កម្ពុជា

សង្ឃ ហោ សុខុន ត្រូវបាន​«ចាប់ផ្សឹក»​ក្នុងយប់ថ្ងៃពុធនេះ

ព្រះចៅអធិការវត្តច្បារអំពៅ ព្រះតេជគុណ ហោ សុខុន ត្រូវបានក្រុមអាជ្ញាធរ នាំចេញពីវត្ត ដើម្បី«ចាប់ផ្សឹក»​ក្នុងយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។ ប្រភពស្និតនឹងដំណើររឿង បានឲ្យដឹងថា សង្ឃទីប្រឹក្សា ហោ សុខុន ត្រូវបានផ្សឹក នៅវត្តបុទុមវតី ដោយមានវត្តមានសម្តេចសង្ឃនាយក នន្ទ ង៉ែត និងមន្ត្រីថ្នាក់ដឹកនាំសង្ឃ ជាច្រើនអង្គផ្សេងទៀត។

ប្រភពមិនបានអះអាងលំអិតថា តើការចាប់ផ្សឹកនេះ បណ្ដាលពីព្រះសង្ឃអង្គនេះ បានប្រព្រឹត្តិទង្វើអ្វីទេ ដោយគ្រាន់តែបញ្ចាក់ថា ព្រះសង្ឃ ហោ សុខុន បានធ្វើ«ខុសធម៌វិន័យ»។

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ព្រះសង្ឃ ហោ សុខុន បានក្លាយជាចំណុចកណ្ដាលមួយ នៃការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ព្រះអង្គ នូវសារដ៏វែងអន្លាយមួយ មានន័យបញ្ចើចបញ្ចើរលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ ដែលក្រោយមក ត្រូវបានបុរសខ្លាំងទីពីរ​​នៃរដ្ឋាភិបាល​ក្រុងភ្នំពេញ​រូបនេះ បដិសេធមិនទទួលយក ដោយលោក​អះអាងថា អាចជាកលល្បិច ដើម្បីបំបែកបំបាក់​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា។

នៅចំពោះប្រតិកម្មដោយផ្ទាល់ ពីសំណាក់លោក ស ខេង ព្រះសង្ឃ ហោ សុខុន បានចេញព្រះភ័ក្រ​មកអះអាងវិញថា ព្រះអង្គមិនមានបំណងដូច្នេះទេ និងគ្រាន់តែសំដែង នូវទឹកចិត្តស្រឡាញ់​លោក ស ខេង ដោយស្មោះសរប៉ុណ្ណោះ។

ដំណើររឿងលំអិតបន្ថែមទៀត ជុំវិញការចាប់ផ្សឹកព្រះសង្ឃ ហោ សុខុន នឹងមានផ្សាយបន្តទៀត នៅក្នុងអត្ថបទលើកក្រោយ៕

ដារារិទ្ធ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោក ដារារិទ្ធិ មានជំនាញខាងព័ត៌មានក្នុងស្រុក អង្កេត និងធ្វើបទយកការណ៍។