អាស៊ី-ប៉ាស៊ីភិក

ទាហាន​កូរ៉េខាងជើង​ម្នាក់ ផ្ដាច់​ខ្លួនរត់​ចូល​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង

ទាហាន​កូរ៉េខាងជើង​ម្នាក់ បានផ្ដាច់ខ្លួន ចូលមកក្នុងទឹកដី នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ។ នេះ បើតាមការប្រកាស របស់កងទ័ពកូរ៉េខាងត្បូង ហើយត្រូវបានដកស្រង់ យកមកផ្សព្វផ្សាយបន្ត ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP»។

សេចក្ដីរាយការណ៍ បានអះអាងបន្ថែមថា ការផ្ដាច់ខ្លួនលើកនេះ មិនទទួលបានប្រតិកម្មអ្វីសោះ ពីសំណាក់កងទ័ពកូរ៉េខាងជើង ដែលខុសពីទម្លាប់មុនៗ តែវាជាការផ្ដាច់ខ្លួន ដែលធ្វើឡើង ក្នុងពេលដែលទំនាក់ទំនង នៃប្រទេសទាំងពីរ កំពុងមានសភាពធូរស្រាល ជាងពេលណាៗទាំងអស់។

កាលពីចុងខែតុលា នៅក្នុងជំនួបកំពូលមួយ ដែលធ្វើឡើងនារដ្ឋធានី ព្យុងយ៉ាង (កូរ៉េខាងជើង) ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេ-អ៊ីន (Moon Jae-in) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong-Un) បានសម្រេចរួមគ្នា អំពីកិច្ចព្រមព្រៀងយោធាមួយ ដាក់បញ្ចប់នូវ «ទង្វើអមិត្រទាំងឡាយ – តំបន់ហាមឃាត់ការហោះហើរ នៅតាមបណ្ដោយព្រំដែន» និងលប់ចោល នូវប៉មយាមចំនួន ២២កន្លែង ដែលដាក់ពង្រាយ នៅនៅក្បែរព្រំដែន។ ប៉មយាម១១កន្លែង ពីក្នុងចំណោម២២កន្លែង នឹងត្រូវកំទេចចោល ពីពេលនេះ រហូតដល់ចុងខែវិច្ឆិកា។

កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅ (២០១៧) ទាហានកូរ៉េខាងជើងម្នាក់ អាយុ២៤ឆ្នាំ បានរងរបួសធ្ងន់ធ្ងរ ដោយសារគ្រាប់កាំភ្លើង របស់កងកម្លាំងល្បាតព្រំដែន របស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីទាហានរូបនោះ បានផ្ដាច់ខ្លួន និងរត់ឆ្លងបន្ទាត់ព្រំដែន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង។ ការផ្តាច់ខ្លួនផ្សេងទៀត ក៏បានកើតឡើងដែរ នៅក្នុងខែធ្នូ ឆ្នាំកន្លងទៅនោះដដែល៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។