ ពីក្រុមប្រឆាំង។

នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងជាថ្មីទៀត ជុំវិញករណីចោទប្រកាន់«ប្រពន្ធកូន»លោក ដែលថាជាប្រពន្ធលួចលាក់ និងជាកូន របស់អតីតមេទ័ពវៀតណាម។

លោក ហ៊ុន សែន ថែមទាំងអះអាងថា ករណីនេះមានលោក សម រង្ស៊ី នៅពីក្រោយ មុននឹងព្រមានឡើងថា លោកប្ដេជ្ញាដាក់គោលដៅ ក្នុងការកម្ចាត់ក្រុមប្រឆាំង ស្មើនឹងគោលដៅរបស់លោក ក្នុងការ«កម្ចាត់​ប៉ុលពត»។

សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានថ្លែងតប​ពីប្រទេសបារាំងថា៖

«ខ្ញុំមិនដែលចាប់អារម្មណ៍ ពីរឿងឯកជន របស់អ្នកដទៃណាម្នាក់ ឬគ្រួសារអ្នកដទៃណាមួយឡើយ។ ហ៊ុន សែន ជាមេដឹកនាំមិនទទួលខុសត្រូវ ដែលប៉ុនប៉ងបង្វែរអារម្មណ៍របស់មហាជន ពីបញ្ហាប្រទេសជាតិ ដែលគាត់មិនចេះដោះស្រាយ ឲ្យទៅចាប់អារម្មណ៍ពីរឿងឯកជនរបស់គាត់ និងក្រុមគ្រួសារគាត់ទៅវិញ។»

ប្រធានស្ដីទីគណបក្សប្រឆាំង បានបន្តទៀថា៖

«រួចទៅ គាត់ដើរចោទប្រកាន់គេឯង យ៉ាងឆ្កួតលីលា ទាក់ទងទៅនឹងរឿងផ្ទាល់ខ្លួនរបស់គាត់ និងគ្រួសារគាត់ ពីព្រោះគាត់ត្រូវការលេស ដើម្បីបង្ក្រាបគូប្រកួតនយោបាយរបស់គាត់៕»

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។