កម្ពុជា

សម រង្ស៊ី ចោទ​កាសែត​ភ្នំពេញប៉ុស្ដិ៍ ថា«លំអៀងខ្លាំង»

មេដឹកនាំប្រឆាំង បានចោទសារព័ត៌មានក្នុងស្រុកដ៏ធំមួយ ដែលចេញផ្សាយជាភាសា​អង់គ្លេស និងខេមរភាសា ថាមានលក្ខណៈ«លំអៀងខ្លាំង»។ លោក សម រង្ស៊ី បានហៅកាសែត «ភ្នំពេញប៉ុស្ដិ៍ – Phnom Penh Post» ដូច្នេះ និងបានព្រមានថា លោកនឹងមិនផ្ដល់ ការឆ្លើយតបអ្វីឡើយ។

លោក សម រង្ស៊ី គូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងតាមបណ្ដាញសង្គមទ្វីសធើរថា៖

«សារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ក្នុងពេលបច្ចុប្បន្ននេះ សរសេរមានភាព”លំអៀងខ្លាំង”។ ដូច្នេះវាមិនស័ក្ដិសម នឹងទទួលបានការឆ្លើយតបវិញទេ។ សូមអានសារព័ត៌មានអន្តរជាតិ ដើម្បីទទួលបានព័ត៌មាន ចំទិសដៅច្រើនទៀត ជុំវិញប្រទេសកម្ពុជា។»

ការលើកឡើងរបស់លោក សម រង្ស៊ី ទទួលបានប្រតិកម្មវិញ ពីសារព័ត៌មានភ្នំពេញប៉ុស្ដិ៍ ដែលត្រូវបានទិញយក ក្នុងខែមេសា ឆ្នាំ២០១៨ ដោយលោក «Sivakumar S.​ Ganapathy» អតីតអ្នកសារព័ត៌មាន​ជាតិម៉ាឡេស៊ីម្នាក់ ដែលធ្លាប់ធ្វើការឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ស្ថាប័នភ្នំពេញប៉ុស្ដិ៍ បានឆ្លើយតប តាមរយៈទំព័រទ្វីសធើររបស់ខ្លួន ទៅមេដឹកនាំប្រឆាំងថា៖

«សូមអរគុណ ដែលបានអានសារព័ត៌មានភ្នំពេញប៉ុស្ដិ៍។ សូមមេត្តាជួយបញ្ជាក់ ដោយបំណងល្អ និងប្រកបដោយគោលដៅជាក់លាក់ អំពីអ្វីដែលជាការអះអាងខាងលើរបស់លោក។ យើងតែងតែផ្ដល់ឱកាស ទៅគ្រប់ភាគី ជាមួយនឹងវិជ្ជាជីវៈដ៏ខ្ពស់បំផុត ហើយសង្ឃឹមថា នឹងទទួលបានសុភវិនិច្ឆ័យ ត្រឡប់មកវិញដែរ។»

លោក សុខ សុគន ដែលគេស្គាល់តាមបណ្ដាញសង្គម ហ្វេសប៊ុក ថាជាវាគ្មិនដែលតាមវាយប្រហារលោក សម រង្ស៊ី មិនសំចៃមាត់ បានលូកមាត់ចូល និងសំដែងការវិនិច្ឆ័យថា៖

«នៅពេលសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ឈប់លិតគូថលោក លោកចាត់ទុកគ្នាថា លំអៀង។ គួរឲ្យអស់សំណើចណាស់! នេះហើយជា សម រង្ស៊ី ពិត។»

សម្រាប់លោក សម រង្ស៊ី ទំនងជាគាំទ្រនូវការលើកឡើងថា ការផ្សាយរបស់សារព័ត៌មានមួយនេះ ក្នុងពេលបច្ចុប្បន្ន មានលក្ខណៈជា «Fake News»។ មេដឹកនាំប្រឆាំង បានយកឃ្លានេះ «Ppp = Fake News» មកបង្ហោះជាបន្ត នៅលើទំព័រទ្វីសធើររបស់លោក។ គឺឃ្លាដែលមានន័យថា «Phnom Penh Post = Fake News (ផ្សាយព័ត៌មានក្លែងក្លាយ)»។

គួររំលឹកថា លោក «Sivakumar S.​ Ganapathy» បានទិញសារព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ពីក្រុមហ៊ុន «Post Media Co., Ltd» ក្នុងចុងខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីសារព័ត៌មានចំណាស់ជាង២៦ឆ្នាំមួយនេះ រងការត្រួតពិនិត្យផ្ទួនៗ ពីសំណាក់រដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការបង់ពន្ធ។ បន្ទាប់ពីចូលមកកាន់តំណែង ជាអភិបាលសារព័ត៌មាននេះ នៅដើមខែឧសភា អត្ថបទដ៏រសើបមួយចំនួន ត្រូវបានដកចេញពីការផ្សាយ ហើយ​និពន្ធនាយករបស់សារព័ត៌មាននេះ ​ដែលបាន​កាន់តួនាទី​ជា​យូរមកហើយ ត្រូវបាន​បណ្ដេញ​ចេញ​ពីការងារ​ ដែលបណ្ដាលឲ្យបុគ្គលិកជាច្រើននាក់ទៀត ក៏បានសម្រេចចិត្តលាឈប់ពីការងារដែរ។

តាំងពីពេលនោះមក គេក៏លែង​បានឃើញ​សារព័ត៌មានមួយនេះ ចុះផ្សាយក្នុងផ្នែក «Letter to the editor» របស់ខ្លួន នូវលិខិត​សរសេរដោយលោក សម រង្ស៊ី ដែលខុសប្លែក​ពីពេលកន្លងមក ដែលឧស្សាហ៍ឃើញ​លិខិតរបៀបនេះ តែងមានវត្តមាននៅលើទំព័រកាសែត។

យ៉ាងណា លោក សម រង្ស៊ី អះអាងថា លោកមិន​បានចោទ​​ទៅលើបណ្ដា​អ្នកសារព័ត៌មាន ដែលធ្វើការ​នៅក្នុងស្ថាប័ន​មួយនេះទេ។ តបទៅនឹងប្រិយមិត្តម្នាក់ ដែលលើក​ឡើងថា មេដឹកនាំប្រឆាំង​គប្បីមានសមានចិត្ត​យ៉ាងហោចណាស់ ចំពោះបុគ្គលិកចាស់ៗជាច្រើន ដែលកំពុង​បន្តការងារ ជាមួយម្ចាស់ស្ថាប័នភ្នំពេញប៉ុស្ដិ៍ថ្មីនោះ លោក សម រង្ស៊ី បានបញ្ជាក់ថា៖

«ខ្សែបន្ទាត់នៃការផ្សាយ ដែលលំអៀងខ្លាំង = Fake News។ ខ្ញុំនៅតែសំដែងការគោរពដ៏ខ្ពង់ខ្ពស់បំផុត ទៅដល់បុគ្គលិកជាច្រើន ដែលធ្វើការនៅទីនោះ។»៕

ទេព សុបិន្ត

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកជាខ្មែរ-កាណាដា និងមានជំនាញខាងព័ត៌មានអន្តរជាតិ និងព័ត៌មានក្នុងតំបន់អាមេរិកខាងជើង។