ពិភពលោក

រ៉ន់ ហ្គេដូ ត្រឡប់ចូលប្រទេសវិញ ហើយប្រកាសឲ្យបន្តធ្វើបាតុកម្ម

មេដឹកនាំប្រឆាំងវេណេស៊ុយអេឡា លោក រ៉ន់ ហ្គេដូ (Juan Guaido) បានវិល ត្រឡប់ចូលប្រទេសវិញ និងទៅដល់រដ្ឋធានី ការ៉ាកាស វិញហើយ នៅមុននេះបន្តិច ក្រោមការស្វាគមន៍ដ៏ខ្លាំងក្លា ពីសំណាក់អ្នកគាំទ្ររាប់សិបពាន់នាក់ តាំងពីព្រលានយន្ដហោះ។

លោក រ៉ន់ ហ្គេដូ បានវិលចូលមាតុភូមិវិញ បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់ជាង១០ប្រទេសនៅក្នុងតំបន់។ ប៉ុន្តែការវិលត្រឡប់ចូលប្រទេសវិញ របស់មេដឹកនាំប្រឆាំង ដែលប្រកាសខ្លួនជាប្រធានាធិបតីស្តីទី នៅតែប្រឈមនឹងការចាប់ខ្លួន ពីសំណាក់រដ្ឋអំណាចរបស់លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីក្នុងតំណែង របស់ប្រទេស។

រដ្ឋបាលលោក ម៉ាឌូរ៉ូ បានចោទលោក ហ្គេដូ ថាបានបំពានលើបម្រាបតុលាការ ដែលហាមមេដឹកនាំប្រឆាំងរូបនេះ មិនឲ្យចេញក្រៅ​ប្រទេស។

ប៉ុន្តែលោក រ៉ន់ ហ្គេដូ ទទួលបានការអមដំណើរ ចេញពីព្រលានយន្ដហោះ ដោយឯកអគ្គអង្គទូតរបស់សហភាពអ៊ឺរ៉ុប និងឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសជាច្រើន ក្នុងទ្វីបអាមេរិក​ឡាទីន ដើម្បីធានាពីសុវត្ថិភាពរបស់លោក។

ត្រឡប់មកដល់ប្រទេសវិញភ្លាម មេដឹកនាំប្រឆាំង ក៏បានប្រកាសជាថ្មី ឲ្យបន្តធ្វើបាតុកម្មភ្លាមដែរ ដើម្បីដាក់សម្ពាធលើប្រធានាធិបតីក្នុងតំណែង។ ជាមួយនឹងការគាំទ្រ ពីសំណាក់សហគមន៍អន្តរជាតិ ដែលមានមិនតិច​ជាង៥០ប្រទេសនោះ លោក រ៉ន់ ហ្គេដូ សង្ឃឹមថា នឹងឲ្យលោក នីកូឡា ម៉ាឌូរ៉ូ ចាកចេញពីដំណែង ដោយសន្តិវិធី៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។