កម្ពុជា

រូបថត​ព្រះសង្ឃ​លុតជង្គង់​សំពះ ហេង សំរិន បង្ក​ឲ្យផ្ទុះ​រឿង​អាស្រូវ

បើទោះជាព្រះសង្ឃនៅក្នុងហេតុការណ៍ នៃការលុតជង្គង់សំពះលោក ហេង សំរិន ត្រូវបានឧបករណ៍ឃោសនាក្នុងស្រុក ស្រង់ថេរដីកាមកបកស្រាយយ៉ាងណាក៏ដោយ ក៏ទិដ្ឋភាពរបៀបនេះបង្ហាញពីសីលធម៌ នៃសង្គមបច្ចុប្បន្នក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន។ នេះ បើតាមការលើកឡើងព្រោងព្រាត របស់មនុស្សជាច្រើន នៅលើបណ្ដាញសង្គម។

ហេតុការណ៍បានផ្ទះឡើងខ្លាំងក្លា នៅចុងសប្ដាហ៍នេះ បន្ទាប់ពីរូបថតប៉ុន្មានសន្លឹក ត្រូវបានបង្ហោះ​នៅពាសពេញបណ្ដាញសង្គម និងមានការចែករំលែកបន្តបន្ទាប់គ្នា។ រូបថតទាំងនោះ បានបង្ហាញឲ្យឃើញព្រះសង្ឃមួយអង្គ កំពុងលុតជង្គង់សំពះទទួលទាន ពីលោក ហេង សំរិន ប្រធានរដ្ឋសភាឯកបក្ស នៃរបបដឹកនាំក្រុងភ្នំពេញសព្វថ្ងៃ។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដ៏ច្រើនសន្ធឹកសន្ធាប់ បានរិះគន់លោក ហេង សំរិន ថាកំពុងជាន់ឈ្លីសាសនា និងរដ្ឋធម្មនុញ្ញរបស់ប្រទេស ខណៈរូបលោកជាប្រធានស្ថាប័នមួយ ដែលបង្កើត និងអនុម័តច្បាប់។ ទស្សនាវដ្ដីសូមដកស្រង់យកមតិទាំងនោះ មកជម្រាបជូនប្រិយមិត្ត ដូចខាងក្រោម។

នៅចំពោះរលកនៃការរិះគន់ ដ៏ខ្លាំងក្លានោះ មានប្រិយមិត្តជាច្រើនផ្សេងទៀត បានចេញមុខមកការពារលោក ហេង សំរិន វិញ ដោយដំបូងឡើយ ក្រុមនោះបានព្យាយាមនិយាយថា រូបថតទាំងនោះ ជារូបភាពកាត់ត។ ប៉ុន្តែនៅទីបំផុត ពួកគេបានទទួលស្គាល់ថាជារូបពិត និងបានទម្លាក់កំហុស ទៅលើអ្នកថតរូប ដែលថតរួចយកទៅបង្ហោះ ទាំងគ្មានការពិចារណា (ឬដោយគោលបំណងណាមួយ)។

យ៉ាងណាព្រះសង្ឃដែលលុតជង្គង់ទទួលទាននោះ បានចេញព្រះភ័កមកបកស្រាយថា ទង្វើរបស់ព្រះតេជគុណ ដែលលុតជង្គង់នៅមុខលោក ហេង សំរិន នោះ មិនមែនជាការបង្គាប់បញ្ជារបស់ប្រធានរដ្ឋសភានោះឡើយ តែជាការប្រព្រឹត្តដោយព្រះអង្គឯង។ ព្រះភិក្ខុ បានបន្តសង្ឃដីកាថា ដោយហេតុមានចិត្តសប្បាយ រំភើបរីករាយខ្លាំងពេក នៅពេលដែលលោក ហេង សំរិន ធានាជួយសាងសង់ព្រះវិហារ ក្នុងវត្តដែលស្ថិតនៅចុងកាត់មាត់ញក នៅព្រំដែន កម្ពុជា-វៀតណាម ទើបធ្វើឲ្យព្រះតេជគុណភ្លេចខ្លួនថា ជាសង្ឃ (SIC)។

វីដេអូបកស្រាយរបស់ព្រះតេជគុណ នៅក្នុងហេតុការណ៍៖

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។