កម្ពុជា

អង្គការ​មាតាធម្មជាតិ នឹង​បញ្ចេញ​វីដេអូថ្មី​​ស្ដីពី​«ភ្នំសម្រាម»​នៅ​ក្រុងព្រះសីហនុ

អង្គការ«មាតាធម្មជាតិ» ដែលមានលោក អាឡិច ហ្គន់សាឡេស ដេវិតសុន ជាស្ថាបនិក និងដែលត្រូវរបបដឹកនាំលោក ហ៊ុន សែន បណ្ដេញចេញពីកម្ពុជា បានប្រកាសថា នឹងចេញវីដេអូមួយទៀត នៅចុងសប្ដាហ៍ខាងមុខ ជាមួយនឹងប្រធានបទថ្មី៖ «ភ្នំសម្រាម» ដ៏គួរឲ្យភ្ញាក់ផ្អើល នៅក្រុងព្រះសីហនុ។

នៅលើទំព័រផ្លូវការ របស់អង្គការនេះ សេចក្ដី​ប្រកាសព័ត៌មានមួយ បានឲ្យដឹងថា៖

«ក្រុងព្រះសីហនុ ជាទីស្រលាញ់របស់យើង ដែលរបបក្រុងភ្នំពេញ តែងតែចូលចិត្ដអួតសរសើរថា ជាតារារះនាទិសនិរតី កំពុងតែដើរឆ្ពោះ ទៅជាទីក្រុង ដែលសំបូរទៅដោយ កាស៊ីណូច្រើនជាងគេ នៅលើពិភពលោក។»

«ក្រោមចក្ខុវិស័យ នៃការអភិវឌ្ឍន៍ របស់របបក្រុងភ្នំពេញ ទីក្រុងមួយនេះ ក៏បានប្រែក្លាយជាទីក្រុង ដែលពោរពេញទៅដោយគំនរសម្រាម ដ៏ច្រើននៅគ្រប់ទីកន្លែង ផងដែរ។»

អង្គការខាងលើ បានអះអាងថា នឹងបញ្ចេញវីដេអូនោះ នៅថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៩ខាងមុខ ដែលបង្ហាញជូន ដោយសកម្មជនបរិស្ថាន លោក ថុន រដ្ឋា។ វីដេអូស្ដីពី​«ភ្នំសម្រាម»​នោះ នឹងទាមទារឲ្យមានចម្លើយ ពីអាជ្ញាធរពាក់ព័ន្ធនោះផង។

សកម្មជនបរិស្ថាន លោក ថុន រដ្ឋា ធ្លាប់បានបញ្ចេញវីដេអូ កាលពីដើមខែធ្នូកន្លងទៅ ទាក់ទងទឹកសំអុយ ដែលត្រូវបានបង្ហូរចេញពីសណ្ឋាគារ កាស៊ីណូថ្មីៗ ចូលទៅក្នុងទឹកសមុទ្រ នៅក្រុងព្រះសីហនុ។ លោក រដ្ឋា បានរកឃើញថា ទឹកសមុទ្រដែលមានទទួលទឹកសំអុយនោះ មានផ្ទុកសារជាតិ និងមេរោគ ពោរពេញដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរដល់សុខភាព ប្រសិនណាជាមនុស្ស បានចុះលេងទឹក ឬងូតទឹកសមុទ្រ។

លោក ថុន រដ្ឋា បានថ្លែង​នៅលើទំព័រហ្វេសប៊ុក​ផ្ទាល់ របស់លោកថា៖

«ដរាបណា បញ្ហានៅតែកើតមាន ចំពោះប្រទេស​ដ៏កំសត់មួយនេះ ខ្ញុំនៅតែបន្ដលាតត្រដាង ដើម្បីជំរុញ ឲ្យមានដំណោះស្រាយ ពីស្ថាប័នពាក់ព័ន្ធជាដាច់ខាត ហើយជាពិសេស ដំណោះស្រាយ គឺមិនមែនធ្វើឲ្យតែល្អមើលទេ គឺត្រូវតែមានគុណភាព និងអាចទទួលយកបាន។»៕

ក. ឈូករ័ត្ន

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង ឈូករ័ត្ន មានជំនាញខាងការស្រាវជ្រាវ វិទ្យាសាស្ត្រ និងជីវិត។