កម្ពុជា

RSF ៖ ហ៊ុន សែន មិនត្រូវ​ប្រើ​លេស​«Covid-19»​ដើម្បី​បិតមាត់​អ្នកកាសែត

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF /RWB) ដែលមានទីតាំងធំ​ ក្នុងរដ្ឋធានីប៉ារីស (បារាំង) បានចេញសេចក្ដីថ្លែងការណ៍មួយ ទាមទារទៅដ្ឋាភិបាលលោក ហ៊ុន សែន មិនត្រូវប្រើ«លេស» នៃជំងឺ«Covid-19» ដើម្បីបំបិតមាត់អ្នកសារព័ត៌មាន ដែលមិនធ្វើ​តាមរដ្ឋាភិបាល ទាំងងងឹតងងុល​នោះឡើយ។

សេចក្ដីថ្លែងការណ៍ របស់អង្គការអន្តរជាតិ ដែលមានជំនាញ ខាងឃ្លាំមើលសិទ្ធិសេរីភាព អ្នកសារព័ត៌មាន នៅជុំវិញពិភពលោក បានធ្វើឡើងមួយថ្ងៃក្រោយការចាប់ខ្លួន លោក សុវណ្ណ រិទ្ធី អ្នកកាសែតក្នុងស្រុកមួយរូប ពីបទញុះញង់ ដោយសារតែអ្នកកាសែតរូបនោះ បានស្រង់សំដី «ទាំងស្រុង» របស់លោក ហ៊ុន សែន មកផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។

សំដីទាំងស្រុង របស់លោក ហ៊ុន សែន ដែលត្រូវបានដកស្រង់ មកចុះផ្សាយនោះ ជាការធ្វើអត្ថាធិប្បាយ របស់បុរសខ្លាំងកម្ពុជារូបនេះ នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ជុំវិញវិធានការរបស់រដ្ឋាភិបាលលោក ក្នុងការគ្រប់គ្រង និងដោះស្រាយវិបត្តិ «Covid-19»។ ការដកស្រង់សំដីនោះ មានអត្ថន័យដើម ដូច្នេះថា៖

«បើអ្នកម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ។»

តែសម្រាប់អាជ្ញាធក្រុងភ្នំពេញ សំដីលោក ហ៊ុន សែន ដែលត្រូវបានដកស្រង់ ទាំងដើមទាំងចុង យកមកចុះផ្សាយខាងលើនេះ ជាការញុះញង់បង្កភាពវឹកវរ ដល់សន្តិសុខសង្គម។ លោក សុវណ្ណ រិទ្ធី ត្រូវបានចាប់ខ្លួន ក្នុងយប់ថ្ងៃអង្គារដដែល (ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០) និងបន្ទាប់មក ត្រូវបានបញ្ជូន មកកាន់សាលាដំបូងរាជធានី នៅរសៀលថ្ងៃនេះ (ថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២០)។

លោក សុវណ្ណ រិទ្ធី ដែលជាចាងហ្វាងសារព័ត៌មាន «TVFB» ដែលផ្សព្វផ្សាយ នៅតាមគេហទំព័រ និងនៅលើបណ្ដាញសង្គម អាចនឹងជាប់ពន្ធនាគារ យ៉ាងហោច ២ឆ្នាំ។ នេះ បើតាមក្រមព្រហ្មទណ្ឌកម្ពុជា ដែលត្រូវគេស្គាល់ថា ជាមធ្យោបាយយ៉ាងណែនដៃ របស់របបដឹកនាំក្រុងភ្នំពេញ ដើម្បីប្រឆាំង​នឹងក្រុមអ្នករិះគន់។

ខណៈលោក សុវណ្ណ រិទ្ធី នៅមិនទាន់តុលាការរកឃើញ ឬបញ្ជាក់ពីទោសកំហុស នៅឡើយនោះ អាជ្ញាប័ណ្ណរបស់ស្ថាប័ន «TVFB» របស់លោក ត្រូវបានក្រសួងព័ត៌មានលប់ចោល ក្នុងថ្ងៃពុធ ទី៨ ខែមេសានេះ ក្រោមការចោទប្រកាន់តែមួយ ទៅនឹងការចោទប្រកាន់ ពីសំណាក់កងកម្លាំងនគរបាលរាជធានី។

«ដោះលែងជាបន្ទាន់ និងប្រគល់អាជ្ញាប័ណ្ណឡើងវិញ»

នៅចំពោះហេតុការណ៍ខាងលើ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានចេញសេចក្ដីថ្លែងការណ៍មួយ ក្នុងយប់ថ្ងៃពុធទី៨ ខែមេសានេះ ទាមទារឲ្យដោះលែងអ្នកសារព័ត៌មានខាងលើ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ។ សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាននៅមុននេះ បានឲ្យដឹងថា៖

«អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ទាមទារឲ្យដោះលែងជាបន្ទាន់ អ្នកកាសែត (ខាងលើ) ដែលត្រូវបានចាប់ដាក់ពន្ធនាគារ ព្រោះលោកគ្រាន់តែបានផ្សព្វផ្សាយបន្ត នៅលើបណ្ដាញអ៊ិនធើណែត នូវការធ្វើអត្ថាធិប្បាយ ដែលលោក ហ៊ុន សែន ខ្លួនឯងនិយាយចេញ ក្នុងថ្ងៃតែមួយនោះប៉ុណ្ណោះ។»

«អង្គការអន្តរជាតិ ស្នើឲ្យផ្ដល់អាជ្ញាប័ណ្ណ ជូនស្ថាប័ន (TVFB) ដែលលោកបានដឹកនាំ នោះឡើងវិញ។»

លោក ដានីញែល បាស្តារ (Daniel Bastard) អ្នកទទួលខុសត្រូវ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីភិក នៃ «RSF» ត្រូវបានស្រង់សំដី មកចុះផ្សាយថា៖

«យើងអំពាវនាវ ទៅប្រព័ន្ធយុត្តិធម៌កម្ពុជា ឲ្យបញ្ចប់ជាបន្ទាន់ នូវសំណុំរឿង ដែលគួរឲ្យអស់សំណើចបំផុតនេះ  ដោយធ្វើការដោះលែងលោក សុវណ្ណ រិទ្ធី ភ្លាម (…) ការចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារ ដោយសារអ្នកសារព័ត៌មានរូបនោះ ស្រង់សំដីនាយករដ្ឋមន្ត្រី មកចុះផ្សាយ បានដើរជ្រុលហួស ពីដែនកំណត់ នៃភាពមិនសមហេតុផល។»

ដោយខណៈនេះ ជាវេលាយប់ជ្រៅ នៅប្រទេសកម្ពុជា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទងមន្ត្រីអ្នកទទួលខុសត្រូវ ឬអ្នកនាំពាក្យណាម្នាក់ ក្នុងប្រទេសកម្ពុជា ដើម្បីប្រតិកម្មតប នឹងសេចក្ដីថ្លែងការណ៍ ខាងលើបានទេ។

RSF ៖ លោក ហ៊ុន សែន មិនត្រូវប្រើ«Covid-19»ជាលេស

ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា មានចំនួនកាន់តែខ្សត់ទៅ បន្ទាប់ពីយុទ្ធនាការបិទវិទ្យុច្រើនសិប និងប្រព័ន្ធផ្សព្វផ្សាយធំៗ ដោយរដ្ឋាភិបាល កាលពីអំឡុងឆ្នាំ២០១៧។

អង្គការ «RSF» បានចេញរបាយការណ៍មួយ កាលពីឆ្នាំ២០១៨ អះអាងថា ប្រព័ន្ធផ្សព្វផ្សាយដែលអាចបន្ត​សម្លេង នៅក្នុងប្រទេសកម្ពុជា មានមួយភាគ ជាកម្មសិទ្ធិរបស់អ្នកជិតដិត និងសមាជិកគ្រួសារ លោក ហ៊ុន សែន និងមួយភាគទៀត គ្រាន់តែជា«រោងចក្រផលិតព័ត៌មានក្លែងក្លាយ» ដើម្បីជាសម្លេង «ដែលបម្រើឲ្យម្ចាស់» ប៉ុណ្ណោះ។

តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះមក គេហទំព័ររបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ដែលមានអាស័យដ្ឋាន «MONOROOM.info» ក៏មិនអាចឲ្យប្រិយមិត្តរបស់ខ្លួន ចូលទៅពិគ្រោះបានដែរ បន្ទាប់ពីទស្សនាវដ្ដីបានចុះផ្សាយ របាយការណ៍ជាច្រើន ទាក់ទងជំងឺ«Covid-19»នៅក្នុងប្រទេសកម្ពុជា និងប្រទេសចិនកុម្មុយនីស្ដិ៍។ ក្រុមអ្នកបច្ចេកទេស របស់ទស្សនាវដ្ដី បានសង្ស័យអំពីការរាំងខ្ទប់ណាមួយ ដោយអាជ្ញាធរកម្ពុជា។

សម្រាប់លោក ដានីញែល បាស្ដារ បានបន្តថា៖

«វិបត្តិជំងឺ “Covid-19” មិនគួរត្រូវយកមកប្រើ ជាលេស ដើម្បីបំបិទមាត់អ្នកសារព័ត៌មាន ដែលមិនធ្វើតាម ទាំងងងឹតងងុល នូវសុន្ទរកថា​ជាផ្លូវការ​ទាំងឡាយ របស់រដ្ឋាភិបាលនោះឡើយ៕»

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។