កម្ពុជា

ព្រាប កុល ថា រប្បធម៌​នយោបាយ​ថ្មី មិនមែន​ជា​គណបក្ស​នយោបាយ

អតីតនាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានអះអាងថា រប្បធម៌​នយោបាយ​ថ្មី ដែលមានរូបលោក ជាអ្នកចូលរួម​ផ្ដួចផ្ដើមនោះ មិនមែនជា​គណបក្ស​នយោបាយ ហើយក៏នឹងមិនក្លាយ ជាគណបក្សនយោបាយ​នោះដែរ។

ផ្ទុយទៅវិញ ចលនារប្បធម៌​នយោបាយ​ថ្មី បានក្លាយខ្លួនរួចហើយ ទៅជាអង្គការ​សង្គម​ស៊ីវិល​មួយ ដែលទើបនឹងទទួលបានការចុះបញ្ជី ពីក្រសួងមហាផ្ទៃ។ នេះ បើតាម​ការអះអាង របស់លោកផ្ទាល់ខ្លួន នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី កាលពី មុននេះបន្តិច។

បើតាមប្រសាសន៍របស់លោក អង្គការចលនាវប្បធម៌​នយោបាយថ្មីនេះ ជា«ទម្រង់ និង​វេទិកា ដើម្បីអប់រំ​ផ្សព្វផ្សាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់បានដឹង ហើយ​សង្ឃឹមថា អ្នកនយោបាយ​ចាស់ៗ បានឮ និងយកងាក មកអនុវត្តន៍» ឬ​«អ្នកនយោបាយ​ជំនាន់ថ្មី យកទៅ​អនុវត្តន៍»។

យ៉ាងណា លោក ព្រាប កុល ដែលបង្ហាញខ្លួន នៅពេលនេះ ត្រឹមតែជា«អ្នកដាំស្ពៃ»មួយ​រូបនោះ មិនបានបង្ហាញឈ្មោះ របស់អង្គការថ្មីនោះ ហើយនឹង​ចាប់ផ្ដើម​ធ្វើ​សកម្មភាព នៅពេលណា ឲ្យច្បាស់នោះដែរ។ លោកគ្រាន់តែអះអាងថា អង្គការមួយនេះ អាចនឹង​បើក​សម្ពោធ នៅចុងខែឧសភានេះ ឬនៅដើមខែមិថុនាខាងមុខ។

អតីតនាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ថ្លែងថា៖

«យើងទុកឲ្យនាយក នៃអង្គការ[ថ្មី]ហ្នឹង ធ្វើការប្រកាស នៅពេលយើងសម្ពោធជាផ្លូវការ ក្នុងពេលឆាប់ៗ ខាងមុខ​នេះ។ យើងបានរង់ចាំរយៈពេលយូរដែរ ទម្រាំក្រសួងមហាផ្ទៃ លោក​បានអនុញ្ញាត ទទួលស្គាល់​ឲ្យមាន​ការចុះបញ្ជី ហើយយើង​បានប្រាស្រ័យ ទាក់ទង​ម្ចាស់​មូលនិធិ​​មួយចំនួន ដើម្បីត្រៀមទទួល​មូលនិធី ធ្វើសកម្មភាព (…)។»

លោក ព្រាប កុល អះអាងថា លោកមិនស្ថិតនៅក្នុង អង្គការមួយនេះទេ ដោយអះអាង​ម្ដងហើយ​ម្ដងទៀត ថានៅពេលនេះ លោកចង់ធ្វើត្រឹម ជា«អ្នកដាំស្ពៃ»ប៉ុណ្ណោះ។ តែលោក​បានរៀបរាប់ បន្ថែមថា៖

«នៅពេលដែលមាន រប្បធម៌​នយោបាយ​ថ្មី ហើយមានអ្នកនយោបាយ គាត់ចាប់ផ្ដើមធ្វើ ក្នុងទម្រង់រប្បធម៌​នយោបាយ​ថ្មី ហើយមានបងប្អូន ប្រជាពលរដ្ឋ ឬក៏អ្នកនយោបាយ គាត់​អញ្ជើញថាទេ លោក ព្រាប កុល គួរពិចារណាធ្វើនយោបាយដែរទៅ ខ្ញុំសាកគិត​មើល​ណា… ខ្ញុំមិនបដិសេធ ហើយក៏មិនថា ខ្ញុំចង់ដែរ៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។

Tags: Preap Kol