កម្ពុជា

ជំនិត កឹម សុខា ថា​ស្រុក​ខ្មែរ​«មាន​សិទ្ធិ​សម្តែង​មតិ​ពេញលេញ»

លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានថ្លែងអះអាងថា ស្រុកខ្មែរ«គោរពគោលការណ៍ប្រជាធិបតេយ្យ» និង«មានសិទ្ធិសម្ដែងមតិពេញលេញ»។ ការថ្លែងរបស់លោក ធ្វើឡើងតបទៅនឹងការរិះគន់ របស់ប្រិយមិត្តម្នាក់ ដែលទំនងជាមិនពេញចិត្ត នឹងសេចក្ដីថ្លែងការណ៍មួយ របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលចេញផ្សាយ កាលពីម្សិលម៉ិញ។

សេចក្ដីថ្លែងការណ៍នោះ បានប្រកាសមិនទទួលស្គាល់សន្និសីទ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១ និងទី២ ខែធ្នូនេះ ក្នុងក្រុង អាត្លង់តា សហរដ្ឋអាមេរិក ពីសំណាក់ក្រុមមួយ ដែលគេជឿថា មានទំនោរស្និតនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ។ សេចក្ដីថ្លែងការណ៍បានហៅការរៀបចំសន្និសីទនេះ ថាជាការបំបែកបំបាក់គណបក្សសង្គ្រោះជាតិ របស់ក្រុមចលនាសង្ក្រោះជាតិ។

ប៉ុន្តែខ្លឹមសារ នៃសេចក្ដីថ្លែងការណ៍ ដែលត្រូវបានលោក មុត ចន្ថា យកមកបង្ហោះបន្ត នៅលើគណនីហ្វេសប៊ុករបស់លោក មិនបានបង្កក្ដីសោមនស្ស ទៅដល់អ្នកផងទាំងឡាយនោះឡើយ។ ប្រិយមិត្តម្នាក់ ដែលដាក់ឈ្មោះ «Pheaktra Tun» នៅលើបណ្ដាញសង្គម បានរិះគន់ទង្វើលោក មុត ចន្ថា ដោយប្រៀបធៀបមនុស្សជំនិត របស់លោក កឹម សុខា រូបនេះ ទៅនឹងលោក ស៊ុត ឌីណា អតីតមន្ត្រីចុះចូល និងជាអតីតឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលសព្វថ្ងៃ ត្រូវបានរបបក្រុងភ្នំពេញ ចាប់ដាក់ពន្ធនាគារ ជុំវិញការពាក់ព័ន្ធ នឹងការប្រព្រឹត្តិ​អំពើពុករលួយ។

លោក «Pheaktra Tun» បានសរសេរថា៖ «មុត ចន្ថា និង ស៊ុត ឌីណា ជាមនុស្សសន្តានតែ១ទេ»។

ទំនងជាក្ដៅស្លឹកត្រជៀក លោក មុត ចន្ថា បានសរសេរតបវិញថា៖ «ខ្ញុំសន្តានមនុស្ស ចុះលោកសន្តានស្អីដែរ? ម៉េចមិនទៅរស់នៅយួន ឬចិនទៅ បើឲ្យតែគេមានគំនិតផ្ទុយ ចាត់ទុកគេជាមនុស្សមិនល្អនោះ។ លោកមិនគួររស់នៅស្រុកខ្មែរទេ ព្រោះស្រុកនេះគោរពគោលការណ៍ប្រជាធិបតេយ្យ និងមានសិទ្ធិសម្តែងមតិពេញលេញ។»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។