អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រួមនឹងអ្នកជំនាញបីនាក់ទៀត របស់អង្គការដ៏ធំនេះ បានហៅសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ដែលទើបត្រូវបានរដ្ឋសភាកម្ពុជា អនុម័ត្រយ៉ាងតក់ក្រហល់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ថាមានលក្ខណៈជាការ«រឹតត្បិតសិទ្ធិសេរីភាព» របស់ពលរដ្ឋ ដែលខុសពីកតិកាសញ្ញាអន្តរជាតិ។
ការអះអាងរបស់ក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ ធ្វើឡើងតាមរយៈលិខិត«ឧបាស្រ័យ»ជាផ្លូវការមួយ ដែលត្រូវបានផ្ញើរ ទៅកាន់រដ្ឋាភិបាលក្រុងភ្នំពេញ តាំងពីថ្ងៃទី៩ ខែមេសាកន្លងមក។
លិខិត«ឧបាស្រ័យ»នោះ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ ក្នុងថ្ងៃទី១៤ ខែមេសានេះ បានសរសេរបង្ហាញពីកង្វល់ ទាក់ទងនឹងចំណុចជាច្រើន នៅក្នុងសេចក្ដីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់ ដែលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន បង្កើតឡើង ដើម្បីអ្វីមួយ ដែលនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងខ្លួនឯងថា ជាច្បាប់បង្ការទល់នឹងការរាតត្បាត នៃជំងឺ «Covid-19»។
សម្រាប់ក្រុមអ្នកជំនាញ បានលើកឡើងនៅក្នុងលិខិតរបស់ខ្លួនថា ផ្ទុយពីការអះអាងរបស់លោក ហ៊ុន សែន ខាងលើ សេចក្ដីព្រាងច្បាប់ថ្មីមិនបានបង្ហាញ ពីវិធានការជាក់លាក់ និងចាំបាច់ ដើម្បីឆ្លើយតបនឹងវិបត្តិសុខភាពសាធារណៈនោះឡើយ។ លិខិតបានសរសេរបញ្ជាក់ពីមាត្រាជាច្រើនដែលបានចែងឡើង ផ្ដល់សិទ្ធិអំណាចដ៏ធំធេង ឲ្យរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការ (មាត្រា៥) និងធ្វើការដាក់ទោសទណ្ឌ (មាត្រា ៧ និងមាត្រា ៩) នៅពេលដែលភាពអាសន្ន ត្រូវបានប្រកាសក្នុងប្រទេស។
លិខិតរបស់ក្រុមអ្នកជំនាញ អ.ស.ប បានសរសេរទៀតថា បន្ថែមពីលើមាត្រាខាងលើ នៅមានមាត្រា១០មួយទៀត ដែលចែងឲ្យអំណាចសម្រាប់ច្បាប់ថ្មី ថារាល់«បទប្បញ្ញាត្តិទាំងឡាយណា» ដែលផ្ទុយពីច្បាប់នេះ នឹង«ត្រូវទុកជានិរាករណ៍» តែមិនបញ្ជាក់ឲ្យច្បាស់ ថាតើបទប្បញ្ញត្តិទាំងនោះ ជាអ្វីឡើយ។
អ្នកស្រី រ៉ូណា ស្មីត និងក្រុមអ្នកជំនាញ បានសរសេរថា៖
«ក្នុងខណៈដែលរដ្ឋាភិបាលរបស់លោក គ្រោងធ្វើការអនុម័ត្រ សេចក្ដីព្រាងច្បាប់ថ្មីនេះ យើងនៅតែទទូចថា វិធានការច្បាប់ ដែលសមស្រប នឹងធ្វើឱ្យមានតុល្យភាព យ៉ាងត្រឹមត្រូវ ជាមួយនឹងការគោរពសិទ្ធិមនុស្ស រួមទាំងសិទ្ធិស៊ីវិល និងសិទ្ធិនយោបាយ ដែលជាមូលដ្ឋានគ្រឹះ នៃភាពជោគជ័យ ក្នុងការឆ្លើយតប ទល់នឹងវិបត្តិសុខភាពសាធារណៈ។»
សេចក្ដីព្រាងច្បាប់ ស្ដីពីការគ្រប់គ្រងប្រទេសជាតិ ដែលស្ថិតក្នុងភាពអាសន្ន ត្រូវបានបោះឆ្នោតអនុម័ត្ររួចរាល់ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយរដ្ឋសភាកម្ពុជា ដែលមានតំណាងរាស្ត្រទាំងអស់ មកពីគណបក្សប្រជាជនកម្ពុជាតែមួយ។ ស្ថាប័នព្រឹទ្ធសភា ដែលទទួលបានសេចក្ដីព្រាងច្បាប់ ពីរដ្ឋសភា បានប្រកាសថា ខ្លួននឹងគ្រោងអនុម័ត្រច្បាប់ខាងលើ នៅក្នុងសប្ដាហ៍នេះដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងការពារសេចក្ដីព្រាងច្បាប់ខាងលើ នៅក្នុងសន្និសីទ្ធសារព័ត៌មានមួយថា គ្មានប្រទេសណាមួយ នៅលើពិភពលោក ដែលមានច្បាប់បែបនេះហើយ មិនធ្វើការរឹតត្បិតសិទ្ធិសេរីភាព របស់ពលរដ្ឋនោះឡើយ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលើបណ្ដាញសង្គម កាលពីថ្ងៃទី១០ ខែមេសាថា លោក ហ៊ុន សែន បានធ្វើ«រដ្ឋប្រហារ»ជាថ្មី តាមរយៈការធ្វើច្បាប់នេះឡើង។
មេដឹកនាំប្រឆាំង បានពន្យល់ថា បុរសខ្លាំងកម្ពុជាបានធ្វើច្បាប់ខាងលើ ដើម្បីទុកប្រើ នៅពេលគាត់ផ្ទេរអំណាចទៅឱ្យកូន ក្នុងរយៈពេល១ឆ្នាំឬ២ឆ្នាំខាងមុខ។ លោក រង្ស៊ី ថា នៅពេលផ្ទេរអំណាចនោះ លោក ហ៊ុន សែន នឹងប្រើច្បាប់នេះ ដើម្បីកម្ចាត់នរណាដែលហ៊ានប្រឆាំងនឹងបំណងរបស់គាត់ ជាពិសេសគឺមន្ត្រី ក្នុងជួរគណបក្សប្រជាជនកម្ពុជាខ្លួនឯង និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ដែលមិនពេញចិត្តរបបគ្រួសារនិយម ដែលដឹកនាំដោយគ្រួសារត្រកូល ហ៊ុន៕