កម្ពុជា

សម រង្ស៊ី ប្ដូរជំហរ​ឲ្យរក្សា«របបក្រុងភ្នំពេញ» តែត្រូវដក ហ៊ុន សែន មួយចេញ

មេដឹកនាំប្រឆាំងបានប្រកាសពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ថាក្រុមរបស់លោកមិនទាមទារ ឲ្យប្ដូរ«របបក្រុងភ្នំពេញ»សព្វថ្ងៃទៀតទេ ដោយគ្រាន់តែដកបុរសខ្លាំងកម្ពុជាមួយចេញ ជាការគ្រប់គ្រាន់។ លោក សម រង្ស៊ី បានការពារជំហរថ្មីរបស់លោក និងក្រុមលោកនេះ ថាគឺដើម្បីបង្រួបបង្រួមអ្នកស្នេហាជាតិ ទាំងពីរគណបក្សធំៗ នៅកម្ពុជា។

ប្រធានស្ដីទីគណបក្សប្រឆាំងបានថ្លែងដូច្នេះ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី កាលពីប៉ុន្មានម៉ោងមុន ដោយអះអាងថា លោក ហ៊ុន សែន តែម្នាក់បានធ្វើឲ្យក្ដៅក្រហាយ ទៅដល់មន្ត្រីជាច្រើន នៅក្នុងគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងទៅដល់តំបន់ទាំងមូល។

លោក សម រង្ស៊ី បានបញ្ជាក់ថា៖

«ជំហានទីបី ដែលខ្ញុំសូមប្រកាសឥឡូវនេះ គឺគណបក្សសង្គ្រោះជាតិយើងមិនទាមទារឲ្យប្ដររបបទេ យើងបើកទូលំទូលាយ យើងបោះដៃទៅរកគណបក្សកាន់អំណាច ទៅរកគណបក្សប្រជាជនកម្ពុជា ពីព្រោះមានតែគណបក្សតែពីរនេះទេ ដែលនឹងកំណត់វាសនាប្រទេសកម្ពុជា។»

នៅចំពោះការស្នើឲ្យបញ្ជាក់ឡើងវិញ ពីសំណាក់លោក ជុន ច័ន្ទបុត្រ អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ជុំវិញជំហរឲ្យរក្សា«របបក្រុងភ្នំពេញ»នោះ មេដឹកនាំប្រឆាំងបានពន្យល់​ថា៖

«យើងគិតពិចារណាអំពីលទ្ធភាពធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា តែសុំឲ្យដកលោក ហ៊ុន សែន ចេញ។ ដូរលោក ហ៊ុន សែន ជាជំហានទីមួយ។ កាលណាដូរលោក ហ៊ុន សែន គឺយើងគាំទ្រការផ្លាស់ប្ដូរលោក ហ៊ុន សែន និងក្រុមគ្រួសារ ហ៊ុន សែន ឲ្យចេញសិន។ ខ្ញុំជឿថា នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា មានគេអត់ចូលចិត្ត ហ៊ុន សែន ច្រើនណាស់ ពីព្រោះ ហ៊ុន សែន គាត់បន្តុបតែកូនគាត់ គាត់លើកតែក្រុមគ្រួសារគាត់ គាត់ប៉ះពាល់គេឯងច្រើនណាស់ ក្នុងយោធាក៏អញ្ចឹង ក្នុងរដ្ឋបាលក៏អញ្ចឹង ហើយក្នុងសេដ្ឋកិច្ចក៏អញ្ចឹងដែរ។»

លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន បានថ្លែងបន្តថា៖

«លោក ហ៊ុន សែន ដែលទៅចូលដៃជាមួយចិននេះ គឺជួញសត្រូវច្រើនណាស់។ (…) ហ៊ុន សែន ផ្លាត់ស្នៀតមួយទៀត ផ្លាត់ស្នៀតទីមួយ គឺរំលាយគណបក្សសង្គ្រោះជាតិ ហើយផ្លាត់ស្នៀតទីពីរ គឺទៅចូលដៃជាមួយចិន វាប៉ះពាល់ផលប្រយោជន៍ ដូចប្រទេសជប៉ុន ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសអូស្ត្រាលី ប្រទេសថៃ រហូតទៅដល់ប្រទេសឥណ្ឌា។ អញ្ចឹង ហ៊ុន សែន គាត់ជួញសត្រូវច្រើនណាស់។»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។