កម្ពុជា

ក្រុងភ្នំពេញ​ព្រមាន​ចាត់វិធានការ ប្រឆាំង​ការជួបជុំ​ធ្វើបុណ្យ​ឧទ្ទិសជូន កែម ឡី

ជនទាំងឡាយណា ដែលជួបជុំគ្នា ដើម្បីធ្វើបុណ្យឧទ្ទិស ឬបុណ្យគម្រប់ខួប៤ឆ្នាំ នៃ​មរណភាព​​លោក កែម ឡី នៅ​បរិវេណ​ស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ នឹងរង​ការចាត់​វិធានការ ពីសំណាក់អាជ្ញាធរ។ នេះ បើតាមការលើកឡើង របស់អាជ្ញាធរ​ខណ្ឌ​ចំការមន នៅក្នុងសេចក្ដីប្រកាស​ព័ត៌មាន​មួយ ចុះថ្ងៃអង្គារ ទី៧ ខែកក្កដានេះ។

សេចក្ដីប្រកាសនោះ បានធ្វើ​ការព្រមាន​ដូច្នេះ បន្ទាប់ពីមានព័ត៌មាន បានផ្សាយឲ្យដឹង​ថា នឹងមាន​ការរៀបចំ​ពិធីជួបជុំ គម្រប់ខួប៤ឆ្នាំ នៃមរណភាពរបស់លោក កែម ឡី ដែល​ត្រូវ​ចាប់ធ្វើ​ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ នៅបរិវេណស្ថានីយ​ប្រេងឥន្ធនៈ កាល់តិច ស្តុបបូកគោ ស្ថិតនៅក្នុងភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌ​ចម្ការមន រាជធានី​ភ្នំពេញ។

ប្រភពជាច្រើន​បានអះអាងថា បើសិនជាមានការជួបជុំនោះ វាគ្រាន់តែការជួបជុំ ដើម្បី​ធ្វើ​ពិធីសាសនា​តូចតាច ជាលក្ខណៈឯកជនប៉ុណ្ណោះ មិនមែនជួបជុំគ្នា ដើម្បីធ្វើ​បាតុកម្ម​នោះទេ។ សិទ្ធិធ្វើពិធីសាសនា ឬពិធីជំនឿអ្វីមួយ ត្រូវបានការពារ នៅក្នុងរដ្ឋធម្មនុញ្ញ​កម្ពុជា។

ប៉ុន្តែអាជ្ញាធរខណ្ឌចំការមក បានលើកហេតុផលមកសំអាងថា គឺដោយសារ​មានការស្នើសុំ​ពីម្ចាស់​ស្ថានីយ​ប្រេងឥន្ទនៈ – ដើម្បីធានាសន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ – យោងតាម​ច្បាប់​​​ស្ដីពី​ការធ្វើ​បាតុកម្ម ដោយសន្តិវិធី (អ្នកចង់សម្ដែងមតិ ត្រូវជួបជុំនៅ ទីលាន​ប្រជាធិបតេយ្យ) និងដោយសារ​ស្ថានភាពជំងឺកូវីដ១៩ ដែលក្រសួងសុខាភិបាល បានបិទ​នូវការ​ជួបជុំ គ្រប់ប្រភេទ​នៅទូទាំងប្រទេស។

សេចក្ដីជូនដំណឹង បានអះអាងថា សាលាខណ្ឌមួយនេះ គ្មានជម្រើសអ្វី ក្រៅពីចាត់​វិធានការ ទៅលើ​រាល់​ការជួបជុំ​ទាំងនោះ។ សេចក្ដីជូនដំណឹង បានសរសេរថា៖

«រដ្ឋបាលខណ្ឌគ្មានជម្រើសអ្វី ក្រៅពីការអនុវត្ត​វិធានការរដ្ឋបាល និងវិធានការច្បាប់ ចំពោះ​ជនទាំងឡាយណា ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។»

អ្នកវិភាគ និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ ត្រូវបានឃាតករ​ឈាម​ត្រជាក់​បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅខណៈលោក កំពុង​ទទួលទាន​កាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃ​ស្ថានីយ​ចាក់ប្រេងឥន្ទនៈខាងលើ។ មកដល់ថ្ងៃនេះ មានតែបុរស អឿត អាង ហៅ ជួប សម្លាប់ តែម្នាក់គត់ ដែលត្រូវបាន​ចាប់​ខ្លួន និងផ្ដន្ទាទោស នៅចំពោះអំពើ​មនុស្សឃាត​ខាងលើ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។