កម្ពុជា

ហ៊ុន សែន គ្រោង​«រក្សាទុក»​អាកាស​យានដ្ឋាន​ពោធ៍ចិនតុង តែមាន​មុខងារថ្មី

បើកម្ពុជាមានព្រលានយន្ដហោះថ្មី ធំនិងទំនើប ជាងព្រលានយន្ដហោះ ពោធ៍ចិនតុង តើព្រលាន​យន្ដហោះ​ចាស់មួយនេះ នឹងមានវាសនា ក្លាយជាអ្វី? លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លើយ​នឹងសំនួរនេះ ថារដ្ឋាភិបាល​លោក នឹងបន្ត​«រក្សាទុក»​​អាកាស​យានដ្ឋាន​ចាស់ ឲ្យនៅដដែល ដោយគ្រាន់តែប្ដូរ ឲ្យវាមានមុខងារថ្មីប៉ុណ្ណោះ។

លោក ហ៊ុន សែន បានយកឱកាស នៃការចុះពិនិត្យ មើល​ការដ្ឋាន​សាងសង់ អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅឃុំព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ក្នុងព្រឹកថ្ងៃចន្ទទី២២ ខែមិថុនានេះ ដើម្បីឆ្លើយតបនឹងពាក្យចចាមអារាម ដែលលើក​ឡើង​ថា ព្រលានយន្ដហោះចាស់ នឹងត្រូវកែប្រែ ឬត្រូវលក់ ដើម្បីធ្វើជាក្រុងរណបថ្មីមួយ។

បុរសខ្លាំងនៅកម្ពុជា បានបញ្ជាក់ថា៖

«តាមការគិតជាបឋមរបស់ខ្ញុំ អាចាស់ត្រូវទុកនៅ ជាព្រលានយន្ដហោះដដែល។ ប៉ុន្តែមុខងាររបស់វា [នឹងត្រូវប្ដូរ ឬបន្ថែម]។»

លោកបានបង្ហាញ ពីមុខងារថ្មី​របស់​ព្រលានយន្ដហោះ ពោធ៍ចិនតុង (ចាស់) ដូច្នេះថា៖

«ទីមួយ ជាព្រលានយន្ដហោះយោធា សម្រាប់កងទ័ពដដែល យើងមិនអាច​យកព្រលាន​យោធា មកដាក់នៅនេះ (ទីតាំងព្រលានថ្មី) ទេ។ ទីពីរ ការហោះហើរផ្ទៃក្នុង ដែលយើងនឹង​មានព្រលានយន្ដហោះ កាន់តែច្រើន ដែលប្រជាជនមានលុយ ដើម្បី​ជិះយន្ដហោះ (…) ទីបី យើងប្រើសម្រាប់ការដឹកជញ្ជូន សម្ភារៈទំនិញ តាមផ្លូវអាកាស។»

«ឯចុងក្រោយ ប្រើប្រាស់សម្រាប់ “Jet Fly – Private Jet” គឺបានសេចក្ដីថា ក្នុងតំបន់​របស់យើង គេមាន​យន្ដហោះ​ច្រើនណាស់ ខ្វះកន្លែងដាក់ (ចត) យើងអាចរៀបចំមូលដ្ឋាន គេអាចយក​យន្ដហោះ មកផ្ញើរ​ជាមួយ​យើង បើយើងមាន​មូលដ្ឋានល្អ។ ហើយ [ចុងក្រោយ​មួយទៀត] សម្រាប់​ការ​អញ្ជើញ​​មកដល់ នៃឥស្សរជនជាន់ខ្ពស់ ជាព្រះមហាក្សត្រ ជា​ប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រី មកធ្វើ​ទស្សនកិច្ច គឺចុះ​នៅ​ពោធ៍ចិនតុង​ដដែល៕»

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។