កម្ពុជា

សម រង្ស៊ី ជឿថា ចូ បៃដិន នឹងចាត់​វិធានការបង្ខំ ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសំដែងជំនឿថា ប្រធានាធិបតីថ្មី​នៃសហរដ្ឋ​អាមេរិក លោក ចូ បៃដិន (Joe Biden) នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ខំឲ្យ​របបដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ងាកមកកាន់គន្លងប្រជាធិបតេយ្យ ដោយធ្វើការទម្លាក់ចោល​ការចោទប្រកាន់ ដែលធ្វើឡើង​ទាំងមិនសមហេតុសមផល ប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងសហរដ្ឋអាមេរិក។

ថ្លែងក្នុងវីដេអូមួយ ដែលលោក​ធ្វើឡើង ក្នុងយប់ថ្ងៃអាទិត្យទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បី​រំឭក​ខួប​៣ឆ្នាំ នៃការរំលាយ​គណបក្ស​សង្គ្រោះជាតិ ដោយតុលាការរបប​ក្រុង​ភ្នំពេញ កាលពី​​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្រធានស្ដីទីគណបក្សប្រឆាំង បានលើកឡើងដូច្នេះ ដើម្បីអ្វីមួយ ដែលលោកថា ជាដំណោះស្រាយតែមួយគត់ សម្រាប់វិបត្តិនយោបាយសព្វថ្ងៃ។

លោក សម រង្ស៊ី បានថ្លែងនៅក្នុងវីដេអូ ដែលមានរយៈពេលសរុប ជាង១១នាទីនោះថា៖

«ខ្ញុំជឿជាក់ថា ប្រធានាធិបតីថ្មីដែលទើបនឹងជាប់ឆ្នោត គឺលោក ចូ បៃដិន  នឹងចាត់​វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ខំឲ្យរបប ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ មកលើ​លោក កឹម សុខា ផង មកលើសហរដ្ឋអាមេរិកផង ពីព្រោះដោយសារតែលោក ហ៊ុន សែន ចោទប្រកាន់លោក កឹម សុខា បានចូលដៃ ជាមួយសហរដ្ឋអាមេរិក (…) វាប៉ះពាល់​ដល់សហរដ្ឋអាមេរិក។»

កាលពីថ្ងៃអាទិត្យទី៨ ខែវិច្ឆិកាសប្ដាហ៍កន្លងទៅ គណបក្សសង្គ្រោះជាតិ បានចេញ​សេចក្ដីថ្លែងការណ៍មួយរួចហើយ ដើម្បី​អបអរសាទរ​ជ័យជំនះរបស់លោក ចូ បៃដិន នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ផ្ទុយទៅវិញ លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ហាក់បង្ហាញជំហរស្ងាត់ស្ងៀម ចំពោះជ័យជំនះរបស់បេក្ខជន មកពីគណបក្សប្រជាធិបតេយ្យរូបនេះ ដែលធ្លាប់ជា​អនុប្រធានាធិបតី ក្នុងជំនាន់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានបន្តទៀតថា៖

«ដូច្នេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកទាំងអស់ គឺអ្នកដែលគាំទ្រលទ្ធិ​ប្រជាធិបតេយ្យ នៅទូទាំងពិភពលោក នឹងតម្រូវឲ្យតុលាការអាយ៉ងរបស់គាត់ (លោក ហ៊ុន សែន) ទម្លាក់ចោលការចោទប្រកាន់ ទាំងមិនសមហេតុមិនសមផល មកលើទាំង​លោក កឹម សុខា និងទាំងសហរដ្ឋអាមេរិក។»

សម្រាប់មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំងរូបនេះ លោក កឹម សុខា មិនបានប្រព្រឹត្តិកំហុសអ្វីឡើយ ហើយតុលាការរបបក្រុងភ្នំពេញ គ្រាន់តែ​រងចាំ​បញ្ជាពីលោក ហ៊ុន សែន ដើម្បីទម្លាក់ការចោទប្រកាន់ប៉ុណ្ណោះ។ លោក សម រង្ស៊ី បាន​អះអាង​​ទៀតថា៖

«ក្រោយពីទម្លាក់ចោល ការចោទប្រកាន់ លើលោក កឹម សុខា និងសហរដ្ឋអាមេរិក របប ហ៊ុន សែន ត្រូវតែបើកផ្លូវ ឲ្យគណបក្សសង្គ្រោះជាតិ មានដំណើរការឡើងវិញ ពីព្រោះលោក ហ៊ុន សែន គាត់យកលេស ពីការចោទប្រកាន់ (…) ដើម្បីរំលាយគណបក្ស​សង្គ្រោះជាតិ។»

ទំនាក់ទំនង​រវាងរបបដឹកនាំ​ក្រុងភ្នំពេញ និងសហរដ្ឋអាមេរិក បានស្គាល់ភាពរកាំរកូស កាន់តែខ្លាំងឡើង រាប់ពីពាក់កណ្ដាលឆ្នាំ២០១៧ ពោលគឺនៅក្រោយវោហាស័ព្ទ​វាយប្រហារ​ជាច្រើន ពីសំណាក់​លោក ហ៊ុន សែន ខ្លួនឯង រួមផ្សំនឹងយុទ្ធនាការរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបិទអង្គការក្រៅរដ្ឋាភិបាល របស់សហរដ្ឋអាមេរិក និងការចាប់ខ្លួន​លោក កឹម សុខា ដោយចោទថា មានសហរដ្ឋអាមេរិកនៅពីក្រោយ។

សវនាការកាត់ក្ដី លើសំនុំរឿងលោក កឹម សុខា ត្រូវបានពន្យាពេល ជាច្រើនលើក​ច្រើន​សារ ក្នុងហេតុផលជំងឺរាតត្បាត «Covid-19» និងដោយសារ តែភស្ដុតាងដាក់បន្ទុក ដើម្បីបង្ហាញពីការឃុបឃិត ជាមួយសហរដ្ឋអាមេរិក គ្មានភាពរឹងមាំ។

យ៉ាងណា លោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក មិនមានទំនាក់ទំនងល្អប៉ុន្មានទេ ជាមួយរដ្ឋបាល​​ប្រធានាធិបតី​អាមេរិក ដែលចេញពីគណបក្សប្រជាធិបតេយ្យ។

កាលពី​អំឡុងខែវិច្ឆិកា ឆ្នាំ២០១២ លោក ហ៊ុន សែន ខ្លួនលោក បានទទួលមេរៀន​«សិទ្ធិមនុស្ស»​យ៉ាងចាស់ដៃ និងដោយផ្ទាល់មាត់​ពីលោក បារ៉ាក់ អូបាម៉ា នៅក្នុងជំនួប​មួយ ក្នុងរាជធានី​ភ្នំពេញ។ តែមន្ត្រីក្រុងភ្នំពេញ បានព្យាយាមបង្រួមការលើកឡើង របស់ប្រធានាធិបតីអាមេរិក នាពេលនោះ ដោយអះអាងថា «បញ្ហា​​សិទ្ធិ​មនុស្ស គ្រាន់​តែ​​​ជា​​បញ្ហា​​តូច​​មួយ​​​ប៉ុណ្ណោះ»៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។