កម្ពុជា

សម រង្ស៊ី ហៅ​ការចាប់ខ្លួន រ៉ុង ឈុន ជា​«ការបំពាន»​និងតាម​«ទំនើងចិត្ត»

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានប្រតិកម្មខ្លី និង​ភ្លាមៗ តបនឹង​ការចាប់ខ្លួន​លោក រ៉ុង ឈុន ដោយអាជ្ញាធរ​របបក្រុងភ្នំពេញ ដោយហៅ​ការចាប់ខ្លួន​​នោះ ថាជា​«ការបំពាន» ដែលធ្វើឡើង​តាម«ទំនើងចិត្ត»។

លោក​សាស្ត្រាចារ្យ រ៉ុង ឈុន ត្រូវបានចាប់ខ្លួន នៅវេលាម៉ោង៩ និង៤០នាទី ក្នុងយប់​ថ្ងៃទី​៣១ ខែកក្កដានេះ ពីក្នុង​គេហដ្ឋាន​របស់លោក ដែលស្ថិតក្នុងសង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ នេះ បើតាមដំណឹង ដែលផ្ដល់ដោយអ្នកជិតដិត របស់​លោក​នៅ​មុន​នេះបន្តិច មុននឹងអះអាងបន្ថែម ដោយប្រព័ន្ធឃោសនាក្នុងស្រុក។

ភ្លាមៗក្រោយការផ្សាយ ពីដំណឹងដ៏អកុសល លោក សម រង្ស៊ី បានបង្ហោះសារ ​នៅលើ​ទំព័រទ្វីសធើររបស់លោក យ៉ាងខ្លីថា៖

«លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជា[អតីត]ប្រធាន​​សមាគមគ្រូ​បង្រៀន​​ឯករាជ្យ នៃ​ព្រះរាជា​ណាចក្រកម្ពុជា ត្រូវបានអាជ្ញាធរ នៃរបបលោក ហ៊ុន សែន ចាប់ខ្លួនដោយបំពាន នៅ​រាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នេះ។»

ការចាប់ខ្លួនលោកសាស្ត្រាចារ្យ រ៉ុង ឈុន ដែលជាសកម្មជនមិនចេះនឿយហត់ ក្នុង​កិច្ច​ការពារ​សិទ្ធិមនុស្ស​ សិទ្ធិគ្រូបង្រៀន សិទ្ធិកម្មករ និងសិទ្ធិជនរងគ្រោះដទៃទៀត ធ្វើឡើង​តែ​ប៉ុន្មាននាទី ក្រោយពី​លោកបានបញ្ចប់ ការថ្លែង​របស់លោក ជុំវិញ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុងការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី (RFA)៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។