កម្ពុជា

ផែង វណ្ណៈ នឹង​ត្រូវ​ដោះលែង នៅថ្ងៃ​ស្អែក បន្ទាប់ពី​សរសេរ​លិខិត​«សុំទោស»

មន្ត្រីយោធាពាក់ស័ក្ដិ៤កន្លះ លោក ផែង វណ្ណ ដែលគេស្គាល់ថា ជាអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បី នឹងត្រូវដោះលែង ឲ្យមានសេរីភាព នៅថ្ងៃអង្គារថ្ងៃទី១៨ ខែមិថុនាស្អែក បន្ទាប់ពីតុលាការរាជធានី បានសម្រេចក្នុងព្រឹកថ្ងៃចន្ទទី១៧ ខែមិថុនានេះ ផ្ដន្ទាទោសអ្នកគាំទ្រលោក ហ៊ុន សែន ដ៏មុតមាំរូបនេះ ដាក់ពន្ធនាគារ១ឆ្នាំ តែអនុវត្តទោសត្រឹមតែ២ខែ ១៥ថ្ងៃ និងពិន័យជាប្រាក់ ៤លានរៀល។

សាលក្រមខាងលើ ពីសំណាក់សាលាដំបូងរាជធានី មានសភាពស្រាលជាទម្ងន់ទោស ដែលត្រូវបានចែងឡើង ដោយក្រមព្រហ្មទណ្ឌកម្ពុជា និងខុសពីទម្លាប់ របស់តុលាការមួយនេះ ដែលតែងប្រកាសផ្តន្ទាទោសធ្ងន់ធ្ងរ ប្រឆាំងចុងបណ្ដឹងផ្សេងទៀត ដែលភាគច្រើនជាសកម្មជន ឬមន្ត្រីគណបក្សប្រឆាំង។

ក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ត្រង់មាត្រា៣០៥ បានចែង​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ ដែល​បានកំណត់ ​ពី​ការពិន័យ​ជា​ប្រាក់ ពី១​សែន​រៀល ទៅ១០​លាន​រៀល​ ខណៈមាត្រា៤៩៥ បានចែង​ពីបទញុះញង់ ​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ ចន្លោះ​ពី៦​ខែ ទៅ២​ឆ្នាំ​។​

ទីបំផុត លោក ផែង វណ្ណៈ នឹង​ត្រូវ​ដោះលែង …

លោក ផែង វណ្ណៈ រងបណ្ដឹងពីនាយករដ្ឋមន្ត្រីកម្ពុជា ជុំវិញការបង្ហោះមួយលើបណ្ដាញសង្កម ក្នុងថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩។ ការបង្ហោះនោះ មានលក្ខណៈជាការប្រៀបធៀប ការយកប្រាក់ទៅចូលបុណ្យសពជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ថាមិនខុសគ្នា ពីការចូលបុណ្យធ្វើចេតិយ៍សពលោក កែម ឡី ពីសំណាក់មេកាសែត «Fresh News» ដែលតំណាងឲ្យលោក ហ៊ុន សែន កាលពីពេលកន្លងមកនោះទេ។

មេធាវីការពារក្ដីឲ្យនាយករដ្ឋមន្ត្រី លោក គី តិច បានសរសេរនៅក្នុងពាក្យបណ្ដឹងថា លោក ផែង វណ្ណៈ មានផែនការច្បាស់លាស់ និងចេតនាទុច្ចរិតពិតប្រាកដ ធ្វើការប្រៀបធៀបនោះ ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុស ទៅលើបុរសខ្លាំងកម្ពុជា ថាជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី។

ក្រោយការដាក់ពាក្យបណ្ដឹងនោះ និងនៅក្នុងថ្ងៃតែមួយ លោក ផែង វណ្ណៈ ត្រូវបានកងកម្លាំងរាជអាវុធហត្ថឃាត់ខ្លួន មុននឹងត្រូវបានតុលាការបង្គាប់ ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន រហូតមកដល់ថ្ងៃនេះ។

ក្រៅពីរឿងរ៉ាវក្ដីក្ដាំ ជាមួយបុរសខ្លាំងកម្ពុជា លោក ផែង វណ្ណៈ នៅ​រង​បណ្តឹង​​ចំនួន៣សំនុំរឿងទៀត៖ (១) បណ្ដឹងរបស់លោក ​ពេជ្រ ​ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ (២) បណ្តឹងរបស់​សារព័ត៌មាន «Fresh News» ទៅកាន់សាលាដំបូង ប្តឹង​ទារ​សំណង ៥០​ម៉ឺន​ដុល្លារ និង ​(៣) បណ្តឹង​របស់លោក ខាន់​ សុវណ្ណ អ្នកប្រើប្រាស់បណ្ដាញសង្កមមួយរូប ទៅកាន់សាលាដំបូង ប្តឹងទារ​សំណង ១​លាន ២១​ម៉ឺន​ដុល្លារ។

គ្រប់បណ្ដឹងទាំងអស់ មានស្ថានបទចោទប្រហាក់ប្រហែលគ្នា គឺបទ«ជេរប្រមាថ បរិហារកេរ្តិ៍ ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ ឬគម្រាមថាសម្លាប់»។

«សារភាព និងសុំទោស»

ផ្ទុយពីការអះអាង របស់លោក ផែង វណ្ណៈ ដែលថាលោកនឹងតស៊ូ នៅចំពោះប្រព័ន្ធយុត្តិធម៌កម្ពុជា ដើម្បីស្វែងរកយុត្តិធម៌ សម្រាប់ខ្លួនលោកនោះ មន្ត្រីយោធារូបនេះបានឆ្លើយនៅក្នុងតុលាការ ទទួលយកទោសកំហុស ដោយហៅការបង្ហោះរបស់លោក នៅលើបណ្ដាញសង្គម ថាមានភាពមិនសមរម្យចំពោះលោក ហ៊ុន សែន។

កាលពីប៉ុន្មានថ្ងៃមុន អ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីរូបនេះ បានសរសេរលិខិត ទៅ«សុំទោស»លោក ហ៊ុន សែន អំពីអ្វីដែលលោកហៅថា ជា«ការឆ្គាំឆ្គង» ព្រោះ«ការឆេវឆាវ» និង«កង្វះការពិចារណា»។ លោក ផែង វណ្ណៈ សរសេរថា៖

«ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃ នៃប្រជាជនកម្ពុជា៕»

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។