កម្ពុជា

សម រង្ស៊ី បន្តអំពាវនាវ​ឲ្យអ្នកគាំទ្រ និងពលរដ្ឋ ពង្រឹងជំហរ

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង បានបន្តធ្វើសេចក្ដីអំពាវនាវ ឲ្យអ្នកគាំទ្រនិងពលរដ្ឋ ពង្រឹងជំហរ  និងស្មារតីតស៊ូ ទល់នឹងរបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ ដែលលោកហៅថា ជារបបផ្ដាច់ការព្រៃផ្សៃ នៅប្រទេសកម្ពុជា។

សេចក្ដីអំពាវនាវរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ធ្វើឡើងពីប្រទេសបារាំង នៅប៉ុន្មានថ្ងៃ​ក្រោយ​មន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្គ្រោះជាតិ ចំនួនបីនាក់ បានដាក់​លិខិតស្នើសុំរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីបានសិទ្ធិធ្វើនយោបាយឡើងវិញ។

លោក សម រង្ស៊ី បានថ្លែងតាមវីដេអូមួយ បង្ហោះនៅលើបណ្ដាញសង្គម កាលពីមុននេះ ដោយលើកយកចំណុចបី មកពន្យល់។ នោះ គឺ(១)វិបត្តិក្នុងទំនាក់ទំនង រវាងកម្ពុជា និងសហគមន៍អន្តរជាតិ ជាពិសេសជាមួយលោកសេរី (២) វិបត្តិសេដ្ឋកិច្ច ដែលកើតឡើង ក្រោយ​ការព្យួរប្រព័ន្ធ​អនុគ្រោះពន្ធ «EBA» និងទី(៣) វិបត្តិនយោបាយ។

គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់លោក ហ៊ុន សែន បានថ្លែងឡើង នៅចុង​បញ្ចប់​វីដេអូ​ថា៖

«ខ្ញុំសូមអំពាវនាវ ឲ្យជនរួមជាតិទាំងអស់ អ្នកស្រឡាញ់សេរីភាព (…) កូនខ្មែរ​ដ៏ឆ្នើម​ទាំងអស់ សូមពង្រឹងស្មារតីតស៊ូរបស់យើង។ ព្រះអាទិត្យរះវិញហើយ បងប្អូន។ សូម​បងប្អូន​រួមកម្លាំងគ្នា ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យ រស់ឡើងវិញនៅប្រទេសកម្ពុជា ដើម្បីឲ្យទឹកដី​ប្រទេស​កម្ពុជា នៅឋិតឋេរគង់វង្ស ដើម្បីឲ្យជាតិខ្មែររុងរឿង ថ្កើនថ្កាន។»

យ៉ាងណា លោក សម រង្ស៊ី មិនបញ្ជាក់ទេថា ការតស៊ូរបស់ពលរដ្ឋ និងអ្នកគាំទ្រលោក និងគាំទ្រគណបក្សសង្គ្រោះជាតិ គួទទួលបានការដឹកនាំ ដោយផ្ទាល់ ពីរូបលោកឬយ៉ាងណាឡើយ។

សំនួរ​ដែលចោទសួរលោកថា តើលោកមានគម្រោងជាថ្មី ក្នុងការវិល​ចូល​ប្រទេស​វិញ នៅថ្ងៃណានោះ តែងត្រូវបានលោក សម រង្ស៊ី ​បដិសេធ ដោយលើកហេតុផលថា លោក ហ៊ុន សែន បានបិទផ្លូវ និងរាំងខ្ទប់រូបលោក តាមគ្រប់មធ្យោបាយទាំងអស់៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។